ភ្នំពេញ ៖ រយៈពេលជិត១ឆ្នាំហើយ ដែលតារាចម្រៀងឈ្មោះ ណយ រូបនេះប្រកាសផ្អាកពីការងារសិល្បៈ ដោយមិនបានចប់កិច្ចសន្យានៅក្នុងផលិតកម្ម Bigman នៅឡើយ។
ទាក់ទងរឿងនេះ មានព័ត៌មានខ្លះនិយាយថា ណយ មានការអាក់អន់ចិត្តនឹងម្ចាស់ផលិតកម្មទេ ឯខ្លះទៀតនិយាយថា នាងសម្ងំយកពិសទេ។ ជាច្រើនឆ្នាំមកហើយ ក្នុងអាជីពចម្រៀងរបស់នាងគេឃើញហាក់ដូចជាមិនសូវលេចធ្លោប៉ុន្មានទេ បើប្រៀបធៀបជាមួយតារាចម្រៀងខ្លះដែលចូលប្រឡូកសិល្បៈដំណាលនាង ព្រោះបទចម្រៀងដែលនាងច្រៀងចរាចរលើទីផ្សារ ក៏ពុំសូវមានដែរ។ កាលពីកន្លងទៅថ្មីៗនេះ ណយបានបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍កម្មវិធី”តន្ត្រីថ្ងៃអាទិត្យ” គេឃើញនាងមានសម្រស់សិចស៊ីស្អាតប្លែកជាងមុន ហើយមានការនិយាយថា ប្រហែលនាងកែសម្ផស្សហើយមើលទៅ។
ជួបជាមួយកម្ពុជាថ្មីកាលពីពេលកន្លងទៅថ្មីៗនេះ នាងឲ្យដឹងថា ការពិតនាងមិនទាន់ចង់ឡើងប៉ុស្តិ៍ទូរទស្សន៍ទេ ព្រោះមិនទាន់មានអ្វីប្លែក តែខាងទូរទស្សន៍ចេះតែទំនាក់ទំនងមកនាង ទើបសម្រេចឡើងស៊ីធីអិន។ កន្លងមកទូរទស្សន៍ជាច្រើនបានហៅ តែនាងចេះតែច្រានចោល ព្រោះមិនទាន់មានបទថ្មី ប៉ុន្តែឆាប់ៗនេះនាងនឹងវិលចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីវិញ តែយ៉ាងណាក៏មិនមែន ជាឆ្នាំងចាស់ដែរ។
ពាក់ព័ន្ធនឹងព័ត៌មានដែលថា នាងមានបញ្ហាជាមួយម្ចាស់ផលិតកម្ម គឺនាងពុំបាននិយាយអ្វីច្រើននោះដែរ។ ណយនិយាយថា មានផលិតកម្មជាច្រើនបានទាក់ទងមកនាង ពេលនេះនាងកំពុងសម្លឹងមើលអ្វីដែលប្លែកខុសពីតារាដទៃ ហើយក៏មិនចាប់អារម្មណ៍ផលិតកម្មដែលធំ ព្រោះនាងចង់ដើរពីទាបទៅខ្ពស់។ ណយបានសម្តែងអារម្មណ៍រំភើបពេលត្រឡប់មកសិល្បៈវិញ មិត្តភក្តិជាច្រើនសរសើរថា នាងមានសម្រស់ស្រស់ស្អាតប្លែកជាងលើកមុន។
ដោយឡែករឿងនេះ ណយបែរនិយាយថា រូបសម្បត្តិរបស់នាងជាសម្រស់ពីធម្មជាតិ គ្មានកែកុនអ្វីទេ តែនាងបែរជាធាត់ឡើងទម្ងន់បន្តិចលើស៤៥គីឡូក្រាមឯណោះ។ ទោះជា ណយ បានផ្អាកច្រៀងនៅផលិតកម្មក៏ពិតមែន តែណយនៅតែច្រៀងនៅក្លិបយូធូ ហើយក៏មានគម្រោងមិនខុសពីតារាឯទៀតៗដែរ ក្រៅពីសិល្បៈនាងកំពុងគ្រោងបើកជំនួញផ្ទាល់ខ្លួនបន្ថែមទៀត៕
ណយ មិនទាន់រកទ្រនំថ្មីឃើញ
0 Comments