Ad Code

បេក្ខជន​ជាប់​និទ្ទេស​A​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន​ជិត​១០​​ដង ​តែ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៣

ភ្នំពេញ​ ៖ ​ការ​​​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​​ ​បេក្ខជន​ជាប់​និទ្ទេស​A​មាន​ការ​កើន​ឡើង​ជិត​១០​ដង​បើ​ធៀប​នឹង​ឆ្នាំមុន​ តែ​ចំនួន​នេះ​វា​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៣​ដែរ​ដែល​ជា​ឆ្នាំ​ ដែល​ក្រសួង​អប់រំ​នៅ​មិន​ទាន់​ធ្វើ​កំណែ​ទម្រង់។


យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ដែល​បាន​ចេញ​ផ្សាយ​កាលពី​រសៀល ថ្ងៃ​ទី​១២​ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សម្រាប់​មណ្ឌល​ភ្នំពេញ ​និង​ខេត្ត​កណ្ដាល ​និង​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ប្រឡង​ជាប់​សម័យ​ប្រឡង​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​៨៣៣២៥ នាក់ ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​មាន​ចំនួន​១០៨​នាក់ និទ្ទេស​B​មាន​១០៨៥ និទ្ទេស​C៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស E ៣៥៩៨២។ ក្នុងចំណោម​បេក្ខជន​ជាប់ និទ្ទេស​A​ទាំង​១០៨​នាក់​នោះ​មកពី​រាជធានី​ភ្នំពេញ​៤៨​នាក់​, សៀមរាប​១៤​នាក់​, បាត់ដំបង​៧​នាក់​, ត្បូងឃ្មុំ​និង​តាកែវ​៦​នាក់​ក្នុង​១​ខេត្ត ,​ខេត្តកណ្ដាល និង​កំពង់ចាម​៥​នាក់​ក្នុង​១​ខេត្ត​, កំពត​៤​នាក់​, ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និង​ព្រះសីហនុ​២​នាក់​ក្នុង​១​ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​១​ខេត្ត។


ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ឃើញ​ថា​មានការ​កើន​ឡើង​ជិត​១០​ដង​ ដែល​ឆ្នាំមុន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤​គឺជា​ឆ្នាំ​ដែល​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ធ្វើ​កំណែ​ទម្រង់​ជា​លើកដំបូង​មាន បេក្ខជន​ជាប់​និទ្ទេស A ចំនួន​១១​នាក់ និង​និទ្ទេស B ចំនួន​២៨០​នាក់​ សម្រាប់ការ​ប្រឡង​លើក ទី​១​ក្នុង ចំណោម​បេក្ខជន​ប្រឡង​ជាប់​ចំនួន​២៣១២៦​នាក់ ត្រូវជា ២៥,៧២ ភាគរយ​ក្នុងចំណោម បេក្ខជន ចូលរួម ប្រឡង​ជិត​៩​ម៉ឺន​នាក់​។​រីឯ​ប្រឡង លើក​ទី​២​វិញ មិន​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A​និង B​ទេ​គឺ​ទទួល​បាន​និទ្ទេស C ចំនួន​១​នាក់ និទ្ទេស​D ចំនួន​៥៥​នាក់ និង​និទ្ទេស E ចំនួន ១០.៨១៥ នាក់​ក្នុង​បេក្ខជន​ប្រឡង​ជាប់​១០៨៧១​នាក់​ត្រូវជា​១៧,៩៤​ភាគរយ។សរុបមក​ឆ្នាំមុន​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ជាង​៣៣៩៩៧​នាក់​​​ស្មើនឹង​ជាង​៤០,៦៧%​ភាគរយ​។​ប៉ុន្តែ​ឆ្នាំនេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិន​រៀបចំ​ប្រឡង​លើក​ទី​២​ដូច​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​នោះទេ។


បេក្ខជន​ដែល​ប្រឡង​ជាប់ បាន​និទ្ទេស A ១១​នាក់ ក្នុង​នោះ​នៅ​ភ្នំពេញ ​ជាប់​A៣​នាក់​១. ផាង វ៉េង​ឣា​ន (​ប្រុស​) ២. សម្បត្តិ វិបុល​រ័ត្ន (​ស្រី​) ៣. នាង បូ​រា (​ប្រុស)។ កណ្តាល ជាប់​និទ្ទេស​A២ នាក់​៤. រ៉េ​ន សុខ​ពេជ្រ (​ប្រុស​) ៥. ឈី​វ ស៊ី​សាង (​ប្រុស​)​។ កំពង់ឆ្នាំង ១ នាក់​៦. ចាន់ ពិចិត្រ (​ប្រុស​)​កំពង់ចាម ១ នាក់​៧. អិត ស្រី​ពៅ (​ស្រី​)​ព្រៃវែង ១ នាក់ ​៨. យាន សោភា (​ស្រី )​សៀមរាប ២ នាក់​ ៩. អ៊ិន សុខ​ផល្គុន (​ស្រី​) ១០. វណ្ណ លីដា (​ប្រុស​)​កំពង់ស្ពឺ ​១ នាក់​ ១១. ចាន់ កិ​ត្យា​ភា​រ៉ា​(​ស្រី​)​។​ពួកគេ​ទាំង​១១​នាក់ បាន​ទទួល​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំ​ក្រសួង ​និង​ស្ថាប័ន​នានា​ផ្តល់​រ​ង្វាន់​លើកទឹកចិត្ត​ដល់​ពួកគេ​ពិសេស​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​តែម្តង។


ប៉ុន្តែ​យ៉ាងណាក៏ដោយ​ចំនួន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A នៅ​ឆ្នាំនេះ​មាន​ចំនួន​ប្រហាក់ ប្រហែល​នឹង ឆ្នាំ​២០១៣​ដែល​ជា​ឆ្នាំ​ដែល​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នៅ​មិនទាន់ ធ្វើ​កំណែ​ទម្រង់​នៅឡើយ​ពោល​គឺ​ជំនាន់​លោក​អ៊ឹម​សិទ្ធី​ជា​រដ្ឋមន្ត្រី។


តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ​កាលពី​ឆ្នាំ​២០១៣​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ចំនួន​៨៦,៤៨%​ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​សរុប​១១៤៤១៤​នាក់។ ក្នុងចំណោម​នោះដែរ​មាន​បេក្ខជន​ប្រឡង​ជាប់​និទេ្ទស​A​ចំនួន​១០៥​នាក់​ដែល​៥៨​នាក់​នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​ និង​និទ្ទេស​B​មាន​៣៥០៥​នាក់​ និទ្ទេស​C១៧៨០១​នាក់​ និទ្ទេស​D៣៧៥២២​នាក់​ និង​និទ្ទេស​E​មាន​៣៧០៩០​នាក់។


ពាក់ព័ន្ធ​នឹង​បេក្ខជន​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​នេះដែរ​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មានប្រសាសន៍​ថា ​មូលហេតុ​ដែល​សិស្ស​មាន​អត្រា​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​គឺ​ដោយសារតែ​នៅ​ឆ្នាំនេះ​សិស្ស​បាន​ត្រៀម​លក្ខណៈ​បាន​ល្អ​ប្រសើរ​ពោល​គឺ​ពួកគាត់​បាន​ទទួល​ការ​បំប៉ន​បន្ថែម​មេរៀន​សំខាន់ៗ​ចំនួន​៤​គឺ​រូបវិទ្យា​,​ជីវវិទ្យា​,​គីមីវិទ្យា​និង​គណិតវិទ្យា​ដែលមាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​តាម​មូលដ្ឋាន​លោកគ្រូ​អ្នក​គ្រូ​ដែល​ធ្វើ​ឲ្យ​សិស្ស​ប្រឡង​ឆ្នាំនេះ​មាន​សមត្ថភាព​ពិតប្រាកដ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា​ «​សិស្ស​ជាប់​ឆ្នាំនេះ​គឺជាប់​ដោយ​សមត្ថភាព​ពិតប្រាកដ​គឺថា​សិស្ស​ពូកែ​គឺ​ពូកែ​មែន»។


លោក​ហង់​ជួនណា​រ៉ុ​ន​បាន​សំណូមពរ​ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់​សូម​កុំ​អស់សង្ឃឹម​អាច​ចូលរៀន​ឡើងវិញ។ បើ​មិន​ចង់​រៀន​ទេ​អាច​ទៅ​ស្វែងរក​មុខជំនាញ​វិជ្ជាជីវៈ​តាម​សាលា​បណ្តុះបណ្តាល​នានា​ឬ​អាច​រៀន​បំពេញវិជ្ជា​ឬ​ស្វ័យរិន​ក៏បាន។


អ្នកជំនាញ​ផ្នែក​អប់រំ​បានផ្តល់​យោបល់​ ថា​ការ​ប្រឡង​ធ្លាក់ មិន​មានន័យ​ថា បេក្ខជន ដើរ​ដល់​ចំណុច​ទាល់ច្រក​ទេ​ពោល​គឺ​មាន​ផ្លូវ​ជា​ច្រើន​ដែល​ត្រូវ​ជ្រើសរើស​ដើរ​។ មាន​ជម្រើស​ចំនួន​៣​ប្រភេទ ដែល​សិស្ស និង​បេក្ខជន​ស្វ័យរិន អាច​បន្ត​រៀន​បាន​គឺ ទី​១ អាច​រៀន​ត្រួតថ្នាក់​ទី​១២​ឡើងវិញ ទី​២​អាច​រៀន​ជំនាញ​បច្ចេកវិជ្ជា​ផ្សេងៗ និង​ទី​៣ អាច​រៀន​បរិញ្ញាបត្រ​រង​១​ឆ្នាំ បូក​នឹង​មួយ​ឆមាស ហើយ​បន្ត​រៀន​៤​ឆ្នាំ យក​បរិញ្ញាបត្រ​។ ការរៀន​ពី​បរិញ្ញាបត្ររង ទៅជា​បរិញ្ញាបត្រ​នេះ គឺជា​សញ្ញាប័ត្រ​ចុងក្រោយ ដែល​ក្រសួង​អប់រំ បានទទួល​ស្គាល់ ថា​មានតម្លៃ​ជាង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ពួកគេ​មិនបាន​ប្រឡង​ជាប់​នោះ។


ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤​និង​២៥​ ខែ​សីហា​នៅ​គ្រប់​រាជធានី​ខេត្ត ចំនួន ១៥០ មណ្ឌល ចែកចេញជា ៣៤២៧ បន្ទប់ មាន​បេក្ខជន​ប្រឡង​ចំនួន​៨៣៣២៥​នាក់​ក្នុងនោះ​បេក្ខជន​៧០៩៧៣​នាក់​មកពី​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ និង​បេក្ខជន​៤៥២៧​នាក់​មកពី​គ្រឹះស្ថាន​សិក្សា​ឯកជន ​និង​បេក្ខជន​ចំនួន​៣៤៩៤​ជា​បេក្ខជនស្វ័យរិន។ ក្នុង​ដំណើរ​ការប្រឡង​ឆ្នាំនេះ​ក្រសួង​អប់រំ​បាន​ចំណាយ​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​ដោយ​ប្រើប្រាស់​បុគ្គលិក​ប្រមាណ​២​ពាន់​នាក់​ពោល​គឺ​ក្នុងចំណោម​បេក្ខជន​ម្នាក់​ចំណាយ​ប្រមាណ​១៣​ម៉ឺន​រៀល។


នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​មាន​បញ្ហា​សុខភាព​ចំនួន​ជិត​៧០​នាក់​ក្នុង​នោះ​មាន​បេក្ខជន​ខ្លះ​ដួល​សន្លប់​ ហើយ​ពិសេស​នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា​ដែល​ជា​ថ្ងៃ​ប្រឡង​បញ្ចប់​នៃ​ការ​ប្រឡង​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​នៅ​មណ្ឌល​ប្រឡង​ខេត្តកោះកុង។ ដោយមាន​បេក្ខនារី​ម្នាក់ នៅ​មណ្ឌល​អនុវិទ្យាល័យ​ជាស៊ីម​ស្មាច់មានជ័យ ខេត្តកោះកុង​បាន ឈឺពោះ​សម្រាលកូន ដោយ​ពុំបាន​ប្រឡង​មួយ​វិញ្ញាសា​ចុងក្រោយ​នៃ​ថ្ងៃ​បញ្ចប់​ទៀតផង៕




បេក្ខជន​ជាប់​និទ្ទេស​A​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន​ជិត​១០​​ដង ​តែ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៣

Post a Comment

0 Comments

Close Menu