*វ៉ែន សុភ័ក្រ ផ្ដួល ស៊ូ ពី សន្លប់ក្នុងទឹកទី៣
ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប ដែលឡើងប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវវគ្គII ទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យទី០២ ខែសីហា ឆ្នាំ២០១៥នោះ បឺត ខាំ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាឈ្នះក្នុងទឹកទី៣ ឯពេជ្រ សីហា អ្នកប្រដាល់សមាគមក្រសួងការពារជាតិ ចាញ់ដោយពិន្ទុ។
បឺត ខាំ បានផ្ដួល Plang Chork ដោយស្នៀតកណ្ដាប់ដៃ និងជង្គង់។ នៅក្នុងការប្រកួតទឹក៣នេះ បឺត ខាំ បានប្រើជង្គង់ហោះបុកចំចុងដង្ហើមអ្នកប្រដាល់ថៃ បណ្ដាលឲ្យ Plang Chorkសន្លប់លែងក្រោកតែម្ដង។
បឺត ខាំ គេមានប្រវត្តិប្រកួតចំនួន២៥០ដង គឺឈ្នះ២៤០ដង និងចាញ់០៨ដង ស្មើ០២ ហើយធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់រាប់មិនអស់ក្នុងការប្រកួតកន្លងមក។ អ្នកប្រដាល់ថៃ Plang Chork នេះ ជាអ្នកប្រដាល់ម្នាក់ស្ថិតក្នុងចំណោម៤រូប ដែលត្រូវចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ វគ្គ២ នេះ តែគេពុំមានសំណាងបានឈ្នះដូចមិត្តរួមជាតិរបស់គេបីនាក់ទៀតនោះទេ។
ចំពោះ ពេជ្រ សីហា អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ប្រកួតចាញ់អ្នកប្រដាល់ថៃKla Khunserk ដោយពិន្ទុ ក្រោយពីវាយគ្នាយ៉ាងស្វិតស្វាញពេញប្រាំទឹកនោះ។
Kla Khunserk នេះខ្ពស់ជាងសីហា ម្ល៉ោះហើយ គេមានប្រៀបលើ សីហា ដោយទាត់ និងដាល់មុខ សីហា ត្រូវពេញៗសឹងតែគ្រប់ទឹក។ ឯសីហា គេបានព្យាយាមវាយប្ដូរកែង និងកណ្ដាប់ដៃវិញដែរ ប៉ុន្តែមិនបានសម្រេចដោយ Kla Khunserk គេការពារបានមិនឲ្យកណ្ដាប់ដៃ និងកែងរបស់ សីហាវាយត្រូវនោះឡើយ។
ពេលនេះ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវវគ្គ២ ទម្ងន់៦៩គីឡូក្រាមនេះ ចប់ជុំទី១ហើយ។ ក្នុងនោះ ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូបនោះ មានតែ បឺត ខាំ ម្នាក់ប៉ុណ្ណោះដែលឈ្នះ ឯ៣នាក់ទៀត សុទ្ធតែចាញ់ថៃ គឺពេជ្រ សីហា ឡៅ ស៊ីណាត និង វង្ស ណយ ។
*សរ រាជសីហ៍ វាយ ថៃ ប៊ុនហាន ឲ្យសន្លប់ទឹក៤
ប្រដាល់ ៖ អ្នកប្រដាល់ ថៃ ប៊ុនហាន ក្លិបបូរីនាគរាជ ដែលជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ផងនោះ ត្រូវ សរ រាជសីហ៍ អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង វាយឲ្យសន្លប់ក្នុងទឹកទី៤ នៅលើសង្វៀនបាយ័នបឹងស្នោ នារសៀលថ្ងៃអាទិត្យ ទី០២ ខែសីហានេះ។ ដូចជាការនិយាយមិនខុសពីក្រុមអ្នកវិភាគប្រដាល់ថា ថៃ ប៊ុនហាន ប្រកួតមានលក្ខណៈហើមស្រក ម្ដងខ្លាំងម្ដងខ្សោយនោះ គឺមិនខុសឡើយ។ ជួបជាមួយ សរ រាជសីហ៍ គេស៊ូបានតែ៤ទឹកប៉ុណ្ណោះ ក៏សន្លប់ទៅហើយ។
ជាអ្នកប្រដាល់ម្នាក់ ដែលប្រកួត និងផ្ដួលគូប្រកួតដោយសារកម្លាំងបាយសុទ្ធសាធនោះ ដល់មកប៉ះជាមួយ សរ រាជសីហ៍ ដែលគេខ្លាំងដែរនោះ ប៊ុនហាន សន្លប់តែអ៊ីចឹង។
សរ រាជសីហ៍ គេជាសមាសភាពមួយរូប ដែលកំពុងធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់គូបូតាទម្ងន់៦៧គីឡូក្រាម ហើយគេក៏ត្រៀមឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីប្រកួតជម្រុះគេឈ្នះសឹងតែទាំងអស់នោះ។
ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ដែលសុំជួបសាកកណ្ដាប់ដៃជាមួយ សូត្រ ប៊ុនធី អ្នកប្រដាល់ក្លិបបក្សីស្លាបដែកនោះ ក៏ត្រូវ សូត្រ ប៊ុនធី វាយសន្លប់ដែរដោយសន្លប់ក្នុងទឹកទី២ ។
ខន សុខុន អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី បានផ្ដួល ប៊ី ចាន់រ៉ុង អ្នកប្រដាល់ក្លិបព្រះខ័នរាជឲ្យសន្លប់ក្នុងទឹកទី៣។ ចាន់រ៉ុង ប្រកួតពីរទឹកដំបូង រាងគ្រាន់បើដែរ តែចូលដល់ទឹកទី៣ គេភ្លាត់ស្នៀត ក៏ត្រូវ សុខុន វាយសន្លប់តែម្ដង។
សុខុន បានតាំងចិត្តហើយថា ទោះឈ្នះឬចាញ់ក្ដី គេនឹងវាយរហូតដល់ដំណាក់កាលចុងក្រោយតែម្ដង ប៉ុន្តែជាក់ស្ដែងគេចំណាយពេលតែបីទឹកប៉ុណ្ណោះ ក៏ផ្ដួល ប៊ី ចាន់រ៉ុង បានដោយជោគជ័យ។
ស៊ូ ពី អ្នកប្រដាល់ក្លិបពោធិជ័យកីឡា ក៏ប្រកួតចាញ់ វ៉ែន សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទឹកទី៣ដែរ។ ស៊ូ ពី សន្លប់ដោយសារជង្គង់របស់ សុភ័ក្រ ដែលអុកចូលពោះប្រមាណពីរបីជង្គង់នោះ។
*ជម្រុះខ្សែក្រវាត់LEOវគ្គ២ ៖ ផន កុសល សន្លប់ទឹក១ ខណៈ ប៊ុន ហ៊ូវ សន្លប់ទឹក២
ប្រដាល់ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់Leo វគ្គ២ ទម្ងន់៦៧គ.ក្រ សប្ដាហ៍ទី៤ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០១៥ នៅលើសង្វៀនបាយ័នបឹងស្នោ ដែលមានចំនួន២គូនោះ ពុធ ផនកុសលអ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវ ផង់ សុភាព អ្នកប្រដាល់តាឡីដំរីមានរិទ្ធវាយឲ្យសន្លប់ក្នុងទឹកទី១ ឯ មួយគូទៀត គឺ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ បានផ្ដួល សល់ ប៊ុនហ៊ូវ អ្នកប្រដាល់ក្លិបកុសលកីឡាឲ្យសន្លប់ក្នុងទឹកទី២។
សម្រាប់ការប្រកួតជម្រុះ២លើកនេះ ផនកុសល វាយឈ្នះ១ ចាញ់១ប្រកួត បាន៤ពិន្ទុ ឯ ផង់ សុភាព គេឈ្នះ២ប្រកួតបាន៦ពិន្ទុ។ ចំណែក ភុន សោភ័ណ្ឌ ឈ្នះ១ ចាញ់១ប្រកួតបាន៤ពិន្ទុ ហើយសល់ ប៊ុនហ៊ូវ ចាញ់ទាំងពីរប្រកួតបាន២ពិន្ទុ។
ចំពោះការប្រកួតគូក្រៅពីគូខ្សែក្រវាត់នេះ ចៅ ចេកខ្ចី អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ប្រកួតសងសឹក សំណាង ឌីណា ក្លិបដួងសែនសុខគុនខ្មែរមិនបានសម្រេចនោះទេ ដោយវាយចាញ់ឌីណាដោយពិន្ទុ។
គូពិសេស១គូទៀត ឯម ផ្លាទីន ក្លិបឫទ្ធីពោធិសែនជ័យ ប្រកួតឈ្នះ ធន់ ចាន់តាក់ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្នុងទឹកទី២។
*ស៊ូ វណ្ណះ ចាញ់ តក់ សោភ័ណ្ឌ ឯ ឯម សារ៉ាក់ ចាញ់ ជ័យ វណ្ណះ
ប្រដាល់ ៖ ស៊ូ វណ្ណះ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ត្រូវតក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍ផ្ដួលឲ្យសន្លប់ក្នុងទឹកទី២ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០១៥។
តក់ សោភ័ណ្ឌ គេបានយកប្រៀបឈ្នះលើ ស៊ូ វណ្ណះ តាំងពីក្នុងទឹកដំបូងម្ល៉េះ ដោយទាត់ និងដាល់ត្រូវ វណ្ណះ មិនតិចនោះទេ។ លុះចូលដល់ទឹកទី២ សោភ័ណ្ឌ បានសង្ខើញវាយ ផ្ដាច់យកឈ្នះតែម្ដង។
អ្នកប្រដាល់ ឯម សារ៉ាក់ ក្លិបឫទ្ធីពោធិសែនជ័យ ប្រកួតចាញ់ពិន្ទុ ជ័យ វណ្ណះ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។
ពីរនាក់នេះ ប្រកួតគ្នាមានលក្ខណៈប្រហាក់ប្រហែលគ្នាទេ គ្រាន់តែកណ្ដាប់ដៃរបស់ សារ៉ាក់វាយខុសគោលដៅច្រើនពេក ខណៈដែលជង្គង់របស់ ជ័យ វណ្ណះ អុកចំគោលដៅដែលធ្វើឲ្យគេឈ្នះពិន្ទុ សារ៉ាក់ ក្រោយបញ្ចប់ការប្រកួត។
ឯម សុធី អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ ប្រកួតឈ្នះ ស៊ីន ជីវ័ន្ត អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរដោយពិន្ទុ ក្រោយពីវាយគ្នាប្រាំទឹកពេញនោះ។ ឯ ឌុន ប៊ុនធឿន អ្នកប្រដាល់ក្លិបអេភូថងកីឡា ក៏ប្រកួតឈ្នះថៃ សាក់ សារៈ អ្នកប្រដាល់ក្លិបកងទ័ពជើងទឹកដោយពិន្ទុដែរ។ ពួកគេពីរនាក់នេះ វាយខ្លាំងដូចគ្នា គ្រាន់តែ ប៊ុនធឿន គេវាយត្រូវចំគោលដៅល្អជាង៕
បឺត ខាំ ឈ្នះទឹកទី៣ ឯពេជ្រ សីហា ចាញ់ពិន្ទុថៃ

0 Comments