នោះប្រហែលជាសភាវគតិពីធម្មជាតិរបស់អ្នកហើយ ដែលងើយក្បាលទៅខាងក្រោយ ខណៈពេលអ្នកកើតមានអាការៈហូរឈាមតាមច្រមុះនោះ។ ប៉ុន្ដែវាមិនមែនមានរបៀបដែលធ្វើយ៉ាងដូច្នេះតែម្យ៉ាងនោះទេ ហើយលើសពីនេះទៅទៀត វាអាចកើតមានគ្រោះថ្នាក់ទៅវិញទេ។ នេះជាការលើកឡើងដោយក្រុមអ្នកជំនាញការឯកទេស។
នោះក៏ដោយសារតែធ្វើឲ្យឈាមត្រូវហូរធ្លាក់ចូលទៅតាមបំពង់ក (បំពង់អាហារ) របស់អ្នកដែលនាំឲ្យបំផ្លាញអន្ដរាយដល់រូបកាយរបស់អ្នកថែមទៀតផង។ នេះជាការលើកឡើងដោយលោក Jeffrey Suh សាស្ដ្រាចារ្យផ្នែកវះកាត់ផ្នែកបំពង់ក នៅឯសាកលវិទ្យាល័យ David Geffen School of Medicine University of California ក្រុង Los Angeles។
ប្រសិនបើលំហូររបស់ឈាមនោះ វាកាន់តែច្រើន ហើយធ្លាក់ចូលទៅក្នុងក្រពះរបស់អ្នក វាអាចបណ្ដាលឲ្យអ្នកក្អួតចង្អោរចេញមកវិញបាន។
ម្យ៉ាងទៀតឈាមនោះ អាចបណ្ដាលឲ្យប៉ះ ពាល់ដល់សួតរបស់អ្នក ប្រសិនបើវាជ្រៀតចូលទៅតាមបំពង់ខ្យល់ដង្ហើម ដែលនាំឲ្យកើតទៅជាជំងឺរលាកសួត ប្រសិនបើក្នុងឈាមនោះមានផ្ទុកទៅដោយបាក់តេរី ដែលឆ្លងចេញមកពីបំពង់ករបស់អ្នក។
ជាជំនួសមកវិញ ចូរអ្នកប្រើប្រាស់វិធីសាស្ដ្រដែលពោរពេញទៅដោយសុវត្ថិភាព គឺចូរអ្នកយកម្រាមដៃទៅច្បិចបិទរន្ធច្រមុះពីលើចម្រុះត្រង់ឆ្អឹងខ្ទង់ច្រមុះ។ ការធ្វើយ៉ាងនេះ នាំឲ្យមានជាសម្ពាធមួយដើម្បីសង្កត់ទៅលើសរសៃឈាមដែលនៅក្នុងរន្ធច្រមុះ ហើយដែលជួយធ្វើឲ្យឈាមកកយ៉ាងឆាប់រហ័ស។ នេះជាការលើកឡើងដោយវេជ្ជបណ្ឌិត Dr. Jennifer Villwock ផ្នែកវះកាត់ច្រមុះ ត្រចៀក បំពង់ក នៅឯសាកលវិទ្យាល័យ State University of New York’s Upstate Medical University។ ជាបន្ទាប់មកទៀត ចូរអ្នកផ្អៀងក្បាលឱនមកខាងមុខ។ មធ្យោបាយដែលធ្វើយ៉ាងនេះ នាំឲ្យឈាមដែលមាននៅក្នុងច្រមុះរបស់អ្នករួចមក ហើយអាចហូរចេញមកក្រៅទាំងអស់ជាជាងធ្វើតាមទម្លាប់ដែលនាំឲ្យវាហូរបញ្ច្រាសចូលទៅក្នុងបំពង់កនោះ។
ដោយឡែកក្រៅពីអនុវត្ដបានយ៉ាងនេះហើយចូរសាកល្បងប្រើថ្នាំ Spray បាញ់ចូលច្រមុះហៅថា decongestant nasal spray ដូចជាថ្នាំឈ្មោះ Afrin ពេលដែលឈាមចាប់ផ្ដើមហូរចេញមក មុនពេលអ្នកយកម្រាមដៃទៅសង្កត់ពីលើឆ្អឹងខ្ទង់ច្រមុះពីខាងក្រៅ ដើម្បីទប់កុំឲ្យឈាមចេះតែហូរចេញមកនោះ។
ភាគច្រើនណាស់នៃអាការៈហូរឈាមតាមរន្ធច្រមុះ វាអស់ទៅវិញនៅក្នុងរយៈពេលមិនលើសពី១៥នាទីទេ។ ប៉ុន្ដែប្រសិនបើអាការៈបែបនេះវាអូសបន្លាយពេលលើសពី២០នាទីហើយនោះ ចូរអ្នកស្វែងរកការជួយអន្តរាគមន៍ពីវេជ្ជបណ្ឌិតផ្នែកច្រមុះ ត្រចៀក បំពង់ក។ វេជ្ជបណ្ឌិតឯកទេសនោះអាចជួយអ្នកបាន ដោយតម្រូវឲ្យមានការព្យាបាលណាមួយជាជម្រើសសម្រាប់អាការៈរបស់អ្នក៕
Fox News
វិធីដ៏ត្រឹមត្រូវ ដើម្បីបញ្ឈប់អាការៈហូរឈាមតាមច្រមុះ
0 Comments