ក្រុមបាល់ទាត់ម្ចាស់ផ្ទះក្រោមអាយុ១៦ ឆ្នាំរបស់កម្ពុជា ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិរបស់ខ្លួនទទួលស្វាគមន៍ក្រុមសិង្ហបុរី ក្នុងជំនួបវគ្គជម្រុះពូល B នៃពានរង្វាន់បាល់ទាត់យុវជនតំបន់អាស៊ាន AFF BIDC U16 Championship 2015 វេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃច័ន្ទ ទី ៣ ខែ សីហា នេះ ខណៈមួយគូទៀតក្រុមខ្លាំងអូស្ត្រាលី ត្រូវជួបក្រុមមីយ៉ាន់ម៉ា។
សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា ការរក ៣ ពិន្ទុនៅជំនួបនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីប្រជែងកៅអីកំពូលតារាងក្នុងដំណើរឆ្ពោះទៅវគ្គបន្ទាប់។ លោកគ្រូបង្វឹកជនជាតិជប៉ុន Iki Yusuke ដែលដឹកនាំក្រុមកម្ពុជា បានតាំងចិត្តធ្វើឱ្យបានល្អលើទឹកដីរបស់ខ្លួន ទោះជាប្រកួតមុនចាញ់អូស្ត្រាលី ៤ ទល់ ០ ក៏ដោយ។ កីឡាករ អាត អូនតូច ពាក់លេខ ១២ កីឡាករ សួន សុភ័កត្រា ពាក់លេខ ១៨ កីឡាករ សឿត ណាវ៉ា ពាក់លេខ៤ កីឡាករ ត្រៃ វិចិត្រ ពាក់លេខ ៧ និងអ្នកចាំទី គង់ រ៉ាផាត សុទ្ធតែបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍នាពេលកន្លងមក។
ចំណែកក្រុមសិង្ហបុរី វិញដឹកនាំដោយលោក SELVARAJ S/O VENGADASALAM ដោយ ៣ ប្រកួតមកនេះ ចាញ់មីយ៉ាន់ម៉ា ៣ ទល់ ១ តែឈ្នះហ្វីលីពីន ៤ ទល់ ១ តែចាញ់អូស្ត្រាលី ៨ ទល់ ។ លោកគ្រូបង្វឹករូបនេះយល់ថាក្រុមកម្ពុជា សព្វថ្ងៃនេះមិនដូចលើកមុនទេ ព្រោះកម្រិតបច្ចេកទេសខ្លាំង ហើយពេលនេះកម្ពុបជា ជាក្រុមម្ចាស់ផ្ទះទៀតផង។
ចំពោះប្រកួតមួយគូរទៀតក្រុមអូស្ត្រាលី ត្រូវជួបក្រុមមីយ៉ាន់ម៉ា នៅវេលាម៉ោង ៣:៣០ នាទីល្ងាច ថ្ងៃច័ន្ទនេះដូចគ្នា។ អូស្ត្រាលី ជាក្រុមខ្លាំងប្រចាំពានរង្វាន់ ២ ប្រកួតមកនេះឈ្នះកម្ពុជា ៤ ទល់ ០ ហើយឈ្នះសិង្ហបុរី ៨ ទល់ ។ លោកគ្រូបង្វឹក UFUK TALAY ចង់ដឹកនាំក្រុមមួយនេះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកក្រុមមីយ៉ាន់ម៉ា ក៏មិនទាន់ស្គាល់បរាជ័យនោះដែរ ដោយប្រកួត ២ លើកមកនេះឈ្នះទាំង ២ គឺឈ្នះសិង្ហបុរី ៣ ទល់ ១ កាលពីថ្ងៃបើកឆាក ហើយឈ្នះហ្វីលីពីន ៤ ទល់ ។ លោកគ្រូបង្វឹក ERIC WILLIAMS ជនជាតិអង់គ្លេសរំពឹងថាកូនក្រុមនឹងធ្វើបានល្អដូច ២ ប្រកួតកន្លងទៅ។
សម្រាប់ប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋាននិងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មានផងដែរ ខណៈសំបុត្រចូលទស្សនាមានដាក់លក់ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀលនៅខាងមុខច្រកចូលទីលានប្រកួត។
ពានរង្វាន់ AFF BIDC U16 Championship 2015 ចាប់រៀបចំពីថ្ងៃទី ២៧ ខែ កក្កដា ដល់ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយចែកជា ២ ពូលក្នុងនោះពូល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយពូល B មាន អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងនៅនៅទីលានសិប្បនិមិត្តពហុកីឡដ្ឋាន ជាតិ និង ទីលានកីឡដ្ឋានស្ដាតចាស់៕
នៅល្ងាចថ្ងៃច័ន្ទនេះ ម្ចាស់ផ្ទះកម្ពុជា ប៉ះសិង្ហបុរី ចំណែកអូស្ត្រាលី ជួបមីយ៉ាន់ម៉ា

0 Comments