ភ្នំពេញ ៖ តារាសម្ដែងល្បីឈ្មោះរបស់សិង្ហបុរីជាង២០រូបនឹងត្រូវបានដាក់ឲ្យអ្នកគាំទ្រនៅកម្ពុជា ធ្វើការបោះឆ្នោត ដើម្បីស្វែងរកម្ចាស់ជយលាភីទទួលពានរង្វាន់ដែលនឹងប្រគល់នៅកម្ពុជាផ្ទាល់។ កម្មវិធីនេះលើកដំបូងនេះមានឈ្មោះថា «ពានរង្វាន់តារាឯកសាំងហ្គាពួរ »ត្រូវបានរៀបចំដោយទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ(PPCTV បានសហការជាមួយក្រុមហ៊ុនMediaCorp របស់ប្រទេសសិង្ហបុរី)។
លោក ជាម គុណធី ប្រធានគ្រប់គ្រងកម្មវិធីខាងលើបានបញ្ជាក់ថា នេះជាកម្មវិធីធំនៅប្រទេសគេ។ នេះជាលើកទី១ទេសម្រាប់ប្រទេសយើង ហើយអត់ដែលមានខាងបរទេសណាមកធ្វើទេ។ យើងជាអ្នកធ្វើមុនគេ ដោយសហការជាមួយ MediaCorp។ លោកបញ្ជាក់ថា ហេតុផល គឺដោយសារសិល្បៈយើងមានការរីកចម្រើន យើងចង់ផ្ដល់ជូនអារម្មណ៍ខុសប្លែកទស្សនិកជនដែលគាំទ្រតារាសិង្ហបុរី។
ទូរទស្សន៍ PPCTV បានប្រកាសថ្មីៗនេះពីការរៀបចំកម្មវិធីខាងលើដោយបាននាំយកតារាល្បីៗរបស់សិង្ហបុរីទាំងប្រុសទាំងស្រីប្រមាណជាង២០រូបមកដាក់ឲ្យទស្សនិកជនកម្ពុជា ធ្វើការបោះឆ្នោតឈានទៅទទួលពានរង្វាន់ចំនួន៩ផ្នែកជ័យលាភីផ្សេងគ្នា។ មានពានជាច្រើនផ្នែកនឹងត្រូវបានប្រគល់ជូនតារាសម្ដែងសិង្ហបុរីនៅចុងឆ្នាំនេះមានដូចជា ពានរង្វាន់តារាឯកប្រុស និងតារាឯកស្រីក្នុងដួងចិត្ត ពានរង្វាន់តារាឯក ប្រុសតារាឯក ស្រីឆ្នើម ពានរង្វាន់តារាគូស្នេហ៍ក្នុងភាពយន្ត ពានរង្វាន់តារាក្នុងក្ដីស្រមៃ,ពានរង្វាន់តារារងប្រុស និងតារារងស្រីក្នុងដួងចិត្តជាដើម។
ព្រឹត្តិការណ៍នេះមន្ត្រីគម្រោងអះអាងថា នឹងជាឱកាសពិសេសមួយសម្រាប់សិល្បករខ្មែរបានជួបដកស្រង់ជាមួយតារាអន្តរជាតិលើកម្រាលព្រំក្រហម។ ប្រធានគ្រប់គ្រងខាងលើបង្ហើបថា សិល្បករ សិល្បការិនីខ្មែរល្បីៗជាច្រើនរូបនឹងមានវត្តមានក្នុងវិធីមួយនេះផង បើទោះបីជាពួកគេមិនមែនទៅទទួលបានពានក្ដី។ លោក ជាម គុណធី បញ្ជាក់ទៀតថា ពួកលោកព្យាយាមធ្វើឲ្យកម្មវិធីមួយនេះក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងប្រទេសកម្ពុជា និងសង្ឃឹមថា ទទួលបានជោគជ័យ។ «ពានរង្វាន់តារាឯកសាំងហ្គាពួរ»ឬ“PPCTVMEDIACORP AWARDS “ នឹងប្រារព្ធពិធីប្រគល់រង្វាន់ចុងក្រោយនៅថ្ងៃទី២៨ ខែវិច្ឆិកា២០១៥។
លោកបញ្ជាក់បន្តថា ប៉ុន្តែការបោះឆ្នោតគាំទ្របេក្ខភាពទាំងអស់នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា ខាងមុខដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។ លោកប្រាប់ថាប្រិយមិត្តអាចចូលរួមបោះឆ្នោតបានតាមរយៈគេហទំព័ររបស់កម្មវិធwww.ppctvawards.comនិងផ្ញើសារ SMS ពីទូរស័ព្ទដៃហើយពួកគេអាចមានឱកាសឈ្នះរង្វាន់ជាច្រើន និងសំបុត្រចូលទស្សនាកម្មវិធីដោយផ្ទាល់នៅ សាលមហោស្រពកោះពេជ្រ៕
តារាសម្ដែងល្បីសិង្ហបុរីនឹងត្រូវដាក់ឲ្យអ្នកគាំទ្រនៅកម្ពុជាធ្វើការបោះឆ្នោត
0 Comments