Ad Code

តា​ប៊ុ​យ​ការងារ​ដែល​យើង​ស្រឡាញ់ នោះ​យើង​នឹង​ធ្វើ​វា​បាន​ល្អ

ភាព​ជោគជ័យ​វា​រមែងតែងតែ​កើតឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង បូករួម​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ដែល​មាន​ស្រាប់​ផង​ដែរ​។  ជាក់ស្ដែង​ដូចជា លោក ធី ហុង ផ្ទាល់​តែម្ដង​ដោយសារតែ​ចំណង់​ចំណូលចិត្ត​និង​និស្ស័យ​ស្រឡាញ់​ខាង​ផ្នែក​ទូរទស្សន៍​បាន​រុញច្រាន​លោក ឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះ​យ៉ាង​ជោគជ័យ​។ ប្រិយមិត្ត​អ្នកអាន​ប្រាកដជា​ធ្លាប់​ដឹង នឹង​ជ្រាប​ច្បាស់​ថា​រាល់​កម្មវិធី​ដែល​លោក​ផលិត​គឺ​សុទ្ធសឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក។

សូម​បញ្ជាក់​ផង​ដែរ​ថា តា​ប៊ុ​យ ជា​វី​ជេ​វ័យក្មេង​តែ​ម្នាក់​គត់​ប្រចាំ​កម្ពុជា​ដែល​បាន​ក្លាយ​គណៈកម្មការ​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​សិល្បករ​ឆ្នើម​ប្រចាំ​អាស៊ី ឬ MAMA ២០១៣។

មុននឹង​ឈាន​ចូល​ដល់​ការ​បង្ហាញ​បទពិសោធន៍ នឹង​គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុង​អាជីព​ជា​ពិធីករ និង​អ្នក​ផលិតកម្ម​វិធី​នោះ សូម​ពាំនាំ​អារម្មណ៍​មិត្ត​អ្នកអាន​មកជួប​ជាមួយ​ជីវប្រវត្តិ​របស់លោក​ជាមុនសិន​។ ស្ថិត​ក្នុង​វ័យ​២៧​ឆ្នាំ​តា​ប៊ុ​យ​បាន និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា លោក​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​ផ្ទាល់​តែម្ដង លោក​គឺជា​កូន​ទី​២​នៅក្នុង​ចំណោម​បងប្អូន​៣​នាក់ ដោយមាន​លោកឪពុក​អ្នក​ម្ដាយ​ប្រកបរបរ​ជា​អ្នក​រក​ស៊ី​។ ស្ថិត​ក្នុង​ស្ថានភាព​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ​មិនបាន​ធ្វើ​ឲ្យ​តា​ប៊ុ​យ​ជួប​ឧបសគ្គ​ក្នុង​ការ​រស់នៅ​នោះ​ទេ ដោយ​លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​(​ភាសា​អង់គ្លេស​)​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១០​។ លោក​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា “ខ្ញុំ​ចាប់ផ្ដើម​ធ្វើការ​តាំងពី​ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​២​មក​ម្ល៉េះ”។ ការងារ​ដំបូង​ដែល​លោក​ចាប់ផ្ដើម​ធ្វើ​គឺ​អាជីព​ជា​ពិធីករ​ផ្ទាល់​តែម្ដង។ លោក​បាន​រំលឹក​ថា “កាលនោះ​ខ្ញុំ​បានឃើញ​ការប្រកាស​ជ្រើសរើស​ពិធីករ នៅ​ទូរទស្សន៍ My TV ហើយ​ខ្ញុំ​ក៏បាន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​ទីនោះ​តែម្ដង។

ចំពោះ​ការ​ធ្វើ​បទសម្ភាសន៍​ទៀតសោត អ្នកគ្រប់គ្រង​បាន​ដាក់​វិញ្ញាសា​មួយ​ដែល​ត្រូវ​ប៉ះ​នឹង​ចំណង់​ចំណូលចិត្ត​របស់​លោក​ផ្ទាល់ តែម្ដង​គឺ​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​មួយ​ដែល​និយាយ​ទាក់ទង​ជាមួយនឹង​យុវវ័យ។ វា​ហាក់ដូចជា​អំណោយផល​ណាស់​ព្រោះ​តាំងពី​វ័យក្មេង​មក លោក​ចូលចិត្ត​មើល​កម្មវិធី​ទូរទស្សន៍​របស់​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​យុវវ័យ ហេតុដូច្នេះ​ហើយ​វា​មិនមែន​ជា​ការពិបាក​សម្រាប់​លោក​ទេ​ក្នុង​ការ​អត្ថាធិប្បាយ​។

ក្រោយពី​សម្ភាសន៍​រំលង​បាន​៣​ថ្ងៃ​លោក​ក៏បាន​ទទួល​ដំណឹង​ថា​បាន​ជាប់​ចូល​បម្រើ​ការងារ​នៅ​ទូរទស្សន៍ My TV ក្នុង​ឆ្នាំ​២០០៩​។ សូម​បញ្ជាក់​ផង​ដែរ​ថា ការចូល​បម្រើ​ការងារ​នៅ​ស្ថានីយទូរទស្សន៍​ដំបូង​លោក​មាន​តួនាទី​ត្រឹម​ជា​ពិធីករ​ក្នុង​កម្មវិធី​កម្សាន្ត ដែល​និយាយ​ទាក់ទង​នឹង​តារា​បរទេស​។ ទោះបី​ជា​មាន​តំណែង​ជា​ពិធីករ​ក៏​ពិតមែន ប៉ុន្តែ​តា​ប៊ុ​យ​តែងតែ​ជួយ​ផ្ដល់​ជា​គំនិត​ដល់​អ្នកដឹកនាំ​កម្មវិធី ឬ​ពេលខ្លះ​លោក​ជួយ​រៀបចំ​ជា​ព័ត៌មាន​ក្នុង​កម្មវិធី​ផ្ទាល់​តែម្ដង​។ ដោយ​ចិត្ត​ស្រឡាញ់ និង​ឧបនិស្ស័យ​តាំងពី​វ័យក្មេង​មក​បាន​ធ្វើ​ឲ្យ​តា​ប៊ុ​យ​ខិតខំ​ប្រឹងប្រែង​ក្នុង​តួនាទី​ការងារ​របស់​ខ្លួន​ជា​ពិធីករ រហូត​ផលិត​ជា​កម្មវិធី​មួយ​ដែល​មាន​រូបលោក​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​តែម្ដង។

តាមរយៈ​ស្នាដៃ​ផលិតកម្ម​វិធី​ដំបូង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ភាព​លេចធ្លោ ឬ​និយាយ​បាន​ថា វា​ជា​ជោគជ័យ​មួយ​សម្រាប់​ជីវិត​របស់​លោក​នោះ​គឺ​ការផលិត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា “ពេញចិត្ត​ឬ​អត់​! ” នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១២។ ចំពោះ​ផល​លំបាក​ក្នុង​ការ​ផលិតកម្ម​វិធី​នេះ​តា​ប៊ុ​យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា “វា​មានការ​លំបាក​បន្តិច​ព្រោះ​ខ្ញុំ​ធ្លាប់​ផលិតកម្ម​វិធី​បទ​ចម្រៀង​គឺ​មាន​បុគ្គលិក​តិច ប៉ុន្តែ​ដល់ពេល​ផលិតកម្ម​វិធី​បែប​កម្សាន្ត​គឺ​យើង​ត្រូវ​មាន​បុគ្គលិក​ច្រើន និង​ស្ទូ​ឌី​យោ​ធំ ហើយ​ការគ្រប់គ្រង​ទៀតសោត​គឺ​មាន​លោក​តែ​ម្នាក់​ប៉ុណ្ណោះ មួយ​វិញ​ទៀង​កម្មវិធី​ថ្មី​បែបនេះ​គឺ​លោក​ត្រូវ​ពន្យល់ និង​ណែនាំ​បុគ្គលិក​នៅ​ក្រោម​បង្គាប់​ឲ្យ​គាត់​យល់ថា​ត្រូវធ្វើ​បែបណាៗ​។ ក្នុងនាម​ជា​អ្នកគ្រប់គ្រង នឹង​ផលិត​កម្មវិធី​មួយ​រូប​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅពេល​ធ្វើ​អី្វ​មួយ​គឺ​យើង​ត្រូវ​ការលះបង់​ពេលវេលា​មិន​ថា​យប់​ឬក៏​ថ្ងៃ​នោះ​ទេ​ដើម្បី​ឲ្យ​ការងារ​នោះ​ទទួល​បាន​ភាព​ជោគជ័យ នឹង​ឆាប់​បាន​ទៅដល់​គោលដៅ​មួយ​ដែល​យើង​ចង់បាន​។ ជាក់ស្ដែង​ផ្ទាល់​ដូចជា​ការបង្កើត​កម្មវិធី “ពេញចិត្ត​ឬ​អត់!” ដំបូង​លោក​រួម​ទាំង​ក្រុមការងារ​បាន​ចំណាយពេល​ធ្វើការ​រហូត​ដល់​យប់​ជ្រៅ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ចាក់​ផ្សាយ​ទាន់​ថ្ងៃ​កំណត់​។ ជា​ការ​ពិត​ណាស់​ការ​ងារ​អ្វី​ក៏ដោយ​វា​រមែង​ទាមទារ​នៅ​ការតស៊ូ​អត់ធ្មត់ និង​សេចក្ដី​ព្យាយាម​អំណត់​ទើប​ធ្វើ​ឲ្យ​ការងារ​នោះ​ទទួល​បាន​ជោគជ័យ​និង​សម្រេច​ទៅ​គោលដៅ​ដែល​យើង​បាន​កំណត់​។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ពេញចិត្ត​អត់​ទទួល​បាន​ភាពជោគជ័យ​តា​ប៊ុ​យ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា “ដោយសារតែ​កម្មវិធី​ហ្នឹង​ខ្ញុំ​ព្យាយាម​ឲ្យ​ពិធីករ​ពិធី​ការិនី​តារា​កិត្តិយស​គណៈកម្មការ​រួម​ទាំង​បេក្ខជន​បញ្ចេញ​នូវ​ចរិត​ពិត​និង​កាយវិការ​ពិត​របស់​ខ្លួន​ដែល​វា​អាចជា​គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គាត់​ទស្សនា​ហើយ​មានការ​សើច​សប្បាយរីករាយ និង​មានការ​ពេញចិត្ត​នឹង​គាំទ្រ​កម្មវិធី​របស់ខ្ញុំ”។ ក្រោយពី​បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​កម្មវិធី​ពេញចិត្ត​អត់​! នោះ​មក តា​ប៊ុ​យ ក៏បាន​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា Mr and Ms Talk Show​កម្មវិធី រង្វាន់​ទេវតា កម្មវិធី 15000$ នឹង​កម្មវិធី ហាម​សើច នឹង​កម្មវិធី អូ​ឡា​ឡា ដែល​លោក​ទើបតែ​បង្កើត​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ហើយ តា​ប៊ុ​យ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្មវិធី​មួយ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន ពីព្រោះ​វា​កម្មវិធី​បែប Talk show & Game​។ ដោយសារតែ​បទពិសោធន៍​រួមផ្សំ​ជាមួយនឹង​ភាព​ឆ្លាត​វៃ តា​ប៊ុ​យ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការផលិត​កម្មវិធី​នីមួយៗ លោក​មិនបាន​ប្រើ​រយៈពេល​យូរអង្វែង​នោះ​ទេ ទោះបីជា​លោក​ទើបតែ​មានបទពិសោធន៍​ក្នុង​ជំនាញ​នេះ​រយៈពេល​មិនយូរ​ក្ដី​។ លោក មានប្រសាសន៍​បន្ត​ថា មុននឹង​លោក​ផលិតកម្ម​វិធី​នីមួយៗ លោក​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ច្បាស់​ពី​បរិបទ​ក្នុង​សង្គម​ខ្មែរ​យើង​ថា​តើ​ពួកគាត់​ចូលចិត្ត​អ្វី និង​មិន​ចូលចិត្ត​អ្វី​! ចំណុច​មួយទៀត​គឺ​នៅ​ពេល​ដែល​លោក​មាន​អារម្មណ៍​ស្រឡះ គឺ​ខួរក្បាល​របស់​លោក គឺ​ដើរ​លឿន​គិត​អ្វី​ក៏​ចាប់​ឃើញ។ ពិត​មែនហើយ​អារម្មណ៍​គឺ​ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​ទទួល​បាន​ភាព​ជោគជ័យ ហេតុដូច្នេះ​មុននឹង​ធ្វើ​អ្វីមួយ​ត្រូវ​តោង​គិត​នឹង​ផ្តោត​គំនិត​អារម្មណ៍​ឲ្យ​បាន​ស្ងប់​ទើប​ការគិត​របស់​អ្នក​ក៏​វា​ស្រឡះ​ទៅតាម​ហ្នឹង​ដែរ​។ កត្តា​មួយទៀត​ដែល​ធ្វើ​ឲ្យ តា​ប៊ុ​យ ទទួលបាន​ជោគជ័យ​ក្នុងការ​ផលិតកម្ម​វិធី​នោះ គឺ​គ្រួសារ​របស់លោក​ផ្ទាល់​តែម្ដង​ដោយ​លោក​បាន​ប្រាប់​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​នៅពេល​ត្រឡប់​ពី​បំពេញការងារ​ទៅផ្ទះ​វិញ​លោក​តែ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​ដើម្បី​សាកសួរ​ពី​គំនិត​យោបល់ ឬក៏​ពិភាក្សា​ជាមួយ​ពួកគាត់​ក្នុង​ការផលិត​កម្មវិធី ដែល​ពួកគាត់​គឺ​ប្រៀបដូចជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ស្នាដៃ​ការងារ​របស់លោក​ផងដែរ​។ ក្រៅពី​កត្ដា​ទាំង​ប៉ុន្មាន​ខាងលើ​តា​ប៊ុ​យ​បាន​បន្ថែមទៀតថា ចំណេះដឹង​គឺជា​អ្វីដែល​យើង​មិនអាច​ខ្វះ​ជាពិសេស​គឺ​ភាសា​អង់គ្លេស​ផ្ទាល់​តែម្ដង​ព្រោះ​ក្នុងនាម​ជា​អ្នក​ផលិត​កម្មវិធី​អ្នកដឹកនាំ​កម្មវិធី​រួមទាំង​ការងារ​ជា​ពិធីករ គឺ​តម្រូវ​ឲ្យ​លោក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ច្រើន​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដែល​ភាគច្រើន​ឯកសារ​សុទ្ធសឹង​ជា​ភាសា​អង់គ្លេស​។ គន្លឹះ​ដែល​ធ្វើ​ឲ្យ​ការងារ​ផលិតកម្ម​វិធី ឬក៏​ដឹកនាំ​កម្មវិធី​របស់លោក​ទទួល​បានទទួល​នូវ​ភាពជោគជ័យ​លើ​វិស័យ​ទូរទស្សន៍​នោះ​គឺ​អា​ម្មរណ៍​របស់លោក​គឺ​ផ្ដិត​ជាប់​ជាមួយនឹង​ទូរទស្សន៍​រហូត​មិន​ថា​ម៉ោង​បំពេញការងារ​ឬ​ម៉ោង​សម្រាក​នោះទេ​! សូម្បីតែ​ពេល​មើល​ទូរទស្សន៍​ក៏​លោក​ផ្ដោតអារម្មណ៍​នៅលើ​កម្មវិធី​នីមួយៗ​ដែល​អ្នក​ផលិត​កម្មវិធី​គេ​ធ្វើ​ថា​តើ​គេ​ធ្វើ​បែប​ម៉េច​ហើយ​គេ​មាន​បច្ចេកទេស​បែបណា​ទើប​ធ្វើ​ឲ្យ​កម្មវិធី​នោះ​ទទួលបាន​ភាពជោគជ័យ​។ ហើយ​ចំណុច​សំខាន់​មួយទៀត​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​មួយរូប​ត្រូវ​ដឹងថា​បុគ្គលិក​ក្រោមបង្គាប់​របស់ខ្លួន​កំពុងតែ​ធ្វើ​អ្វីខ្លះ​ហើយ​ក្នុងនាម​លោក​ជា​អ្នកគ្រប់គ្រង​ត្រូវតែ​ច្បាស់​ជាង​កូនចៅ​និង​ត្រូវ​រៀបចំ​គម្រោង​ថ្មីៗ​រហូត​សម្រាប់​ពួកគាត់​ធ្វើ ហើយ​គ្រប់​ពេលដែល​កម្មវិធីរ​ប​ស់លោក​ធ្វើការ​ចាក់ផ្សាយ​គឺ​លោក​តែងតែ​អង្គុយ​មើល​ពី​ចំណុច​ខ្វះខាត​របស់ខ្លួន​ថា​តើ​មាន​ខុស​ចំណុច​ណាខ្លះ ឬ​ឆ្គង​ត្រង់ចំណុច​ណា​? ដើម្បី​ធ្វើការ​កែច្នៃ​និង​អភិវឌ្ឍន​វា​ឲ្យ​បានល្អ​ដើម្បី​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន​។ ចំពោះ​បទពិសោធន៍​ក្នុងនាម​ជា​ពិធីករ​មួយរូប តា​ប៊ុ​យ បានបង្ហាញ​ឲ្យ​ដឹងថា​លោក​ធ្វើ​អ្វីមួយ​និង​និយាយ​អ្វីមួយ​ដែលជា​ចំណង់​ចំណូល​ចិត្តនឹង​ការស្រឡាញ់​របស់លោក ដូចជា​ការនិយាយស្ដី​មួយចំនួន​ពេលខ្លះ​លោក​មិនអាច​និយាយ​សម្ដី​បែប​ផ្លូវការ​ទេ​គឺ​លោក​និយាយ​តាមបែប​សម្ដី​សាមញ្ញៗ ប៉ុន្តែ​ពេល​និយាយ​ចេញទៅ​គឺ​ធ្វើ​ឲ្យ​ទស្សនិជន​ផ្ទុះសំណើច​តែម្ដង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុងនាម​លោក​ជា​ពិធីករ​មិនអាច​និយាយ​ចេញ​នូវ​ពាក្យសម្ដី​បែប​អសុរ​ឬ​មិន​សមរម្យ​នោះទេ​ហើយ​វា​ក៏​មិនមែនជា​ចរិត​ពិត​របស់លោក​ដែរ​។ រូបលោក​ផ្ទាល់​ក៏ត្រូវ​ដឹងថា​ខ្លួនឯង​កំពុងតែ​និយាយ​ក្នុង​កម្មវិធី​ណា​ហើយ​ត្រូវ​និយាយ​យ៉ាងម៉េច នៅពេល​ថត​កម្មវិធី​ចប់​លោក​ក៏​ត្រូវតែ​អង្គុយ​មើល​ពី​ការថត​កម្មវិធី​នោះ​ថា​តើ​ការនិយាយស្ដី​របស់លោក​មាន​កំហុសឆ្គង​ដែរឬទេ? បើ​មាន​លោក​នឹងធ្វើ​ការផ្លាស់ប្ដូរ​ការនិយាយ​ស្ដី​លើ​ពាក្យ​ទាំងនោះ តា​ប៊ុ​យ​បាន​បង្ហាញ​ចិត្ត​បែប​រំភើប​ថា លោក​ពិត​ជាមាន​អារម្មណ៍​ថា​សប្បាយចិត្ត​ខ្លាំងណាស់​នៅពេល​ដែលមាន​ទស្សនិកជន​គាំទ្រ និង​ទស្សនា​ទូរទស្សន៍ My TV ច្រើន​ជាពិសេស​គឺ​កម្មវិធី​ដែល​លោក​ជា​អ្នក​ផលិត ព្រោះ​វា​បាន​ធ្វើ​ឲ្យ​លោក​មាន​កម្លាំងចិត្ត​ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មីៗ និង​ផ្ដល់​ជា​សំណើច​ដល់​ទស្សនិកជន​ដែល​ជា​អ្នកទស្សនា​។

អ្វី​ដែល​ពិសេស​ជាងនេះ​ទៅ​ទៀត​នោះ​គឺ​លោក​ចង់​ឃើញ​ស្នាមញញឹម​របស់​អ្នក​ម៉ាក់​លោក នៅពេល​គាត់​កំពុងតែ​ទស្សនា​កម្មវិធី​ដែល​លោក​ផលិត​ផ្ទាល់​តែម្ដង។ នៅពេល​អ្នក​ម៉ាក់​របស់​ខ្លួន​សើច​គឺ​ក្នុងនាម​ជា​កូន តា​ប៊ុ​យ ពិតជា​មានការ​ពេញចិត្ត​យ៉ាង​ក្រៃលែង ហើយ​វា​ក៏​ជា​សេចក្ដីសុខ​មួយផ្នែក​របស់​លោក​ផង​ដែរ​។ តា​ប៊ុ​យ បាន​បញ្ចេញ​មតិយោបល់​ថា បច្ចុប្បន្ន​អាជីព​ជា​ពិធីករ ពិធី​ការិនី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​ច្រើន​រួម​ទាំង​ការ​អត្ថាធិប្បាយ និង​ការរៀបចំ​សម្លៀកបំពាក់​គឺ​បាន​ល្អ​ទៅតាម​កម្មវិធី​នីមួយៗ​។ ចំពោះ តា​ប៊ុ​យ ផ្ទាល់​ក្នុងនាម​ជា​ពិធីករ ការរៀបចំ​ខ្លួន​ក៏​ជា​កត្តា​សំខាន់​ផងដែរ គឺ​យើង​ត្រូវ​រៀបចំខ្លួន​ទៅតាម​កម្មវិធី​នីមួយៗ និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ផ្ទាល់​ដែល​យើង​ត្រូវ​ធ្វើជា​ពិធីករ ហើយក៏​មិនត្រូវ​តុបតែង​ខ្លួន​ឲ្យ​ហួសហេតុ​ពេក​ដែរ​។

ទោះបី​មានការ​មមាញឹក​ជាមួយ​ការងារ​ខ្លាំង​យ៉ាងណា​ក៏ តា​ប៊ុ​យ មិនដែល​ភ្លេច​ជាមួយនឹង​ការ​ថែរក្សា​សុខភាព​តាមរយៈ​ការហាត់​ប្រាណ​ជា​រៀងរាល់ថ្ងៃ​។ គួរ​រំលឹក​ផង​ដែរ​ថា ពិធីករ និង​ផលិតករ​វ័យក្មេង​រប​ស់ MYTV គឺ តា​ប៊ុ​យ បានទទួល​ពានរង្វាន់ “ពិធីករ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅក្នុង​ឆ្នាំ​២០១៣” ពី​កម្មវិធី​អាណាចក្រ​តារា​កាលពី​រាត្រី​ថ្ងៃទី​១៥ ខែសីហា​នេះ​ឆ្នាំមុន៕

T-07-20-15-z22-full

T-07-20-15-z21-full

T-07-20-15-z17-full

T-07-20-15-z16-full


តា​ប៊ុ​យ​ការងារ​ដែល​យើង​ស្រឡាញ់ នោះ​យើង​នឹង​ធ្វើ​វា​បាន​ល្អ

Post a Comment

0 Comments

Close Menu