Ad Code

ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​៣​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​

ប៉ៃលិន ៖ ជនជាតិ​វៀតណាម​០៣​នាក់ ត្រូវ​បាន​កម្លាំង​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សាញ់ ណាំ ស្នងការរង ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍​ដឹកនាំ​ក្រុមការងារ ដោយ​សហការ​ជាមួយ កងកម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនបរទេស​ដែល​ជា​ជន​ជាតិ​វៀតណាម ពីបទ​ចូល​មក និង​ស្នាក់នៅ ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់។


ហេតុការណ៍​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅត្រង់​ចំណុច ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។ ជនបរទេស​ដែល​ជា​ជន​ជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង ០៣ នាក់ មាន ទី​០១- ឈ្មោះ អេ​ន ជី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ អ៊ុតសក់​,​ទី​០២- ឈ្មោះ លាង គីម ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ អ៊ុតសក់ ,​ទី​០៣- ឈ្មោះ សុខ រក្សា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ អ៊ុតសក់​បច្ចុប្បន្ន​ទាំង​០៣​នាក់​ស្នាក់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។


តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​វៀត​ណាម​ខាងលើ បាន​មក​រស់នៅ​ចំណុច​កើតហេតុ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពុំដែល​មាន​អាជ្ញាធរ ឬ​សមត្ថ​កិច្ច​ជំនាញ​ណា​មក​សួរនាំ​នោះ​ទេ ដោយ​ពួកគាត់​នឹក​ស្មាន​ថា ជនជាតិ​វៀតណាម​ទាំងនោះ គេ​មាន​ច្បាប់​ត្រឹមត្រូវ មក​ស្នាក់​នៅ​ទី​នេះ។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ទើបតែ​ថ្ងៃ​កើតហេតុ​នេះ បាន​ដឹង​ថា​ជា​ជនជាតិ​វៀតណាម​ទាំង​០៣​នាក់​នេះ ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទៅវិញ ពួកគាត់​បញ្ជាក់​ថា​សព្វ​ថ្ងៃ​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ចំនួន​ច្រើន ហេតុ​នេះ សូម​សមត្ថកិច្ច​ជំនាញ មេត្តា​ចុះ​ពិនិត្យមើល​ផង។


បច្ចុប្បន្ន​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ ស្នងការ​នគរបាល​ខេត្ត​កំពុង​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី  ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕




ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​៣​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​

Post a Comment

0 Comments

Close Menu