កំពង់ឆ្នាំង ៖ មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលបានព្រួតគ្នាវាយជនរងគ្រោះបណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងចំណុចផ្លូវលំមួយកន្លែងភូមិ(ត្អួរលំ) ឃុំ(កំពង់ហៅ) ស្រុកកំពង់លែង។
ប្រភពពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យក្នុងអំពើហិង្សាខាងលើនេះមាន ១-ឈ្មោះ ខេង អេង ភេទប្រុស អាយុ៣៦ឆ្នាំ,២-ឈ្មោះ ខេង រាជ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ/ឃុំ/ស្រុកខាងលើ ត្រូវបានចាប់ខ្លួន ដោយឡែក២នាក់ផ្សេងទៀត គឺ ១-ឈ្មោះ ខេង រក្ស័ និង២-ឈ្មោះ អ៊ន សំបូរណ៍ អ្នកទាំង២បានរត់គេចខ្លួនបាត់ ក្នុងនោះជនរងគ្រោះមានឈ្មោះ ថូ ស្រីទូច អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ លី ភូរិទ្ធ អាយុ២០ឆ្នាំ ពួកគេរស់នៅក្នុងភូមិ/ឃុំ/ស្រុកជាមួយជនល្មើស។
ប្រភពពីសមត្ថកិច្ចខាងលើដដែលបាននិយាយឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតចេញជាអំពើហិង្សាវាយតប់គ្នានេះឡើង គឺខណៈដែលជនរងគ្រោះបានជិះម៉ូតូឌុបគ្នា២នាក់ ហើយពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះជិះម៉ូតូកាត់ប៉ះចំទឹកបាចសាចទៅប៉ះខាងក្រុមជនល្មើសពេលនោះខាងក្រុមជនល្មើសមានគ្នាច្រើនបានជិះម៉ូតូដេញស្ទាក់ម៉ូតូជនរងគ្រោះ ហើយស្រែកជេរឡូឡាបណ្ដាលឲ្យមានការប្រតាយប្រតប់គ្នា ភ្លាមៗនោះ ខាងជនល្មើសមានគ្នា២នាក់ផ្សេងទៀតបានស្ទុះហក់ចូលវាយជនរងគ្រោះជ្រមុជទឹកទន្លេទាំង២នាក់ ខ្លះជាំមុខបែកថ្គាម បែកមាត់ និងសន្លប់នៅក្នុងទឹក ដោយបានឈ្មោះ ចាន់ និងឈ្មោះ រ៉ា ឃើញជួយស្រង់យកចេញពីក្នុងទឹក ហើយនាំយកទៅផ្ទះ និងបានប្តឹងសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានជនបង្ក២នាក់កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តចាត់ការបន្ត។ ក្រោយធ្វើការសាកសួរជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ។ ដោយឡែក ជនល្មើស២នាក់ផ្សេងទៀតដែលរត់គេចខ្លួន សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ក្នុងករណីអំពើហិង្សា
0 Comments