រវាងមេ និងកូនតែងមានទំនាក់ទំនងនឹងគ្នាផ្នែកមនោសញ្ចេតនា ទៅតាមសភាវគតិ ឬជាលក្ខណៈធម្មជាតិ។ ដូចជាមនោសញ្ចេតនានៃការចិញ្ចឹមដោយការផ្តល់ចំណីអាហារ និងការថែរក្សា ការពារកុំអោយសត្រូវបៀតបៀន ឬយាយីជាដើម។ ប៉ុន្តែនៅពេលដែលកូនរបស់វាកំពុងមានទុក្ខភ័យដោយប្រការផ្សេងៗនោះ ដូចជាការជាប់អន្ទាក់ ឬគេចាប់កូនវានោះពីពេលនោះហើយដែលគេសង្កេតឃើញមេរបស់វាមានសកម្មភាពឆ្លេឆ្លា ស្លន់ស្លោ ច្រាសច្រាល ឈរជើងនៅមិននឹងនោះទេ ព្រោះមេវាចងស្ទុះហក់ទៅជួយឬចង់ទៅដណ្តើមមកកូនរបស់វាមកវិញ។
ជាក់ស្តែងដូចមេមាន់ដែលទើបបានបណ្តើរកូនតូចៗទើបនឹងញាស់, មេជ្រូកទើបនឹងកើតកូន ឬឆ្កែទើបតែកើតកូនជាដើម បើមានគេចាប់កូនរបស់វា ឬកូនរបស់វាមានការជួបប្រទះនូវឧបសគ្គនានានោះប្រាកដជាមេរបស់វានៅមិនសុខនោះឡើយ។ ទន្ទឹមនេះដែរគេតែងនិយាយថា មេវាកាចណាស់ ព្រោះវាកំពុងតែការពារកូនជាទីស្រឡាញ់របស់វា។ ឧទាហរណ៍បើមានគេចាប់កូនមាន់នោះគឺមេវានឹងហក់ច្រាសចឹក ឬជល់ដើម្បីជួយកូនវា ឬដណ្តើមយកកូនវាមកវិញ។ ទាំងសត្វដែលជាេមដទៃទៀតក៏មានលក្ខណៈមិនសុខពីមេមាន់នៅពេលគេចាប់កូនរបស់វាដែរ។ នេះហើយដែលជាសភាវគតិក្នុងការចិញ្ចឹម និងការថែរក្សាការពារកូនចៅរបស់វាដែលយើងចំណាំឃើញរាល់ថ្ងៃនេះ។
ដោយឡែកចំពោះមនុស្សយើងក៏លោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានបញ្ជាក់ថា ជាសត្វដែរតែជាសត្វដែលមានទាំងសភាវគតិផងនិងមានទាំងវិចារណញ្ញាណផង។ គេបានលើកតម្កើងថា មនុស្សជាសត្វដ៏ខ្ពង់ខ្ពស់ ព្រោះមនុស្សមានចំណេះប្រាជ្ញា និងមានការបង្កើតអ្វីដែលថ្មីៗបន្តទៀតក្នុងការបំពេញនូវសេចក្តីត្រូវការរបស់ខ្លួន ឬទៅតាមឧបាយផ្សេងៗដើម្បីបានសម្រេចនូវគោលបំណង។ ជាពិសេសក្នុងចង្កោមនៃការងារ ឬក្នុងការរួមរស់ជាមួយគ្នាក៏គេហៅថា មេ និងកូនផងដែរ។ បានសេចក្តីថា ប្រធានអង្គភាព ឬអ្នកធំ និងជាប្រធានគណបក្សនយោបាយក៏គេហៅថា មេ។ ឯអ្នកដើរតាមក្រោយនៃការដឹកនាំនោះគេហៅថា កូនក៏មិនខុសពីមេមាន់បណ្តើរកូននោះដែរ។
ក្នុងន័យនេះបើគេធ្វើការវិភាគជុំវិញរឿងរ៉ាវនៃសកម្មភាពជនរបស់គណបក្សសង្គ្រោះជាតិដែលកំពុងមានទោសដែលតុលាការបានកាត់សេចក្តីអោយជាប់ពន្ធនាគារទៅតាមការកំណត់នៃចំនួនឆ្នាំនោះ ក៏គេឃើញថា មេគណបក្សនោះកំពុងមានភាពឆ្លេឆ្លាឈរជើងមិននឹងដែរទេ ព្រោះមានការពុះកញ្ជ្រោលស្ទុះស្ទាយ៉ាងតក់ក្រហល់បំផុតក្នុងការរិះរកវិធីដោះស្រាយជួយកូនចៅអោយបានរួចខ្លួនឡើងវិញ។ គេសួរថាហេតុអ្វីបានជាមេមានការស្ទុះស្ទាប្រឹងប្រែងយ៉ាងឆ្លេឆ្លាដូចនេះ?បើតាមចម្លើយគេអាចធ្វើការសន្និដ្ឋានលើ៣ចំណុចគឺ ៖
ទី១ ជាសភាវគតិដែលជាមនោសញ្ចេតនារវាងមេនិងកូនចៅ ដែលមិនខុសពីការលើកបង្ហាញអំពីបញ្ហាសត្វថែរក្សាការពារកូនចៅរបស់វាដូចបានបង្ហាញខាងដើមនោះទេ។
ទី២ ទោះចង់ ឬមិនចង់ក៏មេធ្វើជាការបញ្ចេញសកម្មភាពគាំទ្រកូនចៅ និងនៅពីក្រោយខ្នងកូនចៅហាក់ដូចជាជួយឈឺឆ្អាលដ៏ក្រៃលែងដើម្បីអោយកូនចៅព្រមទាំងគ្រួសាររបស់កូនចៅដែលកំពុងរងគ្រោះ និងមានទុក្ខនោះអោយគេបានអស់ចិត្តដែរ។ បានសេចក្តីថា មេមិនព្រងើយកន្តើយចំពោះការងារដើម្បីគណបក្សនោះឡើយ។ គេបានបន្តទៀតថា ប្រសិនកូនចៅកំពុងទទួលរងគ្រោះ ព្រោះមេឬព្រោះគណបក្សនេះដែរជាមេច្រានចោលដោយរត់ប្រាសអាយុនោះប្រាកដជាថ្ងៃក្រោយ នឹងលែងមានអ្នកគាំទ្រគណបក្សនេះទៀតហើយ ហើយក៏មានឈ្មោះថា ជាការបញ្ចប់ជីវិតនយោបាយនៃគណបក្សនោះដែរ។ ហេតុនេះហើយទើបគេឃើញមេកោយមានសកម្មភាពហាក់ដូចជាការសម្តែងល្ខោនដោយការបញ្ចេញសកម្មភាពបែបឆ្លេឆ្លាយ៉ាងនេះ។
ទី៣ គេយល់ថា ប្រសិនបើមិនជួយពុះពារជ្រោមជ្រែងក្នុងការដោះស្រាយទេនោះប្រាកដជាអ្នកទោសទាំងនោះឆ្លើយដាក់មេថា ជាអ្នកពន្យុះអោយគេធ្វើយ៉ាងនេះជាក់ជាមិនខាន។ បានសេចក្តីថា វាអាចទៅជាមួយគ្នា មូរនបមូរកន្ទេលទាំងមេទាំងកូនត្រូវជាប់ទ្រុងដូចគ្នាពិតប្រាកដ។
អាស្រ័យហេតុនេះហើយទើបមេធ្វើជាឆ្លេឆ្លារវល់អំពល់ទុក្ខក្នុងរឿងកូនចៅជាប់ទោសដើម្បីធ្វើការលួងលោមចិត្តអ្នកទោសផង និងទុកដូចជាដើម្បីរក្សាស្រូវពូជទុកសាបព្រោះបង្កបង្កើនផលនៅរដូវខាងមុខទៀតផង៕
ទស្សនៈ ៖ មេកំពុង ឆ្លេឆ្លា!

0 Comments