Ad Code

លេខ​សម្ងាត់​នៃ​បន្ទប់​ប្រឡង​ ក៏​ជា​រឿង​សំខាន់​ក្នុង​កំណែ​កិច្ច​ការ​បេក្ខជន​ដែរ

កន្លង​មក​គេ​តែង​សង្កេតឃើញ ការងារ​កំណែ​នៃ​កិច្ច​ការ​របស់​បេក្ខជន ដែល​តែង​មាន​អំពើ​ពុក​រលួយ​ផ្តើម​ចេញ​ពី​ផ្ទៃ​ក្នុង​នោះ គឺ​ការ​បែក​ធ្លាយ​លេខ​ និងអក្សរ​កាត់​សម្ងាត់​ក្នុងការ​សម្គាល់​បន្ទប់​នីមួយៗ តាមមណ្ឌល​ប្រឡង​តែម្តង។ កាល​ណា​គ្រូ​ជាអ្នក​កំណែ​បាន​ដឹង​អំពី​អក្សរ​កាត់​ សម្រាប់​សម្គាល់​បន្ទប់​ប្រឡង​នោះ គឺ​គេ​អាច​តាមដាន​បន្ត​តាម​លេខ​រៀង​ រហូត​បាន​ទៅ​ដល់​ឈ្មោះ​បេក្ខជន​ដែល​គេ​ចង់​ជួយ​នោះពិត​ប្រាកដ។ ប៉ុន្តែ​ក្នុងករណី​ដែល​ឈ្មោះ​​​សម្ងាត់​នៃ​បន្ទប់​ប្រឡង​មិន​បាន​ឆ្លុះ​ធ្លាយ​ទេនោះ ទើប​បញ្ហា​សូក​ប៉ាន់ ឬការ​ជួយ​បន្ថែម​ពិន្ទុ​ក្នុងពេល​ធ្វើ​កំណែ​នោះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន។


ចំពោះ​អំពើ​ពុក​រលួយ​ដ៏​ធំ​មួយ​កន្លង​មក​គឺ ជា​ឋិត​នៅលើ​ប្រធាន​មណ្ឌល​ និង​មេ​ប្រយោគ​ខាង​កំណែ​តែ​ម្តង ដែល​តែង​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​តាម​រយៈ​ការ​ពឹង​ពាក់​ពី​ខាង​ក្រៅ​ ឬតាម​រយៈ​ការទទួល​លុយ​គេ​ដើម្បី​ធ្វើ​ឲ្យ​បេក្ខជន​នោះ​បាន​ប្រឡង​ជាប់។ ​អ្នក​ដែល​ឆ្លាត​ខាង​ការ​សូក​ប៉ាន់​នោះ គឺ​គេ​មាន​ឱកាស​ក្នុងពេល​ធ្វើកំណែ​ពិតប្រាកដ ព្រោះ​គេឆ្លៀត​ធ្វើទៅ​បានអាស្រ័យ​នឹង​ការ​ដឹងឈ្មោះ បន្ទប់​ជាអក្សរ​កាត់​សម្ងាត់​រួច​ហើយ​គេ​បន្ត​តាម​លេខ​រៀង ទីប៉ុន្មាន​នោះទៅ​តាម​លំដាប់​ដូច​បញ្ជី​ឈ្មោះ​បេក្ខជន​ដែលបិទ​តាម​បន្ទប់​ប្រឡង​នោះដែរ។


គប្បី​បញ្ជាក់ថា ពីមុនៗ នោះ​ការ​បង្កើត​ជា​អក្សរ​សម្ងាត់​សម្រាប់​សម្គាល់​បន្ទប់​ប្រឡង​នោះ​ជា​ភារកិច្ច​របស់​ប្រធាន​មណ្ឌល​នីមួយៗ ទៅ​តាម​​ការកែច្នៃ​របស់គាត់​តាម​រយៈ​ការលាក់​ការ​ឲ្យ​ខ្ពស់​ ឬឲ្យ​បាន​ជិតល្អ។ បានសេចក្តី​ថា ឈ្មោះ​នៃ​បន្ទប់ ប្រឡង​ដែលគេ​កាត់​ក្បាល​ក្រដាស​រួច​ហើយ​នោះគេ​មើល​មិន​ដឹង​ថា ជាបន្ទប់​ណា​នោះ​ទេ​ គឺ​មេប្រយោគ​ខាង​កំណែក៏​មិន​បាន​ដឹងនោះដែរ។ ឈ្មោះ​សម្ងាត់​នៃ​​បន្ទប់​ប្រឡង​គេ​តែង​យល់ថា មាន​តែ​ប្រធាន​មណ្ឌល​តែម្នាក់​គត់​ ដែល​បាន​ដឹង​ពីរឿង​នោះ ដោយ​មាន​កត់​ត្រា​យ៉ាង​សម្ងាត់​រក្សា​ទុក​បានល្អ​ផ្ទាល់​ខ្លួន។


ប៉ុន្តែ​ចំពោះ​អ្នក​កំណែ​នោះ​មិន​បាន​ដឹង​ទេ គឺ​ដឹង​តែម្យ៉ាង​គត់ គឺ​រឿង​ធ្វើ​កំណែ​កិច្ច​ការ​បេក្ខជន​ស្រប​ទៅ​តាម​ការណែនាំ​នៃ​កំណត់​ត្រា​សម្រាប់​ដាក់​ពិន្ទុ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នកណា​បាន​ដឹង​អំពី​ការ​បង់​ឈ្មោះ​បន្ទប់​(លេខបន្ទប់)នោះ​ប្រាកដ​ជា អ្នក​កំណែ​មាន​លទ្ធ​ភាព​ក្នុងការ​ជួយ​បេក្ខជន​ ឬតាម​រយៈ​ការទាក់​ទងគ្នា ជាមួយ​នឹង​អ្នក​កំណែ​ដទៃ​ទៀត ឲ្យ​ជួយ​ជ្រោម​ជ្រែង​ ក្នុងការ​ដាក់​បន្ថែម​ពិន្ទុ គឺ​លៃយ៉ាងណា ដើម្បីធ្វើ​ឲ្យ​បេក្ខជន​នោះ​បាន​កើន​ពិន្ទុ​រហូតដល់​ការ​ប្រឡង​ជាប់។ ជួន​កាល​ទៀត​ លេខ​បន្ទប់​ជាអក្សរ​សម្ងាត់​នោះ​មាន​ការ​បែកធ្លាយ​តាមរយៈ​ប្រធាន​មណ្ឌល​តែ​ម្តង​ក្នុងកិច្ច​សហការ​ ជាមួយ​អ្នក​កំណែ​ឲ្យ​បាន​​បង្កើន​ពិន្ទុ​ទៅ​លើ​ចំណុច​កិច្ច​ការ​ជាគោល​ដៅ​របស់​គាត់ ឬហៅថា ជាអតិ​ថិជន​របស់គាត់។ ដូចនេះ​ចំពោះ​ការ​បែក​ធ្លាយ​លេខ​បន្ទប់​ជា​ការបង់​អក្សរ​សម្ងាត់​នោះ​តែង​​ធ្វើ​ឲ្យ​ការប្រឡង​មិន​មាន​ភាព​យុត្តិ​ធម៌​នោះទេ គឺវាជា​មូល​ដ្ឋាន​នៃ​អំពើ​ពុក​រលួយ​ចេញពី​ផ្ទៃ​ក្នុង​ដូចពាក្យ​ចាស់​ពោលថា ដង្កូវ​កើត ពីសាច់​រមែង​ស៊ីសាច់​យ៉ាង​ដែរ។


ចាំមើល​អំពី​បញ្ហា​កំណែ​កិច្ច​ការ​បេក្ខជន​លើក​នេះ​ទៀត​ថា តើខុស​ស្រឡះ ពីមុន​ដែរទេ ឬក៏​មាន​លក្ខណៈ​ត្រីងៀត ឆ្លៀតពងដែរ? កន្លង​មក​គេ​តែង​មាន​ការសរសើរ​អំពី​ប្រសិទ្ធ​ភាព​នៃ​ការប្រឡង​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៤-២០១៥ ប្រព្រឹត្ត​ទៅល្អ ប្រសើរ​ណាស់។ ទាំង​វិញ្ញាសា​ក៏​មិន​មាន​ការ​បែកធ្លាយ​ ទាំង​ការ​បោះ​ប្រ៊ុយ​យ៉ុង ក៏​គ្នាន​ ការប្រឡង​របស់​សិស្ស​តាម​បន្ទប់​ក៏​មិន​មាន​ការ​រៃ​អង្គាស​លុយ ឲ្យ​អនុរក្ស​ដែល​ទាំងអស់​នេះ ជា​របៀប​របប​ថ្មី ប្រកប​ដោយ​សណ្តាប់ធ្នាប់ និង​របៀប​រៀប​រយ​ល្អ​ក្នុងការ​ប្រឡង​ គួរ​យក​ជា​ការបាន​ហើយ។


សរុប​សេចក្តីមក​នេះ​គេ​នៅ​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មី មួយ​ទៀត ក្នុងពេល​ធ្វើ​កំណែ​នេះ​ថា តើ​មាន​អំពើ​ពុករលួយ​ជ្រែតជ្រែក បាន​ដែរឬទេ? ជាពិសេស​គេចាំ​សង្កេត​មើល​ថា តើ​មណ្ឌល​ណា​មាន​ការបែក​ធ្លាយ​លេខ​សម្ងាត់​នៃបន្ទប់​ប្រឡង​ដល់​គ្រូ​ជាអ្នក​កំណែ? បើ​ពុំ​មាន​ការ​បែក​ធ្លាយ​នៃ​ការបង់​អក្សរ​សម្ងាត់​តាម​លេខ​បន្ទប់​ទេ នោះអាច​កំណត់​បាន​ថា ជោគជ័យ​នៃ​ការប្រឡង​បាន​ចប់ចុង​ចប់​ដើមពិត​មែន៕



លេខ​សម្ងាត់​នៃ​បន្ទប់​ប្រឡង​ ក៏​ជា​រឿង​សំខាន់​ក្នុង​កំណែ​កិច្ច​ការ​បេក្ខជន​ដែរ

Post a Comment

0 Comments

Close Menu