ភ្នំពេញ ៖ រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋចំនួន៣ រាជាធានី ខេត្តហើយបានចេញមុខទាមទារលុយ ដែលពួកគាត់យកទៅចូលរួមក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV) ពីគណបក្សសង្គ្រោះជាតិវិញ នេះបើយោងតាមញត្តិដែលការិយាល័យរបស់យើងទទួលបានជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាមានការទាមទារបែបនេះក្ដី គណបក្សនៅតែបន្តភាពស្ងៀមស្ងាត់ដោយមិនមានការពន្យល់យ៉ាងណានោះទេ។
តាមលិខិត ក៏ដូចជាញត្តិដែលការិយាល័យរបស់យើងទទួលបានកាលពីវេលាម៉ោង៤ និង០៥ នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ មុននេះបានបញ្ជាក់ថា ការទាមទាររបស់ម្ចាស់មូលនិធិនេះ ដោយសារតែពួកគាត់មានការសង្ស័យពីការប្រព្រឹត្តិអំពើពុករលួយលើការប្រមូលលុយនេះ ជាពិសេសនៅពេលដែលលោក យឹម សុវណ្ណ បានប្រកាសបញ្ឈប់ការផ្សាយចំនួនទឹកប្រាក់ដែលប្រមូលបានក្នុងកម្មវិធីវិទ្យុ ក៏ដូចជាតាម TV Online CNRP ហើយពួកគាត់ថែមទាំងទាមទារលុយវិញទៀតផង។
យោងតាមលិខិតមួយពីប្រជាពលរដ្ឋនៅភ្នំពេញបានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាចំនួន៣០ គ្រួសារ រស់នៅសង្កាត់ផ្សារថ្មី២ ក្នុងរាជធានីភ្នំពេញដែលធ្លាប់បានប្រមូលលុយគ្នាបានប្រមាណ២៥០០ ដុល្លារអាមេរិក ដើម្បីយកទៅបង់វិភាគទានក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ មានសេចក្ដីសោកស្ដាយនិងងឿងឆ្ងល់ជាខ្លាំង ក្រោយពីបានទទួលព័ត៌មានចុះផ្សាយតាមវ៉េបសាយ CEN COM.Kh ត្រូវឯកឧត្ដម យឹម សុវណ្ណ ប្រាប់ថា ចាប់ពីពេលនេះ តទៅបញ្ឈប់ការផ្សាយអំពីចំនួនទឹកប្រាក់ដែលប្រមូលបានក្នុងកម្មវិធីវិទ្យុក៏ដូចជាតាម TV Online CNRP ទៀត ដោយពុំបានបញ្ជាក់ពីមូលហេតុឲ្យច្បាស់លាស់”។
ដោយឡែកតាមលិខិតមួយទៀត ពីប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មានស្នាមមេដៃផងនោះបានលើកឡើងថា “យើងខ្ញុំប្រជាពលរដ្ឋចំនួន២៧ គ្រួសារ ជាសមាជិកគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀងដែលជាអ្នកបរិច្ចាគវិភាគទានជូនទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិបានមកប្រជុំគ្នាពិភាក្សាគ្នានៅថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០១៥ ហើយអ្នកទាំងអស់គ្នាបានសម្រេចយល់ស្របទាំងស្រុងចំពោះការទាមទារលុយវិភាគទានទាំងអស់ដែលពួកខ្ញុំបានចូលរួមឲ្យមកពួកខ្ញុំវិញ។ ដោយការជឿសម្តីឃោសនាទាំងស្រុងរបស់ឯកឧត្ដមប្រធាន សម រង្ស៊ី និងឯកឧត្ដមអនុប្រធាន កឹម សុខា និងបានបញ្ជាទៅឯកឧត្ដម រៀល ខេមរិន្ទ្រ តំណាងរាស្ត្រខេត្តស្វាយរៀង បញ្ចុះបញ្ចូលពួកខ្ញុំឲ្យយកលុយដែលបានខំប្រឹងប្រែងកមក ដើម្បីចិញ្ចឹមជីវិត ដោយខ្លះធ្វើស្រែចម្ការ ខ្លះធ្វើជាកម្មករសំណង់ ខ្លះរត់ម៉ូតូឌុប មកចូលរួមជាមួយទូរទស្សន៍នេះ”។
ជាមួយនិងការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋបានស្នើឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា ប្រគល់លុយទាំងនោះឲ្យមកពួកពួកគាត់វិញ ពីព្រោះវាជាលុយដែលពួកគាត់ខំរកយ៉ាងលំបាក និងខំសន្សំជារៀងរាល់ថ្ងៃ៕
ប្រជាពលរដ្ឋចេញមុខទាមទារឲ្យគណបក្សសង្គ្រោះជាតិសងលុយពួកគាត់វិញ
0 Comments