បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រីស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ដើម្បីឱ្យដំណើរការបច្ចេកទេសបំផ្ទុះយកថ្មភ្នំ និងការគ្រប់គ្រង សម្ភារៈឱ្យបានត្រឹមត្រូវ នៅតាមការដ្ឋានបំផ្ទុះ និងវាយយកថ្មនៅលើទឹកដីខេត្តបន្ទាយមានជ័យទាំង៦ទីតាំងនោះបានដឹកនាំកម្លាំងនគរបាលជំនាញចុះទៅធ្វើការត្រួតពិនិត្យតាមទីតាំងនីមួយៗថា តើម្ចាស់ការដ្ឋានទាំងនោះបានអនុវត្តដូចអ្វីដែលអាជ្ញាធរ និងសមត្ថកិច្ចកំណត់ជូនដែរ ឬមួយយ៉ាងណា ។
កម្លាំងនគរបាលការិយាល័យគ្រប់គ្រងជាតិផ្ទុះ និងយុទ្ធភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ចាន់ ដារ៉ា ស្នងការរងទទួលផែន សហការជាមួយកម្លាំងនគរបាលមូលដ្ឋានតាមបណ្ដាស្រុកចុះទៅធ្វើការត្រួតពិនិត្យនៅតាមការដ្ឋានបំផ្ទុះយកថ្មទាំង៦ទីតាំងជាបន្តបន្ទាប់។
លោក អាត់ ខែម បានថ្លែងប្រាប់ឱ្យដឹងថា ដោយមានការណែនាំពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាអភិបាលខេត្តលើការពង្រឹងបញ្ហាសន្ដិសុខតាមមូលដ្ឋាននិងជៀសវាងផលប៉ះពាល់ ដែលបណ្ដាលមកពីការដ្ឋានបំផ្ទុះយកថ្មទាំងនេះ លោកបានចាត់តាំងឱ្យនគរបាលជំនាញចុះត្រួតពិនិត្យលើការទុកដាក់រំសេវ និងគីបតាមទីកន្លែងទាំងនោះឱ្យមានប្រសិទ្ធភាព និងធ្វើឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដូចអ្វីដែលម្ចាស់ការដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធបានធ្វើកិច្ចសន្យាជាមួយគ្នា សម្រាប់ដំណើរការអាជីវកម្មមួយនេះ។ លោកបានលើកឡើងទៀតថា នគរបាលបានប្រាប់ទៅម្ចាស់ការដ្ឋានទាំង៦ទីតាំងនោះ ត្រូវ រាយការណ៍ឱ្យបានច្បាស់លាស់មកសមត្ថកិច្ចពាក់ព័ន្ធ និងការងារផ្ទុះយកថ្ម ដើម្បីចូលរួមសហការទប់ស្កាត់គ្រប់ពេលវេលា ជៀសវាងមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានទទូច ហើយទទូចទៀត ដោយម្ចាស់ការដ្ឋានត្រូវគ្រប់គ្រងអាវុធ និងសម្ភារៈសម្រាប់ប្រើប្រាស់បំផ្ទុះយកថ្មភ្នំឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជៀសវាងការធ្លាក់ចូលក្នុងដៃជនអាក្រក់ ឬជនល្មើស ដែលអាចបង្កបញ្ហាផ្សេងៗដល់សង្គមជាតិ ក្រោយពេលដែលបញ្ហាបំផ្ទុះគ្រាប់បែកបានកើតឡើងនៅប្រទេសថៃ ដូច្នេះម្ចាស់ទីតាំងនៃការដ្ឋានវាយបំផ្ទុះយកថ្មទាំង៦ទីតាំង ត្រូវធានាឲ្យបានបច្ចេកទេស វិទ្យាសាស្ត្រ និងការគ្រប់គ្រង។ បើតាមលោក អាត់ខែម ដើម្បីធានាបានបញ្ហាសន្តិសុខ និងការគ្រប់គ្រងអាវុធឲ្យមានប្រសិទ្ធភាពនោះ លោកក៏បានដាក់ផែនការលើការរឹតបន្ដឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវសាធារណៈនាពេលយប់ និងតាមបណ្ដាក្រុង/ស្រុកជាប្រចាំផងដែរ៕
ការចុះត្រួតពិនិត្យបញ្ហាបច្ចេកទេសសម្ភារៈនៅតាមការដ្ឋានបំផ្ទុះយកថ្មភ្នំទាំង៦ទីតាំង
0 Comments