Ad Code

ជលផល​ចាប់​កាណូត​២​គ្រឿង​ដឹក​អុស​ព្រៃ​លិច​ទឹក​ មក​លក់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​

កំពង់ឆ្នាំង ៖ កាណូត​ដឹក​អុស​ព្រៃ​លិច​ទឹក​២​គ្រឿង​ជាង​៧​ម៉ែត្រ​គូប រួម​នឹង​បុរស​៤​នាក់​ជា​ម្ចាស់​អុស ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ឃាត់ខ្លួន​នៅ​ពេល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អុស​ព្រៃ​លិច​ទឹក​យក​មក​លក់ដូរ​ធ្វើ​អាជីវកម្ម​ខុសច្បាប់។ ករណី​បង្ក្រាប​បទល្មើស​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ក្នុង​ចំណុច​ព្រែក​ពាម​ទន្លា ឃុំ​ពោធិ ស្រុក​កំពង់លែង។​


លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ជា​អ្នកដឹកនាំ​បង្ក្រាប​បទ​ល្មើស​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា ម្ចាស់​កាណូត​ដឹក​អុស​ និង​កាប់​អុស​ព្រៃ​លិច​ទឹក​ខាង​លើ​នេះ ១.​ឈ្មោះ អ៊ុង ក្រិត អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្អូ​រ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង រួម​នឹង​កម្មករ​២​នាក់​បាន​កាប់​អុស​ព្រៃ​លិច​ទឹក​ធំៗ​មាន​ចំនួន​ប្រមាណ​៤​ម៉ែត្រគូប នៅ​ចំណុច​ព្រែ​ក​បាយ​ឆៅ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពោធិ ។ ២.​ឈ្មោះ ផាន់ ថុ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​សណ្តែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង បាន​កាប់ ​និង​ដឹក​អុស​ព្រៃ​លិច​ទឹក​ចំនួន​ជាង​៣​ម៉ែត្រ​គូប ពី​ព្រែ​កកោះ​ចាប ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពោធិ។​


លោក សោម ភិ​រុណ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​កាប់ ការ​ដឹក​ជញ្ជូន​ព្រៃ​លិច​ទឹក គឺ​ជា​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ជលផល ដែល​កន្លងមក​ជនល្មើស​ច្រើន​ប្រើ​វិធី​ក្រៀវ​ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ឲ្យ​ងាប់​នៅ​រដូវប្រាំង តាម​តំបន់​ព្រៃ​លិច​ទឹក កន្លែង​ខ្លះ​លួច​កាប់​ព្រៃ​លិច​ទឹក​ពង្រីក​យក​ដី​ធ្វើ​ចម្ការ ហើយ​អុស​ព្រៃ​លិច​ទឹក​ដូច​ខាង​លើ​នេះ​ភាគច្រើន​គឺ​ពួកគេ​ដឹក​យក​ទៅ​លក់​ឲ្យ​អ្នក​ឆ្អើរត្រី ឬ​លក់​ឲ្យ​ឡឥដ្ឋ។​ ជនល្មើស​ទាំង​៤​នាក់​ខាង​លើ និង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​មក​សង្កាត់​នេសាទ​កំពង់​ឆ្នាំង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ស្ដីពី​ជលផល។


សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កន្លងមក​ នៅ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ជនសង្ស័យ​ជាង​២០​នាក់ ដែល​បាន​លួច​កាប់​ព្រៃ​លិច​ទឹក​ពង្រីក​យក​ដី​ចម្ការ​ធ្វើជា​កម្ម​សិទ្ធិ ត្រូវ​បាន​សមត្ថកិច្ច​ជលផល ប្តឹង​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ជនសង្ស័យ​ភាគច្រើន​មិន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ​និង​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ គឺ​គ្រាន់តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​តែប៉ុណ្ណោះ​។​ ទង្វើ​បែបនេះ​មិន​ត្រូវ​បាន​ជន​ល្មើស​រាងចាល​ឡើយ និង​ជាហេតុ​ធ្វើ​ឲ្យ​ជនល្មើស​ផ្សេៗ​ទៀត នៅតែ​បន្ត​លួច​កាប់​ព្រៃឈើ​លិច​ទឹកជា​បន្តបន្ទាប់។


ករណី​ខាង​លើ​នេះ សមត្ថកិច្ច​រដ្ឋបាល​ជលផល​ស្នើសុំ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​តាមច្បាប់​ផង ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ឲ្យ​មាន​ការ​ថយ​ចុះ កុំ​ឲ្យ​កើន​ឡើង៕
Pisey-2015-08-18-full-L


Pisey-2015-08-18-full-L1


Pisey-2015-08-18-full-L5




ជលផល​ចាប់​កាណូត​២​គ្រឿង​ដឹក​អុស​ព្រៃ​លិច​ទឹក​ មក​លក់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​

Post a Comment

0 Comments

Close Menu