Ad Code

គ្លីនិក​ឯកជន​មួយ​ធ្វើ​វះកាត់​ស្ត្រី​ម្នាក់​​ ​បណ្ដាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ស្វាយរៀង ​៖​ គ្លីនិក​ឯកជន​មួយ​​ឈ្មោះ«​គ្លីនិក​ផាសុកភាព» ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​វាល​យន្ត​សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​​ បាន​រង​ការ​ចោទប្រកាន់​ថា​ វះកាត់​អ្នកជំងឺ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម។


ករណី​នេះ​បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ឯណោះ ​ប៉ុន្តែ​ម្ចាស់​គ្លីនិក​ព្យាយាម​លាក់កំបាំង​រហូត​មក​ ដូច​ពាក្យចាស់​លោក​ថា​ «ដំរី​ងាប់​កុំ​ចង្អេរ​ទៅ​បាំង​មិន​ជិត​ទេ»។ មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏​ផ្ទុះឡើង​តាម​បណ្ដាញ​សារព័ត៌មាន​ទាំង​ទូរទស្សន៍​ ទាំង​កាសែត​ចុះផ្សាយ​ ​​ដោយ​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មើល​ ​និង​មាន​វិធានការ​ជាបន្ទាន់។


ជនរងគ្រោះ​ ដែល​ស្លាប់​ក្រោយ​វះកាត់​នោះ​ឈ្មោះ​សំ ឈួន ភេទ​ស្រី អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។


បើ​តាម​ប្រភព​ព័ត៌មាន​ពី​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥ អ្នកស្រី​ឈ្មោះ សំ ឈួន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ជំងឺ​ចុកពោះ ក៏​ទៅ​ពិនិត្យ​ព្យាបាល​នៅ​គ្លីនិក​ផាសុកភាព​ខាង​លើ ហើយ​​លោក​វេជ្ជបណ្ឌិត​កែរ រដ្ឋា ​បាន​ឲ្យ​បុគ្គលិក​ថត​អេកូ​សាស្ត្រ រួច​ប្រាប់​ថា​មាន​ដុំ​គីស​នៅ​ដៃ​ស្បូន​ត្រូវ​វះកាត់។ រហូតដល់​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​ ល្ងាច ក៏បាន​ធ្វើការ​វះកាត់​អស់​រយៈពេល​១​ម៉ោង​កន្លះ (​ម៉ោង ៧និង៣០​នាទី​យប់ ) ទើប​ចេញពី​បន្ទប់​វះកាត់។ ពេល​នោះ​ជនរងគ្រោះ​និយាយ​ធម្មតា រហូតដល់​ម៉ោង ៨និង៣០ នាទី​យប់ ជនរងគ្រោះ​មាន​អាការៈ​រមាស់.​ក​រកកល់​ក្អក និង​​​ក្អួត​ ពេល​សួរ​គ្រូពេទ្យ​យាម​ប្រាប់​ថា ក្រោយពី​វះកាត់​រួច​គឺ​មាន​អាការៈ​ដូច្នេះ​ឯង។ រហូតដល់​ម៉ោង​៩​យប់ ចាប់ផ្តើម​តឹង​ពោះ​ខ្លាំង និង​ថប់ៗ​ដង្ហើម​រហូតដល់​ម៉ោង ១០​ យប់ ក៏​មាន​អាការៈ​មិន​ស្រួល​ ទើប​លោក​កែរ រដ្ឋា យក​ជនរងគ្រោះ​ចូល​បន្ទាប់​សង្គ្រោះ​បន្ទាន់​ម្តងទៀត។ រហូតដល់​ម៉ោង​ប្រមាណ​១២​យប់ ទើប​ប្រាប់​ថា គ្រូពេទ្យ​គាត់​អស់​លទ្ធភាព​ហើយ ឲ្យ​បញ្ជូន​ជនរងគ្រោះ​ទៅ​ភ្នំពេញ ដើម្បី​សង្គ្រោះ។ ក្រោយមក​ក៏​និយាយថា​អ្នក​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ បើ​បញ្ជូន​ទៅ​ភ្នំពេញ​ក៏​មិន​ដល់​ដែរ​អាច​ស្លាប់​តាម​ផ្លូវ រហូតដល់​ម៉ោង​៣​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់ជីវិត​តែម្តង។


គ្រួសារ​សព​បាន​និយាយ​ទាំង​ភ្នែក​ថា នៅ​ម៉ោង​ប្រមាណ​ជិត​ប្រាំ​ព្រឹក​លោក កែរ រដ្ឋា បាន​ដឹក​សព​ជនរងគ្រោះ​ទៅផ្ទះ ហើយ​ប្រាប់​ថា​កុំ​ប្តឹង បើ​ប្តឹង​ក៏​មិន​ឈ្នះ​ខ្ញុំ​ដែរ រួច​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ទទួល​ប្រាក់​ចំនួន ២,០០០ ដុល្លារ និង​ព្រមព្រៀង​មិន​ប្តឹង​ទៅ​សមត្ថកិច្ច​យ៉ាង​អយុត្តិធម៌​បំផុត។


ពាក់ព័ន្ធ​ទៅ​ករណី​ខាង​លើ​នេះ​កម្ពុជា​ថ្មី​មិន​ទាន់បាន​សុំ​បំភ្លឺ​ពី​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ម្ចាស់​គ្លីនិក​បាន​ទេ​ ព្រោះ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក៕


M30-08-15-z18



គ្លីនិក​ឯកជន​មួយ​ធ្វើ​វះកាត់​ស្ត្រី​ម្នាក់​​ ​បណ្ដាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu