Ad Code

សម្ដេច​តេ​ជោ ៖ «បន្ត​ផ្ដោត​អាទិភាព ការបង្កើន​ការ​វិនិយោគ​ទៅលើ​សមភាព​យ៉េន​ឌ័​រ​»

ក្នុង​ចំណុច​សំខាន់ៗ ក្នុង​ការ​ចូលរួម​មតិ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ប្រមុខ​ដឹកនាំ​ពិភពលោក ស្ដីពី​សមភាព​យ៉េន​ឌ័​រ និង​កា​រល​លើកកម្ពស់​សិទ្ធ​អំណាច​ស្ត្រី នាទី​ក្រុង​ញី​វ​យ៉​ក ថ្ងៃទី ២៧ ខែកញ្ញា​ឆ្នាំ​២០១៥​នោះ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា គួរ​បន្ត​ផ្ដោត​អាទិភាព ការ​បង្កើន​ការវិនិយោគ​ទៅលើ​សមភាព​យ៉េន​ឌ័​រ ពិសេស​តាមរយៈ​ការពិនិត្យ​ឡើងវិញ​លើ​គោលនយោបាយ​សារពើពន្ធ ដើម្បី​បង្កើត និង​បង្កើន ចំណាយ​សាធារណៈ​ទៅលើ​សមភាព​យ៉េន​ឌ័​រ ព្រមទាំង​ពិនិត្យ និង​វិភាគ​ផលប៉ះពាល់​នៃ​ចំណាយ​សាធារណៈ​ទៅលើ​វិសមភាព​យ៉េន​ឌ័​រ តាមរយៈ​កម្មវិធី​ថវិកា​ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​យ៉េន​ឌ័​រ​។


សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ការធានា​នូវ​ការ​ការពារ​សិទ្ធិ​របស់​ស្ត្រី ព្រមទាំង​ការចូលរួម​ពេញលេញ និង​ស្មើភាព​របស់​ស្ត្រី នៅក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​នៅ​គ្រប់​កម្រិត​។ ការពង្រឹង​យន្តការ​គណនេយ្យ​ភាព​ស​ម្រា​ប់​សមភាព​យ៉េន​ឌ័​រ តាមរយៈ​ការពង្រឹង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​ការប្រើប្រាស់​ម​ធ្យា​បាយ​នៃ​ការតាមដាន​ត្រួតពិនិត្យ វឌ្ឍនភាព​ទាំងឡាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការធានា​ផ្ដល់​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការងារ​យ៉េន​ឌ័​រ​។ ការបន្ត​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ពិសេស​តាមរយៈ​ការ​បង្កើន​ការ​យល់ដឹង​អំពី​សេវា​អភិវឌ្ឍ​អាជីវកម្ម​សំខាន់ៗ សម្រាប់​សហគ្រាស​ស្ត្រី  ខ្នាត​មីក្រូ ខ្នាត​តូច និង​មធ្យម ការបង្កើត​នូវ​កម្មវិធី​នានា ដើម្បី​ជួយ​ឲ្យ​ស្ត្រី​ទទួល​បាន​នូវ​ជំនាញ​បច្ចេកទេស សហគ្រិនភាព និង សេវា​ហិរញ្ញវត្ថុ គាំទ្រ​ស្ត្រី​ក្នុង​ការ​ធ្វើ​ពិធី​កម្ម និង​ពាណិជ្ជនីយកម្ម​លើ​វិស័យ​កសិកម្ម ព្រមទាំង​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​នៅក្នុង​ទី​ផ្សារ​ការងារ ដើម្បី​លុបបំបាត់​ការរើសអើង​ស្ត្រី​នៅ​កន្លែង​ការងារ រៀបចំ​ស្តង់ដារ​ពលកម្ម​ស្ត្រី ផ្ដល់​ការ​គាំពារ​សង្គម និង​ជួយ​ដោះស្រាយ​វិវាទ​ជាដើម​។​ល។


សម្ដេច​តេ​ជោ​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការសហប្រជាជាតិ ក្នុង​ការ​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី​និង​ផែនការ​សកម្មភាព​នានា​សំដៅ​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ និង​សិទ្ធិ​អំណាច​ស្ត្រី ហើយ​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជាច្រើន​តាម​វិស័យ​សំខាន់ៗ​រួមមាន ការ​អនុម័ត​ច្បាប់ និង ក្របខណ្ឌ​និយ័តកម្ម ដើម្បី​ផ្ដល់​ការ​គាំពារ លុបបំបាត់​ការរើសអើង និង​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​។ ការ​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ​នៅក្នុង​វិស័យ​អប់រំ តាមរយៈ​ការ​បង្កើន​ការ​ចុះឈ្មោះ​ចូលរៀន​របស់​ក្មេងស្រី​នៅ​គ្រប់​កម្រិត​បឋមសិក្សា​និង​មធ្យមសិក្សា ការ​លើក​ស្ទួយ​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការ​បង្កើន​ភាព​ងាយស្រួល​ដល់​ស្ត្រី ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ សំដៅ​បង្កើន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​។ ការ​លើក​កម្ពស់​ស្ថានភាព​សុខភាព​របស់​ស្ត្រី និង​កុមារ ពិសេស​តាមរយៈ​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​លើ​មរណភាព​មាតា និង​ការ​លើក​កម្ពស់​ការ​ការ​ចូល​រួម​របស់​ស្ត្រី នៅក្នុង​កិច្ចការ​នយោបាយ និង​ការសម្រេចចិត្ត​លើ​កិច្ចការ​នានា​របស់​សង្គម ក្នុង​គ្រប់​ស្ថាប័ន​ជាតិ និង​គ្រប់​កម្រិត ជា​អាទិ៍ ស្ថាប័ន​នីតិ​បញ្ញត្តិ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។


សម្ដេច​តេ​ជោ​ថ្លែង​បញ្ជាក់ដែរ​ថា ឆ្នាំ​២០១៥​នេះ គឺជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​សមភាព​យ៉េន​ឌ័​រ និង​ការ​លើកកម្ពស់​សិទ្ធិ​អំណាច​ស្ត្រី​។ ជា​ការពិត​កិច្ចប្រជុំ​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​ការ​បន្ត​ខិតខំ​ប្រឹងប្រែង និង​ប្ដេជ្ញាចិត្ត​បន្ថែម​ទៀត ដើម្បី​សម្រេច​នូវ​សមភាព​យ៉េន​ឌ័​រ និង​ធ្វើ​ឲ្យ​គោលដៅ​នេះ​ក្លាយជា​ការពិត​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​៕


T-09-28-15-zo-fullT-09-28-15-zoo-full



សម្ដេច​តេ​ជោ ៖ «បន្ត​ផ្ដោត​អាទិភាព ការបង្កើន​ការ​វិនិយោគ​ទៅលើ​សមភាព​យ៉េន​ឌ័​រ​»

Post a Comment

0 Comments

Close Menu