សៀមរាប ៖ រថយន្តដឹកដីមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូហុងដាពីក្រោយ ខណៈដែលជិះស្របទិសគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើករថយន្តចុះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង៥០នាទីថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកដីបានបើកលឿនស្របទិសគ្នាជាមួយម៉ូតូ ពីកើតទៅលិចឡើងវ៉ា តែមិនផុត ក៏ចូលមកវិញជ្រុលចង្កូត បុកម៉ូតូហុងដាពណ៌ខ្មៅពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។។
សាក្សីបន្តថា ក្រោយពីកើតហេតុមួយសន្ទុះក៏ឃើញសមត្ថកិច្ចចរាចរណ៍ចុះមកធ្វើការវាស់វែងដើម្បីយកម៉ូតូចេញ និងសពជនរងគ្រោះដាក់ទៅម្ខាងកុំឲ្យកកស្ទះចរាចរណ៍។
មន្ត្រីនគរបាលសណ្ដាប់ធ្នាប់ស្រុកប្រាសាទបាគងបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែសីហានេះថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ ឃើញជនរងគ្រោះដែលជិះម៉ូតូតែម្នាក់ឯងនោះបានស្លាប់បាត់បង់ទៅហើយ។ ចំណែកអ្នកបើករថយន្តត្រូវបានគេចខ្លួនបាត់បន្សល់នៅរថយន្តដឹកដីតែប៉ុណ្ណោះ។ មន្ត្រីដដែលបានបន្តថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯងដែលត្រូវឡានបុកស្លាប់នោះមានទី១/ឈ្មោះ ព្រាប សឹង ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិខ្នាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១D ២៥៣៥បើកបរមកពីទិសខាងកើតទៅលិច។ ចំណែកអ្នកបើកបររថយន្តដឹកដីរត់បាត់ បន្សល់ទុករថយន្តម៉ាកMSTSUZ ពណ៌សលាយបៃតងពាក់ស្លាកលេខសៀមរាប៣A១៣៥២បើកបរមកពីកើតទៅលិចដូចគ្នាបម្រុងឡើងវ៉ា តែអកុសលវ៉ាមិនផុតក៏បុកម៉ូតូហុងដារួចជ្រុលចង្កូតធ្លាក់ម្ខាងផ្លូវដោយខ្លួនឯងចុះ គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចចរាចរណ៍ស្រុកប្រាសាទបាគងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
រថយន្តដឹកដីព្រលះម៉ូតូសង់ចំពីក្រោយលាន់ដូចរន្ទះបណ្ដាលឲ្យស្លាប់ភ្លាមៗ
0 Comments