Ad Code

សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​កសិករ​ស្រុក​សៀម​បូក

ស្ទឹងត្រែង ៖ កសិករ​នៅ​ឃុំ​ស្រែ​ក្រសាំង​ស្រុក​សៀម​បូក មិន​ត្រឹមតែ​បាន​ជួប​នូវ​បញ្ហា​កង្វល់​ទៅលើ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​សត្វ​ខ្យង​កាត់​បំផ្លាញ​ស្រូវ​បន្ថែម​ទៀត​បញ្ហា​នេះ​កសិករ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​មន្ទីរ​កសិកម្ម​ជួយ​អន្តរាគមន៍​ជាបន្ទាន់។


ក្នុង​ឱកាស​ចុះ​ជួយ​ភ្ជួរស្រែ និង​ដក​ស្ទូង​ជូន​កសិករ​នៅ ភូមិ​ឃុំ ស្រែ​ក្រសាំង ស្រុក សៀម​បូក​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែសីហា ឆ្នាំ ២០១៥​នេះ​អ្នកស្រី សៀង សារី ជា​កសិករ​នៅ​ភូមិ​ស្រែ​ក្រសាំង បាន​សំដែង​ការ​ព្រួយបារម្ភ​ទៅលើ​ដំណាំ​ស្រូវ ដែល​បច្ចុប្បន្ន​កសិករ​យើង ដក​ស្ទូង​បាន​លូតលាស់​ហើយ​នោះ បែរជា​មាន​សត្វ​ខ្យង​កើត​ច្រើន​មី​ដេរដាស់ មក​ខាំ​បំបាក់​ដើម​ស្រូវ នៅពេល​យប់ ខ្ញុំ​ទៅ​រើស​នោះ​ឃើញ​វា​កាត់​បំបាក់​ក្នុង ដើម​វា​ចុះ​វា​ជុំ​នៅក្នុង​ដើម​ស្រូវ​នោះ​វា​កាត់​បំបាក់​ចុះ​អស់។


លោក កុល សំអុល អភិបាលខេត្ត​មានប្រសាសន៍ថា​ បញ្ហា​ដែល​កសិករ​ជួបប្រទះ​នេះ​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ពីព្រោះ​ថា កសិករ​ធ្វើ​ការងារ​បង្កបង្កើនផល តែងតែ​ពឹងផ្អែក​ទៅលើ​ដំណាំ​ស្រូវ ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​សំរាប់​ការរស់នៅ។


លោក​អភិបាលខេត្ត​មានប្រសាសន៍​ទៀត​ថា មន្ទីរ​កសិកម្ម​ក៏ដូចជា​មន្ត្រី​បច្ចេកទេស​ជំនាញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​យន្តការ​ដោះស្រាយ​ទៅលើ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ​នេះ  ឲ្យ​មាន ប្រសិទ្ធភាព​គ្រប់​បញ្ហា​ទាំងអស់ ពិសេស​ចំពោះមុខ​គឺ​សត្វ​ខ្យង​តែម្តង។


លោក ទូច ធា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​អះអាង​ថា ជា​រៀងរាល់​ឆ្នាំ ខេត្តស្ទឹងត្រែង មិនសូវ​មាន​កើត​បញ្ហា​សត្វល្អិត ឬ​សត្វ​ខ្យង​មក​បំផ្លាញ​ស្រូវ​កសិករ​នោះ​ទេ តែ​ឆ្នាំនេះ​កើតមាន​សត្វ​ខ្យង​កាត់​បំផ្លាញ ជា​រឿង​មួយ​ត្រូវ​ឲ្យ​កសិករ​ទាំងអស់​ចុះ​ពិនិត្យ ជាក់ស្តែង​ហើយ​តំបន់ ណា​កើតមាន​សត្វ​ទាំងនោះ​បំផ្លាញ ត្រូវ​រាយការណ៍​ជូន​មក​មន្ទីរ​កសិកម្ម​ឲ្យ​បាន​ឆាប់​បំផុត។


លោក ទទួលយក​នូវ​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ ឲ្យ​ជួយ​ទប់ស្កាត់​បញ្ហា​រឿង​ខ្យង​នេះ ហើយ​កសិករ​ត្រូវ​ចុះ​រើស​តាម​ស្រែ​របស់​ខ្លួន មន្ទីរ​កសិកម្ម​នឹង​ប្រមូល​ទិញ ទោះបី​មាន​បរិមាណ​តិច​ឬ​ច្រើន​ក្តី យើង​បាន​ចាត់​ក្រុមការងារ​របស់​មន្ទីរ​កសិកម្ម​សហការ ជាមួយ​អាជ្ញាធរ​ដែនដី ឃុំ ស្រុក​ហ្នឹង​ចុះ​បំផុស​ឲ្យ​កសិករ​យើង​ប្រមូល​ខ្យង ប្រមូល​ឲ្យ​អស់ហើយ មន្ទីរ​កសិកម្ម​ប្រមូល​ទិញ​ដោយ​ឲ្យ​តម្លៃ​គិត​១​គីឡូ​៥០០​រៀល អញ្ចឹង​បើ​យើង​ប្រមូល​បានជា​អតិបរិមា​ហ្នឹង​យើង​កាត់បន្ថយ​ការ​បំផ្លិចបំផ្លាញ​ស្រូវ​របស់​កសិករ​យើង​បាន​ច្រើន។


សូម​បញ្ជា​ក់ថា ជាមួយនឹង​យន្តការ​នេះ​មន្ទីរ​កសិកម្ម​បាន​ប្រកាស​ជូនដំណឹង ដល់​កសិករ​គ្រប់​មូលដ្ឋាន បើ​កើតមាន​សត្វល្អិត​បំផ្លាញ​ដំណាំ​អ្វី​ក៏ដោយ ត្រូវ​ផ្តល់​ព័ត៌មាន​ជួន ទៅ​អាជ្ញាធរ ភូមិ ឃុំ ឬ​មក​មន្ទីរ​កសិកម្ម​ផ្ទាល់ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់ពេល៕


T-08-17-15-ii-full


T-08-17-15-i-full



សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​កសិករ​ស្រុក​សៀម​បូក

Post a Comment

0 Comments

Close Menu