ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U-16) បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយលទ្ធផល ២ ទល់ ០ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃសៅរិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៥ ម្សិលមិញនៅទីលាន Arena Stadium ក្នុងទីក្រុងកូឡាឡំពួរ មុនចេញដំណើរទៅប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC U-16 Championship 2016 នៅប្រទេសសិង្ហបុរី។
ក្រុម U-16កម្ពុជា ដែលមានសមាជិក ២៣ នាក់និងថ្នាក់ដឹកនាំ ៧ នាក់បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២៧ ខែ សីហា ឆ្នាំ ២០១៥ ម្ល៉េះ។ លោក Yusuke Iki គ្រូបង្វឹកប្រចាំសាលាបាល់ទាត់ជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឱ្យធ្វើជាគ្រូបង្គោលសម្រាប់ដឹកនាំក្រុមកម្ពុជា ចូលរួមក្នុងពានរង្វាន់ ហើយលោក គឹម ភក្ដី និង លោក ជឿន សុភី ជាគ្រូជំនួយ ហើយលោក ប្រាក់ វណ្ណនី ជាគ្រូអ្នកចាំទី និង លោក ស្រ៊ុន សីហា ជាអ្នកបកប្រែ។
កីឡាករចំនួន ២៣ នាក់បានបង្ហាញខ្លួនក្នុងការប្រកួតនេះមានដូចជា អាត អូនតូច, ហេង ទីណា, គង់ រ៉ាផាត, ហុល គឹមហ៊ុយ, ទេស សម្បត្តិ, យ៉េត ចិត្រា, គង់ ច័ន្ទសិរសា, យឺ សាហ្វី, រ័ត្ន ប៊ុននូ, សឿត ណាវ៉ា, ឈឿង វិស្ណុ, ទៀត គឹមហេង, សៀន សុភត្រា, ឡាត វណ្ណី, សេត ម៉ាស៊ូត, ឡូន ទេន, សួន សុភត្រា, ឡុង ម៉េងហាវ, ទុន សំឈី, សឹង្ហ កក្កដា, ត្រៃ វិចិត្រ, សាន្ត គឹមហេង, សៀង ចាន់ធា។
ប្រកួតបន្ទាប់ក្រុមកម្ពុជា ត្រូវទៅចូលរួមក្នុងវគ្គជម្រុះ ពូល H នៃពានរង្វាន់ AFC U-16 Championship 2016 នេះ ដោយមានក្រុម កូរ៉េខាងជើង, ថៃ, កម្ពុជា និង ម្ចាស់ផ្ទះសិង្ហបុរី ដោយចាប់ប្រកួតពីថ្ងៃទី២ ដល់ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១។ ក្រុមខ្លាំងក្នុងពូលចំនួន ២ មានឱកាសឡើងទៅលេងជុំបន្ទាប់។
កម្មវិធីប្រកួតជម្រុះក្នុងពានរង្វាន់ប្រចាំទ្វីបនេះក្រុម U-16កម្ពុជា ត្រូវប្រកួតជាមួយក្រុមកូរ៉េខាងជើង នៅថ្ងៃបើកឆាក ពោលគឺនៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ នៅកីឡដ្ឋាន Jalan Besar Stadium ក្នុងតំបន់ Kallang ប្រកួតទី២ ក្រុម U-16 កម្ពុជា ត្រូវជួបក្រុម U-16 របស់ថៃ នៅថ្ងៃទី ៤ កញ្ញា នៅកីឡដ្ឋានដដែល និងប្រកួតចុងក្រោយ U-16កម្ពុជា ជួបក្រុម U-16សិង្ហបុរី នៅថ្ងៃទី ៦ ខែ កញ្ញា ខណៈថ្ងៃទី ៧ ខែ កញ្ញា ក្រុមទាំងមូលនឹងត្រឡប់មកប្រទេសកំណើតវិញ។
ចំណែកក្រុម U-16ម៉ាឡេស៊ី ត្រៀមខ្លួនទៅប្រកួតជម្រុះក្នុងពូល G នៃពានទ្វីបអាស៊ី AFC U-16 Championship 2016 ជាមួយក្រុមម្ចាស់ផ្ទះឡាវ ហ្វីលីពីន កោះNorthern Mariana និង ក្រុមទីម័រខាងកើត៕
U-16 កម្ពុជា ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ២ ទល់ ០ ក្នុងជំនួបមិត្តភាព
0 Comments