ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះម៉ូតូលឿនក្នុងស្ថានភាពស្រវឹងផងនោះ បានបុកជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿង ខណៈដែលរថយន្តនេះបើកបត់ឆ្លងផ្លូវពេលបុករួចបានបើកគេចខ្លួនបាត់ស្រមោល។
ករណីនេះកើតឡើងកាលវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រពណ៌ខ្មៅអត់ស្លាកលេខបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបត់ឆ្លងផ្លូវពីជើងទៅត្បូង គាប់ជួនពេលនោះមានម៉ូតូរបស់ជនរងគ្រោះម៉ាកSl ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1AE1697បើកបរដោយស្ថានភាពស្រវឹងជិះក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនបានបុកជាមួយរថយន្តនោះពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់បែកថ្គាមខាងស្ដាំហូរឈាមស្រោចពេញខ្លួនតែម្ដង នៅពេលគេសួរនាំជនរងគ្រោះបានព្យាយាមមិនប្រាប់ឈ្មោះទេហើយក៏មិនឲ្យក្រុមអ្នកកាសែតថតដែរ។ ក្រោយពេលបុករួចរថយន្តបង្កបានបើកគេចខ្លួនបាត់មិនបាននៅមើលជនរងគ្រោះនាំឲ្យវែងឆ្ងាយទេ។
បន្ទាប់មកគេបាននាំជនរងគ្រោះទៅកាន់ពេទ្យឯកជនដើម្បីជួយសង្គ្រោះ៕
បើកឡានឆ្លងផ្លូវបុកអ្នកជិះម៉ូតូរបួសធ្ងន់ឡានរត់គេចបាត់
0 Comments