ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ត្រួតពិនិត្យលទ្ធផលចុងក្រោយ នៃការងាររៀបចំមហាសន្និបាត កាលពីពីថ្ងៃទី២៧ ខែសីហារួចមកមន្ត្រីសមាគមអតីតយុទ្ធជន បានឲ្យកម្ពុជាថ្មីដឹងនៅវេលាម៉ោង១១ និង៥៥នាទីថ្ងៃទី២៨សីហាថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាត ទូទាំងប្រទេស ប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលគ្រោងរៀបចំឡើង នៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលចុងក្រោយ នៃការងាររៀបចំមហាសន្និបាត តំណាងសមាគមអតីតយុទ្ធ កម្ពុជាទូទាំងប្រទេសលើកទី២ កាលពីម្សិលមិញ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាស្តីទី។លោកវងសូតបានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការយកចិត្តទុកដាក់និងសម្រេចបាននូវកិច្ចការផ្សេងៗ បានរួចរាល់ជាស្ថាពរ គឺរងចាំតែថ្ងៃប្រារព្ធពិធីមកដល់ នឹងអនុវត្តតាមតួនាទីភារកិច្ច របស់អនុគណៈ កម្មការនីមួយៗតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចជាកាល សម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។ លើសពីនេះ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភគាំទ្រ ជាច្រើន និងបានកសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា បានរាប់រយខ្នងនៅ តាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ ដល់អតីតយុទ្ធជនជាច្រើនទៀត។
ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជានឹងរៀបចំមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំង ប្រទេស ដើម្បីធ្វើការអនុម័តលើលក្ខន្តិកៈ ដែលបានកែសម្រួលថ្មី និងលិខិតបទដ្ឋាននានា របស់សមាគម អតីតយុទ្ធជនកម្ពុជាផងដែរ៕
សមាគមអតីតយុទ្ធជនកម្ពុជានឹងរៀបចំមហាសន្និបាត ទូទាំងប្រទេសថ្ងៃទី២ ខែកញ្ញា
0 Comments