Ad Code

ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​នឹង​មុខរបរ​ស្មូន​ក្អម ឆ្នាំង​របស់​អ្នកភូមិ​អណ្ដូង​ឫស្សី

កំពង់ឆ្នាំង ​៖ ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ប្រាប់​«​កម្ពុ​ជាថ្មី​»​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ភ្ញៀវទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​កំពុងតែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ទស្សនា​ទីតាំង​សិប្បកម្ម​ស្មូន​ក្អម ឆ្នាំង​ និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ភូមិ​អណ្តូង​ឫស្សី ស្ថិត​នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជើងភ្នំ​ក្រាំង​ដី​មាស។


នៅ​ទីនោះ​ត្រូវ​បាន​លោក​សេង សាលី​ឲ្យ​ដឹង​បន្ត​ថា មាន​មណ្ឌល​អភិវឌ្ឍន៍​កុលា​ភាជន៍​ចំនួន​៤​កន្លែង​នៅ​ប៉ែក​ខាងត្បូង​នៃ​ជើងភ្នំ​ ដែល​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូល​ទៅ​កាន់​ទីតាំង​សិប្បកម្ម​ទាំងនោះ​មិនមាន​ការពិបាក​ឡើយ​សម្រាប់​អ្នកទេសចរ​គឺអាច​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​តាម​ច្រក​ផ្លូវ​ពីរ​គឺ​កាត់​តាម​ច្រក​ធនាគារ​ក្នុង​ឃុំ​ប្អៀ​រ​ ឬមួយ​ក៏​ទៅតាម​ផ្លូវ​ខេត្ត​លេខ​៥៣​ឆ្ពោះ​ទៅ​កាន់​ស្រុក​ទឹកផុស​តាម​រមណីយដ្ឋាន​ភ្នំ​សន្ទូច​មាន​ចម្ងាយ​ប្រមាណ​៣៧០០​ម៉ែត្រ​តែប៉ុណ្ណោះ​។ ភ្ញៀវ​ទេសចរ​ភាគច្រើន ជាពិសេស​ជនបរទេស​ចង់​ទៅ​ទស្សនា​មណ្ឌល​អភិវឌ្ឍ កុលា​ភាជន៍​នេះ​ពីព្រោះ​យល់ឃើញថា​អ្វីដែល​ធ្វើ​ដោយ​ដៃ​គឺជា​ការប្រសើរ​ខ្លាំងណាស់​សម្រាប់​មនុស្សជាតិ​នៅ​តំបន់​ប្រទេស​កំពុង​អភិវឌ្ឍ។


ចំពោះ​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅដល់​តំបន់​សិប្បកម្ម​ភូមិ​អណ្តូង​ឫស្សី​ហើយ​នោះ​ត្រូវ​បាន​លោក​សេង សាលី​ប្រាប់​បន្ត​ទៀត​ថា គឺ​ពួកគាត់​តែងតែ​មាន​ចំណាប់អារម្មណ៍​ណាស់​ជាមួយនឹង​សកម្មភាព​ស្មូន​ក្អម ឆ្នាំង​ក៏ដូចជា​វត្ថុ​អនុស្សាវរីយ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​រស់នៅ​តំបន់​នោះ ដោយបាន​ធ្វើ​ឲ្យ​សិប្បកម្ម​ដែល​ជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់ ​និង​ដឹងឮ​គ្រប់​ៗ​គ្នា ហើយ​ត្រូវ​បាន​ប្រមូល​ផ្តុំ​បែក​ចែក​ទៅតាម​តំបន់​នីមួយៗ និង​ថែ​រក្សា​បាន​នូវ​តម្លៃ​វប្បធម៌​នៃ​កេរដំណែល​ខ្មែរ​ថែម​ទៀត​ផង។ ដូច្នេះ​យើង​ជឿជាក់​ថា តំបន់​ដែល​ល្បីល្បាញ​ខាង​សិប្បកម្ម​ស្មូន​ក្អម ឆ្នាំង​នេះ​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​កាន់តែ​ខ្លាំង​ឡើង​ដែល​ជួយ​រួមចំណែក​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ។


កញ្ញា​កែវ ផល្លា​ហៅ​មុំ​អាយុ​៣២​ឆ្នាំ​ជា​ប្រធាន​សហគមន៍​នៅ​ភូមិ​អណ្តូង​ឫស្សី​បាន​និយាយ​ឲ្យ​ដឹង​ថា ​សិប្បកម្ម​កុលា​ភាជន៍​នេះ​កកើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៨​ក្រោម​ការ​ជួយជ្រោមជ្រែង​ និង​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​សិប្បកម្ម ALLEMANDE​ និង​PRASAC​ដោយមាន​សមាជិក​សហគមន៍​បម្រើ​ការងារ​៦០​នាក់​ស្មើនឹង​៦០​គ្រួសារ​ផងដែរ ហើយ​ការផលិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​សម្រេច​បាន​១០​ប្រភេទ​ដោយយោង​ទៅតាម​ក្បាច់​ស្រួល​ឬ​ពិបាក​និង​ទៅតាម​តម្រូវការ​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​និង​បើ​គិតពី​ចំណូល​ប្រចាំថ្ងៃ​វិញ​ក្នុង​មួយថ្ងៃ​ពួកគាត់​អាច​សល់​ប្រាក់​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។


ប្រធាន​សហគមន៍​សិប្បកម្ម​ស្មូន​ក្អមឆ្នាំង​នៅ​ភូមិ​អណ្តូង​ឫស្សី​បាន​និយាយ​បន្ថែម​ថា នៅ​ក្នុង​រោង​សិប្បកម្ម​នេះ​ការផលិត​មានការ​រីកចម្រើន​ខាង​ផ្នែក​បច្ចេកទេស​ជាង​ការផលិត​នៅ​តាម​ផ្ទះ​នៃ​គ្រួសារ​នីមួយៗ ពីព្រោះ​គេ​មាន​ឡ​សម្រាប់​ដុត​ដោយ​រក្សា​កម្ដៅ​ឲ្យ​នៅ​ថេរ​មិន​ដូច​ប្រជាកសិករ​យើង​ដុត​កម្ដៅ​វត្ថុ​ដែល​ខ្លួន​ផលិត​នៅ​កណ្តាល​ទីវាល​រក្សា​កម្ដៅ​មិន​បាន​យូរ​នោះ​ឡើយ។ ក្រៅពី​នេះ​ក៏មាន​ការ​លាយ​ទឹក​ថ្នាំលាប​ឲ្យ​វត្ថុ​ទាំងនោះ​មាន​ពន្លឺ​ឆ្លុះ​តាម​បច្ចេកទេស​ថែមទៀត​ផង។ នៅ​តាម​តំបន់​នីមួយៗ​ ដោយ​អ្នកខ្លះ​ធ្វើ​តែ​ក្អម​គឺ​ធ្វើ​តែមួយ​មុខ​ប៉ុណ្ណោះ​។ រីឯ​អ្នក​ផ្សេងទៀត​ធ្វើ​ជើងក្រាន ​និង​ធ្វើ​របស់​ផ្សេងៗ​ទៀត​ដោយ​ការ​ស្មូន​មាន​លក្ខណៈ​សាមញ្ញ​បំផុត​មិន​មាន​តុ​ឬ​ឈ្នាន់​ធាក់​បង្វិល​វត្ថុ​ដែល​ត្រូវ​ស្មូន​នោះ​ឡើយ​គឺ​គេ​ដើរ​ជុំវិញ​វត្ថុធាតុដើម​តម្កល់​នៅលើ​ដុំ​ឈើ​មូល រួចហើយ​គេ​ស្មូន​ដី​នោះ តែម្តង។


កញ្ញា​កែវ ផល្លា​បាន​និយាយ​បន្តទៀតថា ប្រជាជន​យើង​និយម​ប្រើប្រាស់​របស់​ស្មូន​ដែល​ដុត​ឆ្អិន​មិនមាន​ការ​លាយ​ទឹក​ថ្នាំ​ទេ ទើបតែ​បច្ចុប្បន្ន​នេះ​គឺមាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បាន​ផ្ចុងផ្ដើម​លើ​មុខជំនាញ​បច្ចេកទេស​ដាក់​ទឹក​ថ្នាំ​លើ​វត្ថុ​អនុស្សាវរីយ៍​តូចៗ​ឲ្យ​មាន​សម្រស់​កាន់តែ​ល្អ​ទៅតាម​តម្រូវការ​របស់​ភ្ញៀវ​ដែល​ចង់បាន​។ ក្រៅពី​មុខរបរ​ស្មូន​ក្អម ឆ្នាំង​នេះ​ប្រជាជន​យើង​ខ្លះ​បាន​ទទួល​ការ​ហ្វឹកហាត់​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ប្រទេស​ជា​មិត្ត​ដូច​ជា​ ប្រទេស​ជប៉ុន សិង្ហ​បុរី ជាដើម ដោយមាន​គម្រោង​គាំទ្រ​ស្តីពី​ការ​កែលំអ​គុណភាព​ផលិតកម្ម​កុលា​ភាជន៍​ចំនួន​២​កន្លែង​ត្រូវ​បាន​រៀបចំ ​និង​អនុវត្ត​នៅ​ខេត្តកំពង់ឆ្នាំង​ចាប់តាំង​ពី​ចុងឆ្នាំ​២០០៤​មក ហើយ​គម្រោង​ទាំងពីរ​ត្រូវ​បាន​គាំទ្រ​ដោយ​ថវិកា​ក្រសួងមហាផ្ទៃ​តាមរយៈ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​និង​ថវិកា​របស់​អង្គការ​CLAIR Singapore ព្រមទាំង​ថវិកា​របស់​អាជ្ញាធរខេត្ត​តូ​ឈី​គី​និង​មានការ​គាំទ្រ​របស់​សហ គមន៍​សិប្បកម្ម​ស្មូនឆ្នាំង​អន្តរជាតិ​នៅ​ទីក្រុង​ម៉ា​ស៊ី​កូ​ប្រទេស​ជប៉ុន។


តាម​ការនិយាយ​ប្រាប់​ពី​កញ្ញា​សន អេ​ម​និង​អ្នកស្រី​អ៊ួ​ន ពៅ​ដែល​ជា​សិប្បការិនី​ស្មូន​នៅ​ភូមិ​អណ្ដូង​ឫស្សី​ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ខេត្ត​តូ​ឈី​គី​ប្រទេស​ជប៉ុន​អំពី​បច្ចេកទេស​កែលំអ​គុណភាព​ផលិតផល​កុលា​ភាជន៍​ដើម្បី​យក​មក​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ដូចគ្នា​ថា ការផលិត​ទាល់តែ​មានបទពិសោធន៍​គ្រប់គ្រាន់​ទើប​ផលិតផល​អាច​ទទួលបាន​នូវ​បរិមាណ​និង​គុណភាព​ខ្ពស់​អាច​យកទៅលក់​នៅលើ​ទីផ្សារ​បាន ហើយ​សិប្បកម្ម​ស្មូន​របស់​ខ្មែរ​យើង​មាន​ភាពល្បីល្បាញ​ណាស់​ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​នៅលើ​ឆាក​អន្តរជាតិ​និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ថែម​ទៀតផង​តាមរយៈ​ការ​ស្មូន​ក្អម ឆ្នាំង​នេះ​៕​


M18-08-15-c


​ ​


​ ​

​ ​





ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​នឹង​មុខរបរ​ស្មូន​ក្អម ឆ្នាំង​របស់​អ្នកភូមិ​អណ្ដូង​ឫស្សី

Post a Comment

0 Comments

Close Menu