ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការដែលអង្គការសហប្រជាជាតិឲ្យកម្ពុជាខ្ចីផែនទីនោះ ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃបំផុត ម្យ៉ាងដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបញ្ចៀស និងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវ និងមិនក្រែងរអែងលើការបំពានច្បាប់ ក្នុងបំណងបង្កើតស្មារតីជាតិនិយមជ្រុល និងធ្វើឲ្យមានការបែកបាក់ជាតិ។
សម្តេចតេជោ សែន លើកឡើងបែបនេះ តាមរយៈលិខិតមួយច្បាប់ ដែលការិយាល័យរបស់យើងទើបទទួលបានកាលពីវេលាម៉ោង៣ និង៣០ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ផ្ញើជូនលោកបាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ សម្តេចលើកឡើងថា “ខ្ញុំសរសេរលិខិតនេះ ដើម្បីថ្លែងអំណរគុណ ជាថ្មីម្តងទៀត ចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯក ឧត្តម ដែលបានផ្តល់កិច្ចសហការ និងការយោគយល់ពិសេស អនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើមដែលតម្កល់ទុកនៅបណ្ណាល័យ ដាក់ហាំម៉ាស្ត័ហ្សូលរបស់អង្គការសហប្រជាជាតិ (United Nations Dag Hammarskjol Library) មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយនឹងផែនទីផ្លូវការតាមការកំណត់នៃច្បាប់ ដែលរាជរដ្ឋា ភិបាលបាននិងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង”។
សម្តេចលើកឡើងទៀតថា “ផែនទី ដើមដែលអង្គការសហប្រជាជាតិបានផ្តល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីនាពេលនេះ គឺពិតជាមានសារប្រយោជន៍ជាអនេកប្បការ ពីព្រោះវាជាផែនទីដើម ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីមួយជំនាន់នោះ នៅក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ជា ព្រះប្រមុខរដ្ឋ បានប្រើប្រាស់ជាផែនទីផ្លូវការសម្រាប់ប្តឹងទៅអង្គការសហប្រជាជាតិអំពីការ រំលោភឈ្លានពានរបស់បរទេសមកលើទឹកដីកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអនុញ្ញាតជម្រាបឯក ឧត្តមអគ្គលេខាធិការថា ស្របតាមខ្លឹមសារនៃលិខិតប្តូរគ្នា (Exchange of Letters) រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ពិធី ប្រគល់ឲ្យខ្ចីនិងទទួលផែនទីដើមទាំងនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅវិមានសន្តិភាពនៃទីស្តី ការគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ រវាងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួលប្រគល់និងផ្ទៀងផ្ទាត់ផែនទីជាមួយនឹងលោកស្រី មេរាននី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា (Mereani Keleti Vakasiskakala) នាយកស្តីទីនៃបណ្ណាល័យដាក់ហាំម៉ាស្ត៍ហ្សូល របស់អង្គការសហប្រជាជាតិ។ ក្រោយពីពីធីនេះចប់ភ្លាម គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួលប្រគល់ និងផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលបានរៀបចំបន្តធ្វើការផ្ទៀងផ្ទាត់ផែនទីដើមដែលអង្គការសហប្រជាជាតិបានឲ្យខ្ចីនេះ ជាមួយនឹងផែនទីផ្លូវការតាមការកំណត់នៃច្បាប់ដែលរាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងលក្ខណៈបើកចំហប្រកបដោយតម្លាភាពដោយមានការចូលរួមត្រួតពិនិត្យនិងសង្កេតការណ៍យ៉ាងទូលំទូលាយពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ។
តាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលនៃការផ្ទៀងផ្ទាត់ដោយបើកចំហ និងប្រកបដោយតម្លាភាពនេះបានបង្ហាញឲ្យឃើញអំពី ភាពត្រឹមត្រូវដូចគ្នាបេះបិទរវាងខ្សែបន្ទាត់ព្រំដែន នៃផែនទីដើម ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីមួយបានប្រើប្រាស់ជាផ្លូវការហើយដែលត្រូវបានអង្គការសហប្រជាជាតិអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីនាពេលនេះ ជាមួយនឹងខ្សែបន្ទាត់ព្រំដែននៃផែនទីផ្លូវការតាមការកំណត់នៃច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាងនាពេលបច្ចុប្បន្ន។ លទ្ធផលនេះ ពិតជាបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីភាពម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការរៀបចំនិងការអនុវត្តន៍ការងាររបស់ខ្លួន ក្នុងការកំណត់និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង។
សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន បានបញ្ជាក់ចុងក្រោយថា “ក្នុងបរិការណ៍នេះ ខ្ញុំសូមគូស បញ្ជាក់ជាថ្មីម្តងទៀតថា កាយវិការដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិនេះ ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃបំផុត ម្យ៉ាងដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅបញ្ចៀសនិងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវនិងមិនក្រែងរអែងលើការបំពានច្បាប់ ក្នុងគោលបំណងបង្កើតស្មារតីជាតិនិយមជ្រុល ហើយធ្វើឲ្យមានការបែកបាក់ជាតិ ព្រមទាំងការភ័ន្តច្រឡំនៅក្នុងចំណោមសាធារណមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់សុខសន្តិភាពរវាងកម្ពុជាជាមួយប្រទេសជិតខាងក្នុងតំបន់ និងម្យ៉ាងទៀតដល់ការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ មិត្តភាព សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕
សម្តេចតេជោ សែន ៖ អ.ស.ប ពិតជាបានចូលរួមចំណែកក្នុងកិច្ចខិតខំរបស់កម្ពុជា
0 Comments