Ad Code

អេហ្ស៊ីប​ចាប់ផ្ដើម​ពង្រីក​ព្រែកជីក​ស៊ុយអេស ​ក្នុង​តម្លៃ​៨.៥ពាន់​លាន​ដុល្លារ

ប្រទេស​អេហ្ស៊ីប បានបើក​កា​រពង្រីក​ព្រែក​ជីក​ស៊ុយអេស​ (Canal Suez) ដែលប្រធានា​ធិបតី​អេហ្ស៊ីប លោកអាប់​ដែល​ ហ្វាតា អែល​ស៊ីស៊ី​ បាន​ប្រកាស​ថា ជា​ការ​សម្រេច​ជា​ប្រវត្ដិ​សាស្ដ្រ​មួយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​មាន​ជំងឺ​​របស់​ប្រទេស​ បន្ទាប់ពី​រាប់ឆ្នាំនៃ​ការ​ចលាចល​នោះ​មក។

នៅក្នុង​ពិធី​ដ៏អ៊ឹកធឹក​មួយនៅទីក្រុង​ព្រែក​ជីក Ismailia លោក​ស៊ីស៊ី បាន​ថ្លែងសុន្ទរកថា​អំពី​ការ​គំរាម​របស់​ភេរវជន​ ជុំ​វិញ​គម្រោងនេះ។ លោក​ស៊ីស៊ី​ បាននិយាយ​បន្ទាប់ពី​ការ​ចុះហត្ថ​លេខា​លើ​បញ្ជា​មួយ​ អនុញ្ញាត​ឲ្យ​នាវា​ឆ្លង​កាត់​តាម​​ការ​ពង្រីក​ថ្មី​នៃ​ផ្លូវ​ទឹក​នេះ។

យោង​ទៅតាម​ AP បាន​ឲ្យដឹង​ថា ការ​ពង្រីក​ដែលមាន​តម្លៃ​៨.៥ពាន់​លាន​ដុល្លារនេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ជីក និង​ការ​បូម​យក​​ភក់​ចេញ​ក្នុង​ចម្ងាយ​៧២គីឡូម៉ែត្រនៃ​ព្រែកជីក​​ប្រវែង​១៩៣គីឡូម៉ែត្រ​ និង​ធ្វើ​ស្រប​គ្នា​ជាមួយ​​ផ្លូវ​ទឹក​នេះ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើចរាចរណ៍​ទៅមក។ រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់ព្រែក​ជីក​នេះ​ចំនួន​ទ្វេដង​ទៅដល់​១៣.២ពាន់​លាន​ដុល្លារ​នៅក្នុង​​​ឆ្នាំ​២០២៣។

ប៉ុន្ដែ​អ្នក​សេដ្ឋកិច្ច​ និងអ្នកវិភាគ​អំពីការ​ដឹក​ជញ្ជូន​មួយ​ចំនួន​តាមនាវា​សង្ស័យអំពីថា តើ​មាន​ការ​ធ្វើ​ចរាចរណ៍​ និង​កា​រធ្វើ​ពាណិជ្ជកម្ម​ខាងកើត ខាងលិច​គ្រប់​គ្រាន់​ដែរ​ឬទេ ដើម្បី​ឆ្លើយ​តប​​ទៅនឹង​គោលដៅ​ប្រាក់​ចំណូល​ប្រកប​ដោយ​​មហិច្ឆតា​នេះ​នោះ។ ស្លៀក​ពាក់​ក្នុ​ងឯក​សណ្ឋាន​យោធា និង​ពាក់វ៉ែនតា​ផង​នោះ លោក​ប្រធានាធិបតី​បាន​អញ្ជើញ​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​ដោយ​ជិះ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​​គ្រឿង។

នៅក្នុង​ចំណោម​ពួកអ្នក​មក​ចូលរួម​ពិធី​នេះ​រួម​មាន​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធាន​ាធិបតី បារាំង សេ្ដច​អាប់ឌុល​ឡា នៃ​ប្រទេស​ហ្សក​ដានី និង​ស្ដេច​ហាម៉េត ប៊ីន អីុសា អាល់កាលីហ្វា នៃ​ប្រទេស​បារ៉ែន លោក​ម៉ាមូត​ អាបាស់ ប្រធានា​ធិបតី​ប៉ាឡេស្ទីន លោក​អេមៀរ សេកសាបា អាល់​អាម៉េត អាល់សាបា នៃ​ប្រទេស​គុយវ៉ែត និង​លោកអាឡិច​ស៊ីស ស៊ីប្រាស នាយក​រដ្ឋមន្ត្រី​ប្រទេស​ក្រិក ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ដែរ។

ការពង្រីក​ព្រែកជីកនេះ គឺជា​ចំណុច​ស្នូល​នៃ​របៀបវារៈ​ដ៏ធំមួយ​ដើម្បី​លើក​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​អារ៉ាប់​ចេញពីភាពក្រីក្រ​ និងធានា​ក្រញាំ​អំណាច​​របស់​លោក​ស៊ីស៊ី បន្ទាប់ពីបាន​បណ្ដេញ​ប្រធានាធិបតី​ស៊ីវិល​ ដែលបាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ដោយសេរី​លើកដំបូង​របស់​ប្រទេស​អេហ្ស៊ីប លោក​មូហាម៉េត ម័រស៊ី របស់​ចលនា​បងប្អូន​មូស្លីម​នៅ​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់ពី​ការ​ធ្វើ​បាតុកម្ម​របស់​មហាជន​នោះ​មក៕

VOA


អេហ្ស៊ីប​ចាប់ផ្ដើម​ពង្រីក​ព្រែកជីក​ស៊ុយអេស ​ក្នុង​តម្លៃ​៨.៥ពាន់​លាន​ដុល្លារ

Post a Comment

0 Comments

Close Menu