កំពង់ធំ ៖ ក្រុមរុករានកាប់អារឈើរបស់រដ្ឋជាង៣០នាក់ បានដឹកនាំក្រុមប្រឆាំងនឹងការអនុវត្តច្បាប់ របស់សមត្ថកិច្ចមេព្រៃ ដោយការវាយរំដោះយកកាឡេថង ដែលដឹកឈើខុសច្បាប់ចំនួន៣គ្រឿងនៅ ចំណុចភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។ ក្រោយពីវាយរំដោះបាន ក្រុមប្រឆាំងតវ៉ា បានបើកកាឡេថងរត់មកលំនៅដ្ឋានរបស់ខ្លួនតាមបណ្តោយផ្លូវក្រាលក្រួសក្រហម ដែលលាតសន្ធឹងពីកំពប់អំបិល មកកំពង់ថ្ម កាលពីវេលា ម៉ោង ៧និង២០នាទី។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីក្រុមប្រឆាំងគឺក្រុមរុករានកាប់ព្រៃដោយខុសច្បាប់បានបើកមកដល់ចំណុចចម្ការកៅស៊ូ ស្ថិតនៅក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានកម្លាំងចម្រុះមានប៉ូលិសកងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ផ្នែកសឹករង ដឹកនាំកម្លាំងចំនួន ៣ឡាន ចុះទៅស្ទាក់នៅចំណុចខាងលើ. តែត្រូវបានក្រុមនេះបើកកេឡេថង បុករថយន្តរបស់មេព្រៃ ថែមទាំងយកដំបងវាយសំពោងរថយន្តរបស់សមត្ថកិច្ចមេព្រៃបណ្ដាលឲ្យខូចខាតមួយចំនួន ហើយការតវ៉ាប្រឆាំងបានកើតឡើងយ៉ាងក្ដៅគគុក វាយគ្នាទៅវិញទៅមក។ ចុងក្រោយក្រុមប្រឆាំងតវ៉ាបានរត់គេចខ្លួន ក្នុងនោះក៏ចាប់បានមនុស្ស២នាក់ ដែលកំពុងតដៃ សមត្ថកិច្ច ចំណែកកាឡេថង ត្រូវបានសមត្ថកិច្ចរំដោះយកមកបានវិញ។
ជនដៃដល់បង្កហិង្សាជាមួយសមត្ថកិច្ច ត្រូវបានស្គាល់ឈ្មោះទៀត ប៉េ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិរ៉ូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី២ ឈ្មោះអ៊ិន ទិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពង្រលីង ឃុំជាមួយគ្នា។ ជនទាំង២នាក់នេះជាមេដឹកនាំកម្លាំងប្រឆាំងនឹងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការ។
តាមការឲ្យដឹងពីសមត្ថកិច្ច គឺក្រុមវាយរំដោះយកវត្ថុតាង. បានធ្វើសកម្មភាពនាំគ្នាជាង៣០នាក់ ដែលដឹកនាំដោយឈ្មោះ អាឡើង និងបុគ្គល២នាក់នេះ បានធ្វើសកម្មភាពវាយរំដោះយកវត្ថុតាង. ជាច្រើនដងមកហើយ. រួមជាមួយនឹងកាំបិត ពូថៅ និងដំបង. ក្នុងនោះជនដៃដល់ ដែលបាននាំគ្នាប្លន់យកវត្ថុតាង មានឈ្មោះអ៊ិន ទិន ដែលពាក់ឯកសណ្ឋានជា ទាហាន ត្រូវបានជាប់ចោទ ពីបទក្លែងបន្លំឯកសណ្ឋានយោធាដោយខុសច្បាប់ ធ្វើឲ្យសមត្ថកិច្ច និងមហាជនមានការភាន់ច្រឡំ បន្ថែមទៀត។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម. បានឲ្យដឹងថា សកម្មភាពប្លន់យកវត្ថុតាង មានជាច្រើនដង តែដោយសារតែសមត្ថកិច្ចយើងមានការខ្វះខាតកម្លាំង ទើបក្រុមជនល្មើសមាន ឱកាសប្លន់យកវត្ថុតាងបានជាញឹកញាប់ តែយុទ្ធនាការនេះ ត្រូវបានបញ្ជាផ្ទាល់ពីថ្នាក់លើ ឲ្យសហការ ជាមួយសមត្ថកិច្ចចម្រុះធ្វើឲ្យអស់ពីសមត្ថភាព ទើបអាចយកឈ្នះបាន។ លោក សុទ្ធម៉ារី បានបញ្ជាក់ថា ក្រុមជនល្មើសនេះដឹកនាំដោយ អាឡើង បាននាំក្រុមរបស់ខ្លួន. ចូលទៅស្នាក់ការមេព្រៃកំពប់អំបិល ប្លន់យកម៉ូតូ២គ្រឿង រ៉ឺម៉កម៉ូតូ១គ្រឿង និងកាឡេថងដឹកឈើចំនួន៣ គ្រឿង និងវាយកម្ទេចកៅអី. កាត់សោ និងបំផ្លាញសម្ភារៈមួយចំនួនទៀតផង៕
មេដឹកនាំប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចមេព្រៃ វាយរំដោះកេឡេថងដឹកឈើខុសច្បាប់
0 Comments