Ad Code

ទស្សនៈ​ស្មេរ ៖ ការ​បង្កើត​ឡើង​គណបក្ស​នយោបាយ​ថ្មី ជា​ការ​បង្ហាញ​នូវ​ភាព​រីកចម្រើន​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​

ថ្វីត្បិតតែ​ការបោះឆ្នោត​សកល​អាណត្តិ​ទី​៦ ហាក់បីដូចជា​នៅ​ឆ្ងាយ​សន្លឹម​ក៏​ពិត​មែន ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដណ្ដើម​អំណាច​ក្នុង​ការ​បោះឆ្នោត បាន និង​កំពុង​តែ​លេចចេញ​ជា​រូបរាង​ទៅ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តាមរយៈ​ការ​បង្កើត​គណបក្ស​នយោបាយ​ជាច្រើន។ ដោយ​មិន​រាប់​ពី​គណបក្ស​នយោបាយ​ដែល​មាន​រួច​មក​ហើយ និង​ធ្លាប់​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត យ៉ាងហោចណាស់​ក៏​មាន​គណបក្ស​នយោបាយ​ចំនួន​៣​ដែរ ដែល​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា កំពុង​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​ក្នុង​ល្បែង​នយោបាយ​នេះ។​


គណបក្ស​ទាំង​៣​នោះ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដឹក​នាំ​ដោយ​លោក យ៉ង សាំង​កុមារ ដែល​ប្រកាស​ថា​ខ្លួន​នឹង​ជួបជុំ​សមាជិក​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​ប្រាប់​ពី​គោលការណ៍​ក្នុង​ការ​បង្កើត​នេះ។ ឯ​គណបក្ស​ចំនួន​២​ទៀត​ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​គណបក្ស​លោកតា ម៉ម សូណង់ដូ និង​គណបក្ស​អំណាច​ប្រជាពលរដ្ឋ​របស់​លោក​ សួន សេរី​រដ្ឋា ដែល​ទើប​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើក​លែង​ទោស​កាល​ពី​ពេល​ថ្មីៗ​នេះ។​


ជា​ការ​ពិត​ណាស់​ ការ​បង្កើត​ជា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ​វា​ពិតជា​បាន​បង្ហាញ​ពី​មហិច្ឆតា នៃ​ការដឹកនាំ​ប្រទេស​ទៅតាម​គោលនយោបាយ​របស់​គណបក្ស ឬ​របស់​បុគ្គល ដែល​នៅមុន​ការ​បោះឆ្នោត​ គេ​តែងតែ​ដើរ​ឃោសនា​អំពី​ភាព​ល្អ​ប្រសើរ នៃ​ការដឹកនាំ​របស់​ខ្លួន​ ដើម្បី​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ការ​រីកចម្រើន ឱ្យ​មាន​សុខ​សន្តិភាព ស្ថិរភាព​ទាំង​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ រួម​ទាំង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច បើ​ទោះបីជា គណបក្ស​នោះ ឬ​បុគ្គល​នោះ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន​ ឬ​អាច​និយាយ​ ម្យ៉ាងទៀត គ្រាន់តែ​ជា​ការ​ភូតភរ​កុហក​ដើម្បី​សន្លឹកឆ្នោត​ក្តី។ ប៉ុន្តែ​អ្វី​ដែល​ជ្រាលជ្រៅ​ជាង​នេះ​ទៀត​នោះ គឺថា​ការ​បង្កើត​គណបក្ស​នយោបាយ​កាន់តែ​ច្រើន​ឡើងៗ​ជា​បន្តបន្ទាប់ បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ឯង។


លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ចាប់​ពន្លក​នៅ​ក្នុង​ឆ្នាំ​១៩៩៣ គឺជា​ពេល​ដែល​ព្រះរាជាណា​ចក្រ​ទី​២​ចាប់បដិសន្ធិ​ឡើងវិញ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​លោក លន់ នល់ ដែល​មាន​ការ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​កម្ទេច​ចោល​នៅ​ក្នុង​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០។ ពិត​ណាស់ ​ដើម្បី​មហិច្ឆតា​អំណាច​ទាំង​ងងឹតងងល់ បន្ទាប់ពី​បាន​ចាប់​ពន្លក​លទ្ធិប្រ​ជាធិបតេយ្យ​នៅ​កម្ពុជា ​តែងតែ​ត្រូវ​បាន​មនុស្ស​ខ្មែរ​មួយ​ចំនួន និង​ពួក​បរទេស​មួយ​ចំនួន​ព្យាយាម​ក្ដិចត្រួយ និង​កាច់​បំបាក់ ដោយ​បាន​ប្រើប្រាស់​គ្រប់​ឧបាយកល និង​គ្មាន​ការ​អៀនខ្មាស ក្នុង​ការ​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ក្រោម​លេស​ថា កម្ពុជា ឬ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ ការ​ធ្វើ​សកម្មភាព​ក្នុង​ការ​តវ៉ា ការ​ទាមទារ​ផ្សេងៗ​គ្មាន​ការអនុញ្ញាត ហើយ​ជួនកាល​នាំ​ទៅ​ដល់​ការ​បង្ក​អរិយភាព​ជាមួយ​ប្រទេសជិតខាង​យ៉ាង​ណា​ក្តី។​


យ៉ាងណាក៏ដោយ មកដល់​ឆ្នាំ​២០១៥​នេះ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ប្រទេស​ជា​មិត្ត​ជាច្រើន​ទទួល​ស្គាល់​ថា បាន និង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿនលយ ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ឥត​សំចៃ​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង និង​ពង្រីក​នូវ​រាល់​សកម្មភាព​របស់​ខ្លួន ដែល​នៅតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បាន និង​កំពុង​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់អំណាច ហើយ​ការ​ព្យាយាម​បំភ្លៃ​សភាពការណ៍​ពិត​របស់​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​ទៅ​អនាគត វា​គ្រាន់តែ​ស្ថិត​នៅ​ក្នុង​ពាក្យ​ទំនៀម​ខ្មែរ​ ដែល​និយាយ​ថា «​ឆ្កែ​ចេះតែ​ព្រូស មនុស្ស​ចេះតែ​ដើរ​» តែប៉ុណ្ណោះ៕



ទស្សនៈ​ស្មេរ ៖ ការ​បង្កើត​ឡើង​គណបក្ស​នយោបាយ​ថ្មី ជា​ការ​បង្ហាញ​នូវ​ភាព​រីកចម្រើន​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​

Post a Comment

0 Comments

Close Menu