កណ្ដាល ៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល លោក អ៊ុង តុលា បានថ្លែងប្រាប់ឲ្យដឹងថា ឆ្នាំនេះការប្រឡងសញ្ញាបត្រទុតិយភូមិ នៅមណ្ឌលខេត្តកណ្តាល មានភាពល្អប្រសើរច្រើនហើយសិស្សដែលមិនមានប្រឡង អវត្តមានមានតិចតួចបំផុត ហើយបើពិនិត្យមើលសកម្មភាពការប្រឡងរបស់សិស្សវិញឃើញថា មានសមត្ថភាពច្រើន។
លោក អ៊ុង តុលា បានបញ្ជាក់ថា ឆ្នាំនេះ(2014 .2015)សំរាប់ការប្រឡងសញ្ញាបត្រទុតិយភូមិនៅមណ្ឌលប្រឡងខេត្តកណ្តាល មានបេក្ខជនចំនួន៧២១៨នាក់ ស្រី៣៥៣៣នាក់ អវត្តមានចំនួន១៣០នាក់ ស្រី៤៥នាក់។
អាជ្ញាធរបានរៀបចំឲ្យមានមណ្ឌលប្រឡងចំនួន១៣មណ្ឌល និង២៩១បន្ទប់ ក្នុងនោះមានមណ្ឌលប្រឡងនៅក្នុងក្រុងតាខ្មៅចំនួន១០មណ្ឌល នៅស្រុកស្អាងចំនួន២មណ្ឌល និងស្រុកកណ្ដាលស្ទឹងចំនួន១មណ្ឌល។ ចំពោះសណ្ដាប់ធ្នាប់សន្តិសុខវិញ គ្រប់មណ្ឌលប្រឡងមានភាពល្អប្រសើរទាំងខាងក្រៅ ទាំងខាងក្នុង មានភាពស្អប់ស្ងាត់ ចំពោះបេក្ខជនប្រឡងវិញមានទឹកមុខរីករាយ និងមានសមត្ថភាពចេះដឹងច្រើនជាងឆ្នាំមុន។
លោកប្រធានមន្ទីរបានលើកឡើងឲ្យដឹងថា ការដែលលោកហ៊ានអះអាងអំពីសមត្ថភាពសិស្សប្រឡងឆ្នាំនេះមានសង្ឃឹមជាប់ច្រើន គឺទី១ យើងអនុវត្តតាមគោលការណ៍កំណែទំរង់របស់ក្រសួងអប់រំយុវជន និងកីឡា ទី២មានការបណ្តុះបណ្តាលបំពាក់បំប៉នបន្ថែមដល់សិស្សចំនួន១០សប្ដាហ៍មុនដល់ថ្ងៃប្រឡង ទី៣ សិស្សមានការយល់ដឹងច្រើនព្រោះមានការរឹតបន្តឹង បើមិនចេះប្រឡងមិន
ជាប់ ដូច្នេះសិស្សបានប្រឹងប្រែងរៀនសូត្រ និងកត្តា ទី៤ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាណាព្យាបាលបានលើកទឹកចិត្តជំរុញឲ្យខិតខំរៀនសូត្រ ទើបទទួលបានជ័យជំនះ។
លោក អ៊ុង តុលា បានបញ្ជាក់ប្រាប់ទៀតថា ការប្រឡងបាក់ឌុបឆ្នាំនេះប្លែកជាងឆ្នាំមុនឆ្ងាយណាស់ហើយក៏មិនដែលធ្លាប់មានទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមនិងអង្គភាពប្រឆាំងអំពើពុករលួយ រៀបចំសណ្ដាប់ធ្នាប់សន្តិសុខបានល្អប្រសើរណាស់។
ម្យ៉ាងទៀតការប្រឡងលើកនេះ គឺអភិបាលខេត្តតែម្តង ជាអ្នកដឹកនាំចង្អុលបង្ហាញ ដូចជាកន្លែងទទួលផ្ញើកង់ ម៉ូតូរបស់សិស្សមកប្រឡងមិនឲ្យយកលុយ និងការលើកទឹកចិត្តផ្តល់ជាថវិកាមួយចំនួនដល់សិស្សមុនថ្ងៃប្រឡងជាពិសេសការបំពាក់បំប៉នចំណេះដឹងបន្ថែម មានរយៈពេលដល់តែ១០សប្ដាហ៍ទៀតផង៕
ការប្រឡងសញ្ញាបត្រទុតិយភូមិនៅមណ្ឌលខេត្តកណ្តាល មានភាពល្អប្រសើរច្រើន
0 Comments