កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានទាមទារឲ្យកូរ៉េខាងជើងសុំទោសលើឧប្បត្តិហេតុគ្រាប់មីននាពេលថ្មីៗ បើទោះបីជាគូសត្រូវទាំងពីរនេះកំពុងធ្វើកិច្ចចរចាក្នុងគោលបំណងដើម្បីបញ្ចប់ភាពតានតឹងដែលបានបង្កឲ្យមានការប្រយុទ្ធគ្នាក៏ដោយ។
លោកស្រី Park បាននិយាយថា ការផ្សាយឃោសនាប្រឆាំងកូរ៉េខាងជើងនឹងនៅតែបន្តលុះត្រាតែរដ្ឋាភិបាលក្រុងព្យុងយ៉ាងទទួលយកការទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់មីនកាលពីដើមខែដែលបានបង្កឲ្យមានទាហានកូរ៉េខាងត្បូងចំនួនពីរនាក់រងរបួសនៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានបដិសេធថាខ្លួនមិនបានដាក់គ្រាប់មីននោះទេ។
ហេតុការណ៍នេះបានក្លាយទៅជាវិបត្តិមួយរឹតតែខ្លាំង ដែលបានធ្វើឲ្យភាគីទាំងពីរបាញ់កាំភ្លើងធំដាក់គ្នានៅថ្ងៃព្រហស្បតិ៍ និងបង្កើនការត្រៀមខ្លួនយោធារបស់ពួកគេ។អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងដ៏ធំគឺប្រទេសចិនបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់។
អំឡុងពេលនៃការប្រឈមមុខដាក់គ្នារយៈពេលពីរឆ្នាំមុននៅពេល ដែលកូរ៉េខាងជើងបានគំរាមចាត់វិធានការយោធាដើម្បីឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នា ដោយកងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកហោះហើរយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយនៅលើឧបទ្វីបកូរ៉េហើយបានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់នោះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានដាក់ពង្រាយកាំភ្លើងធំដែលមានឥទ្ធិពលខ្លាំងជាងធម្មតាពីរដងនៅតាមព្រំដែន និងមាននាវាមុជទឹកប្រមាណ៥០ គ្រឿង នៅឆ្ងាយពីមូលដ្ឋាន។
ការចរចាបានចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍ក្នុងរយៈពេលខ្លីបន្ទាប់ពីថ្ងៃផុតកំណត់របស់កូរ៉េខាងជើង ដែលបានកំណត់ឲ្យទីក្រុងសេអ៊ូលបញ្ឈប់ការផ្សាយឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បើមិនដូច្នោះទេនឹងប្រឈមនឹងសកម្មភាពយោធា។ កិច្ចពិភាក្សាបានបរាជ័យកាលពីព្រឹកថ្ងៃអាទិត្យហើយបានចាប់ផ្តើមជាថ្មីនៅពេលរសៀល។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោកស្រី Park គឺលោក Kim Kwan-jin និងរដ្ឋមន្ត្រីបង្រួបបង្រួមលោក Hong Yong-pyo គឺជាអ្នកតំណាងសម្រាប់ភាគីកូរ៉េខាងត្បូងនៅក្នុងកិច្ចពិភាក្សានេះ។ ចំណែកអ្នកតំណាងខាងកូរ៉េខាងជើងគឺលោក Hwang Pyong So ដែលជាជំនួយការយោធាកំពូលរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន និងលោក Kim Yang Gon ដែលជាមន្ត្រីជើងចាស់ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ ២០១០ មកនៅពេលការលិចនាវាចម្បាំងរបស់កូរ៉េខាងត្បូងមួយគ្រឿងដែលក្រុងសេអ៊ូលបានស្តីបន្ទោសលើនាវាមុជទឹករបស់កូរ៉េខាងជើង ខណៈក្រុងព្យុងយ៉ាងបានបដិសេធមិនទទួលខុសត្រូវលើហេតុការណ៍នេះ។ ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុគ្រាប់មីន រដ្ឋាភិបាលទីក្រុងសេអ៊ូលបានចាប់ផ្តើមការផ្សាយរបស់ខ្លួននៅក្នុងឧបករណ៍ឃោសនាយ៉ាងឮៗ។
វិបត្តិនេះបានកើនខ្លាំងឡើងនៅថ្ងៃព្រហស្បតិ៍នៅពេលដែលកូរ៉េខាងជើងបានបាញ់បួនគ្រាប់ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូលបានឆ្លើយតបទៅវិញ ដោយការវាយប្រហារកាំភ្លើងធំចំនួន ២៩ គ្រាប់។ ខណៈពេលនោះ កូរ៉េខាងជើងបានប្រកាសពីស្ថានភាពនៃសង្គ្រាមនៅតំបន់ជួរមុខ ហើយតម្រូវឲ្យកូរ៉េខាងត្បូងបញ្ឈប់ការឃោសនារបស់ខ្លួន។
សហរដ្ឋអាមេរិកដែលមានទាហានចំនួន២៨ ៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូងនោះកំពុងធ្វើ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយនឹងកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើងជានិច្ចកាលបានថ្កោលទោសចំពោះការធ្វើសមយុទ្ធនេះ ហើយបាននិយាយថាវាគឺជាការត្រៀមខ្លួនធ្វើសង្គ្រាម ៕
Reuters
កូរ៉េខាងត្បូងនឹងមិនបញ្ឈប់ការឃោសនា បើកូរ៉េខាងជើងមិនសុំទោសឲ្យបានច្បាស់លាស់
0 Comments