Ad Code

នាវិក​កម្ពុជា​ចំនួន​៤​រូប​ដែល​បាន​រត់គេច​ចេញពី​កប៉ាល់​នៅ​ហ្វីលីពីន​នឹង​មក​ដល់​ភ្នំពេញ​​នៅ​ល្ងាច​នេះ

ភ្នំពេញ ​៖ ​តាម​ការ​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន និង​ក្រុមហ៊ុន​New Unite HK Marine Shipping Ltd នាវិក​សញ្ជាតិ​កម្ពុជា​ចំនួន​​៤​នាក់ ដែល​បាន​រត់គេច​ចេញពី​កប៉ាល់​ឈ្មោះ Blue Emperor1 មាន​ទង់ជាតិ TUVALU ដែល​បាន​ចត​នៅ​កំពង់ផែ Subic ខេត្ត​Luzon នៃ​ប្រទេស​ហ្វីលីពីន ហើយ​ដែល​ត្រូវ​បាន​ស្ថានទូត​កម្ពុជា​ជួយសង្គ្រោះ​នោះ នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៥​និង​១៥​នាទី តាម​ជើង​យន្តហោះ SQ 5008 មកពី​ប្រទេស​សិង្ហ​បុរី។ នេះ​បើតាម​មន្ត្រី​អ្នកនាំពាក្យ​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​មុននេះ។

សូមបញ្ជាក់ថា នាវិក​ចំនួន​៤ នាក់​ដែល​បាន​​ធ្វើ​ការ​នៅលើ​កប៉ាល់​មួយ​ឈ្មោះ Blue Emperor1 នៅ​ប្រទេស​ហ្វីលីពីន បាននាំគ្នា​រត់ចេញ ដោយសារតែ​មានការ​រំលោភ​លើ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។ នាវិក​កម្ពុជា​​៤ នាក់​នោះ​រួមមាន ទី​១, អិន អន ភេទ​ប្រុស កើត​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​១៩៩៤ ទីលំនៅ​បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទី​២. អេង សុជាតិ ភេទ​ប្រុស កើត​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​១៩៧៩ ទីលំនៅ​បច្ចុប្បន្ន ស្រុក​ព្រែក​លួង ខេត្តកណ្តាល ទី​៣. សោម ចំរើន ភេទ​ប្រុស កើត​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​១៩៨៦ ទីលំនៅ​បច្ចុប្បន្ន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ទី​៤. មិត្ត តុលា ​ ភេទ​ប្រុស ​កើត​ថ្ងៃទី ២៣/១១/១៩៨៦ ទីលំនៅ​បច្ចុប្បន្ន ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម។


តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា ស្ថានទូត​បាន​អន្តរាគមន៍​ជាបន្ទាន់​ក្នុង​ការ​សម្រួល​ឲ្យ​នាវិក​ទាំង​នោះ​បាន​មកដល់​ស្ថានទូត​កម្ពុជា​នៅ​ក្រុង​ម៉ានីល កាលពី​យប់​ថ្ងៃ​ទី​២៧ ​ខែ​សីហា ​ឆ្នាំ​២០១៥ និង​បាន​ស្នាក់នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត។ បន្ទាប់ពី​អន្តរាគមន៍​យ៉ាង​ម៉ឺងម៉ាត់​របស់​ស្ថានទូត ខាង​ភាគី​កប៉ាល់ “​ក្រុមហ៊ុន​New Unite HK Marine Shipping Ltd” បាន​សន្យា​ថា​នឹង​ដោះស្រាយ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​នាវិក​ទាំង​៤ រូប​មក​កម្ពុជា​វិញ៕



នាវិក​កម្ពុជា​ចំនួន​៤​រូប​ដែល​បាន​រត់គេច​ចេញពី​កប៉ាល់​នៅ​ហ្វីលីពីន​នឹង​មក​ដល់​ភ្នំពេញ​​នៅ​ល្ងាច​នេះ

Post a Comment

0 Comments

Close Menu