ពីមួយជំនាន់ទៅមួយជំនាន់ វិស័យសិល្បៈបាននឹងកំពុងតែមានសន្ទុះកាន់ តែខ្លាំងឡើងៗ។ ក្នុងនោះដែរ គេសង្កេតឃើញមានការចូលប្រឡូកយ៉ាងខ្លាំងពី បណ្តាក្រុមអ្នកសិល្បៈទាំងជំនាន់ និងជំនាន់ក្រោយមកទៀត។ ទន្ទឹមនឹងនេះដែរ បើនិយាយអំពីការសម្ដែងនោះដែរ គេសង្កេតឃើញមានសិល្បៈករជាច្រើននាក់ ដែលមានទេពកោសល្យខ្ពស់មិនចាញ់ការសម្ដែងរបស់បរទេសប៉ុន្មានទេ។ ក្នុងនោះ លោកប៉ែន ចំរុងដែលទស្សនិកជនធ្លាប់បានស្គាល់រួចមកហើយ លោកជាកំពូលតារាសម្ដែងវ័យក្មេងម្នាក់ដែលពូកែដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចូលទៅក្នុងសាច់រឿងរបស់លោក ហើយពេលខ្លះលោកក៏សម្ដែងជាតួឡប់ៗយ៉ាងសមឥតខ្ចោះផងដែរ។ លោកប៉ែនចំរុងបានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងបទសម្ភាសន៍ថ្ងៃនេះជាមួយកម្ពុជាថ្មី។ លោកបានរៀបរាប់ទាំងជីវប្រវត្តិ ក៏ដូចជាជីវិតនៅលើវថីសិល្បៈផងដែរ។
ជីវប្រវត្តិលោកប៉ែន ចំរុង
លោកប៉ែន ចំរុង បានចាប់កំណើតនៅលើទឹកដីខេត្តបាត់ដំបង។ ឪពុករបស់លោកមានមុខរបរជាកសិករ ចំណែកឯអ្នកម្ដាយមុខរបរជាមេផ្ទះ។ លោកមានបងប្អូន ៤នាក់( ប្រុស៣ ស្រី១) ហើយរូបលោកផ្ទាល់ជាកូនពៅ។ ក្នុងចំណោមបងប្អូនរបស់លោកទាំងអស់ មិនមែនតែរូប លោកបានប្រឡូកចូលក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ក្នុងនោះបងប្រុសរបស់លោកក៏បានស្រវាចាប់យកជាមួយនឹងអាជីពសិល្បៈនេះដែរ គឺខាងផ្នែកសម្ដែង។
ដំណាក់កាលដំបូងនៃការរំកិលខ្លួនឡើងទៅរកថ្នាលសិល្បៈ
មុននឹងបន្តចូលទៅដំណើរនៃការឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈនោះ លោកប៉ែន ចំរុងបានរៀបរាប់ត្រួសៗពីការរុញច្រានខ្លួនឲ្យបានមកដល់សព្វថ្ងៃនេះ។ ថ្វីត្បិតតែលោក ប៉ែន ចំរុង ជាកូនដែលកើតក្នុងត្រកូលកសិករក្ដី តែរូបលោកបានខិតខំប្រឹងប្រែងតស៊ូ ជំនះអស់គ្រប់ឧបសគ្គទាំងឡាយដើម្បីមានថ្ងៃនេះ។ ដោយសារតែចិត្តមានបំណងចង់ប្រឡូកចូលក្នុងវិស័យសិល្បៈនោះ ក៏បានបង្ខំឲ្យរូបលោកត្រូវបោះបង់ចោលការសិក្សានៅថ្នាក់ទី១២ ត្រឹមឆ្នាំ២០០០ ដែលកាលនោះ ស្ថានភាព គ្រួសារលោកជួបប្រទះនូវផលវិបាកច្រើន។ លោកបានបន្ថែមទៀតថា ការដែលឈានជើងចូលសិល្បៈ នេះ ក៏មិនមែនជាគោលបំណងរបស់លោកឪពុក អ្នកម្ដាយដែរ គឺពួកគាត់មានចង់ឲ្យលោកបន្តការ សិក្សាឲ្យបានវែងឆ្ងាយ ប៉ុន្តែដោយសារតែលោកមិនចង់ឲ្យឪពុកម្ដាយរបស់ខ្លួនពិបាកនោះ លោកក៏បានសាកល្បងជាមួយនឹងផ្នែកសិល្បៈនេះតែម្ដង។ បន្ទាប់ពីបញ្ចប់ ការសិក្សាថ្នាក់ទី ១២ រូបលោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យមករៀនបន្តនៅភ្នំពេញ តែដោយសារតែលោកមានចំណង់ចំណូលចិត្តខ្ពស់ខាងផ្នែកសិល្បៈនេះ ក៏បង្ខំឲ្យលោកចេះតែបញ្ជ្រាតខ្លួនចូលទៅក្នុងវិស័យសិល្បៈបន្តិចម្ដងៗ។
មុនដំបូងឡើយ លោកប៉ែន ចំរុង បានដាក់ពាក្យចូលប្រឡងចម្រៀងសម័យ ប៉ុន្តែបែរជាត្រូវផលិតកម្ម KH ជ្រើសរើសឲ្យបានជាប់ជាតារាសម្ដែងតែម្ដងវិញ។ នេះវាជាអ្វី ដែលលោកនឹកមិនស្មានដល់នោះទេ ព្រោះបទពិសោធន៍ផ្នែកសិល្បៈនេះ លោក គ្រាន់តែមានជាប់ខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ។ កាលនោះ លោកនៅចាំបានថា កាលពីលោករៀនថ្នាក់វិទ្យាល័យ លោកក៏ធ្លាប់មានបទពិសោធន៍ខាងការសម្ដែង និងចម្រៀងនេះដែរ គឺខាងសាលារបស់លោកមានតម្រូវការធនធានមួយចំនួនដើម្បីយកទៅកសាង និងជួសជុល។ ដូចនេះ លោកក៏បានជ្រើសតាំងឲ្យបង្កើត ជាក្រុមមូលនិធិមួយដើម្បីរ៉ៃអង្គាសប្រាក់ចូលឧបត្ថម្ភសាលាដែលលោកដើរតួសម្ដែង ឬច្រៀងចម្រៀងផ្សេងៗ។ ចាប់តាំងពីពេលនោះមក លោកក៏មាន អារម្មណ៍ថា ខ្លួនហាក់បីដូចជាមានទេព្យកោសល្យ ច្រើនក្នុងវិស័យសិល្បៈ។ ងាកទៅជំហាននៃការឈានជើងចូលប្រឡូកជាលើកដំបូងភ្លាម លោកក៏ត្រូវបាន ផលិតកម្ម ប្រាសាទមាសជ្រើសរើសលោកឲ្យដើរតួសម្ដែងម្នាក់ ក្នុងរឿងចៅពស់ កេងកង ដែលកាលនោះរឿងនេះត្រូវបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។ ដោយមើលឃើញថា លោកទើបតែចុះប្រឡូកថ្មីលើផ្នែកសិល្បៈនេះ ហើយណា មួយលោកក៏មានទេព្យកោសល្យលាយឡំតាំងពីកំណើតផងនោះ លោកក៏ត្រូវបានផលិតកម្មមួយចំនួនឲ្យលោកបានចូលសម្ដែងដែរ ក្នុងខ្សែភាពយន្តរឿង វិញ្ញាណ ដែលដើរតួជាតួអង្គ មេបញ្ហា។ ការដែលលោកបានរំកិលខ្លួនបន្តិចម្ដងៗ ចូលទៅក្នុងពិភពសិល្បៈនោះ លោកប៉ែន ចំរុងពិតជាមានមានមោទនភាព និងមានកម្លាំងចិត្ត ខ្លាំងណាស់ ក្នុងការតស៊ូបោះជំហានទៅមុខបន្តទៀត។
យ៉ាងណាមិញ បន្តពីរឿងចៅពស់កេងកងមក លោកចំរុង ក៏មានឱកាសបានចូល សម្ដែងក្នុងខ្សែភាពយន្តជាច្រើនដែលលោកចាំបានខ្លះ មានដូចជា ជម្រះបញ្ជីចាស់ គូស្នេហ៍ចៃដន្យ មឈូសកែវ កុមារី២៥ឆ្នាំ នាយឡប់ជំពប់ស្នេហ៍ បេះដូងអ្នកការពារ។ល។ លោកប៉ែន ចំរុង បានមាន ប្រសាសន៍ថា ដើម្បីធ្វើរឿងអ្វីមួយឲ្យទទួលបានជោគជ័យ គឺទាមទារឲ្យមានការ តស៊ូ សង្កេត និងតាមដាន ដូចជានៅពេលថតរឿងម្ដងៗ គឺលោកតែងតែស្ដាប់ យ៉ាងម៉ត់ចត់ចំពោះការណែនាំ ពន្យល់ពីអ្នកដឹកនាំរឿង ក៏ដូចជាសិល្បៈកររៀមច្បងដទៃទៀតផងដែរ។ លោក ប៉ែន ចំរុង គឺជាសិល្បករសម្ដែងមួយរូប ដែលមានបទពិសោធន៍ច្រើនគួរសមក្នុងវិស័យសិល្បៈ ព្រោះអស់រយៈកាលជាច្រើនឆ្នាំមក ហើយដែលលោកបានប្រឡូកខ្លួនបានយ៉ាងជ្រៅ និងស្គាល់ច្បាស់ពីភាពស៊ី ជម្រៅនៃពិភពសិល្បៈ។
សម្រាប់ខ្សែភាពយន្តទាំងអស់ ដែលលោកបានសម្ដែង គឺមានរឿងមួយចំនួនដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកមានសន្ទុះកាន់តែកើន ឡើងពីមួយកម្រិត។ រឿងទាំងអស់នោះមានដូចជា រឿងកុមារី២៥ឆ្នាំ នាយឡប់ជំពប់ស្នេហ៍ និងរឿងបេះដូងអ្នកការពារ។ ដោយសារតែរាល់ពេលនៃការសម្ដែង រឿងចប់ ទស្សនិកជនតែងតែហៅលោកជាឈ្មោះតួអង្គ ដូចនេះអាចធ្វើឲ្យលោក បានវាយតម្លៃបានថា រឿងទាំងនេះទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជន។
ជោគជ័យលើការទទួលបានពានអាណាចក្រតារា
កម្មវិធីអាណាចក្រតារា គឺជាកម្មវិធីដែលប្រជុំទៅដោយសិល្បៈករវ័យក្មេង និងសិល្បៈរៀមច្បងជាច្រើននាក់ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក។ មានសិល្បៈមួយចំនួនដែលទទួលបានពានពីកម្មវិធីនេះ ដោយអាស្រ័យទៅលើសមត្ថភាព ភាពប៉ិនប្រសប់ មានទេពកោសល្យឆ្នើម។ ក្នុងនោះដែរ លោកប៉ែន ក៏ទទួលបានពានផងដែរ។ ទាក់ទងនឹងការទទួលបានពាននេះដែរ លោកប៉ែន ចំរុងបានលើកឡើងថា វាបានមកពីការខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យទស្សនិកជនមានការគាំទ្រមកលើរូបលោកកាន់តែច្រើន តាមរយៈការសម្ដែងឲ្យបានល្អ។
មួយវិញទៀត លោកក៏ជាសិល្បៈករមួយរូបដែលពុំចេះឆ្មើងឆ្មៃ ឬប្រកាន់ឫកចំពោះទស្សនិកជនផងដែរ។ ជាមួយនឹងការទទួលបានពាននេះ លោកចំរុង បានបន្តទៀតថា លោកមិនបានទិញទឹកចិត្តអ្នកគាំទ្រ ឬប្រើវិធីសាស្ត្រអ្វីដែលប្រាស់ចាកពីគោលការណ៍ឡើយ សំខាន់លោកគ្រាន់តែប្រឹងប្រែងបង្កើន សមត្ថភាពការសម្ដែងរបស់ខ្លួនឲ្យបានល្អតែប៉ុណ្ណោះ។ មួយវិញទៀត លោកតែង តែព្យាយាមស្វែងរកនូវអ្វីដែលប្លែកៗទាក់ទងនឹងផ្នែកសិល្បៈរបស់លោក។ ចំពោះការគាំទ្រនោះ គឺកើតចេញពីទឹកចិត្តទស្សនិកជនពិតៗ មិនមានការក្លែងបន្លំ ឬបង្ខំឲ្យនរណាម្នាក់មកគាំទ្រខ្លួននោះ វាអាស្រ័យត្រង់ថា អ្នកណាពេញចិត្ត ឬមិនពេញចិត្តចំពោះរូបលោកតែប៉ុណ្ណោះ។
គម្រោងសិល្បៈទៅថ្ងៃអនាគត
សម្រាប់គម្រោងទៅថ្ងៃអនាគតរបស់លោកប៉ែន ចំរុង គឺឃើញថាខុសពី សិល្បៈករដទៃទៀត ដែលមានគំនិតថានឹងបញ្ចប់អាជីពសិល្បៈ ឆ្ពោះទៅកាន់មុខ ជំនួញណាមួយដែលខ្លួនពេញចិត្ត។ ដោយឡែក លោកប៉ែន ចំរុងគឺពុំមានគម្រោងអ្វីដែលទាក់ទងនឹងមុខជំនួញនោះទេ ផ្ទុយទៅវិញលោកមានគំនិតមួយ ដែលបង្កើតឲ្យមានជាស្នាដៃសម្រាប់បន្សល់ទុកដល់សិល្បៈករជំនានក្រោយ។ គម្រោងរបស់លោកនោះ គឺលោកចង់បង្កើតជាសៀវភៅមួយដែលមានចំណង ជើងថា បទពិសោធន៍អ្នកសិល្បៈ។
ទាក់ទងជាមួយនឹងការបង្កើតសៀវភៅនេះ ឡើងគឺក្នុងគោលបំណងទុកជាស្នាដៃ និងទុកជាចំណេះដើម្បីឲ្យអ្នកសិល្បៈក្រោយៗមកទៀតបានសិក្សារស្វែងយល់ពីជំហាន និងការតស៊ូក្នុងពិភពសិល្បៈ។ លោក ចំរុង បានលើកឡើងពីអត្ថន័យ និងខ្លឹមសារត្រួសៗក្នុងសៀវភៅដែលនឹង គ្រោងបង្កើតនេះដែរ គឺលោកនឹងសរសេររៀបរាប់ពីការខិតខំប្រឹងប្រែង និងអ្វីដែលត្រូវធ្វើ ពុះពារដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ។ នេះ គឺជាគំនិតដ៏ល្អប្រសើរ ដែលលោកនឹងចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីចែករំលែក នូវបទពិសោធន៍របស់ខ្លួនដល់អ្នកសិល្បៈករក្រោយៗមកទៀត៕
បន្ទាប់ពីផ្ទុះរឿងរ៉ាវស្នេហាយ៉ាងក្ដៅគគុករួចមក...ប៉ែន ចំរ៉ុងបានបង្ហាញពីដំណើរជីវិតពិតក្នុងការឈានជើងប្រឡូកចូលក្នុងសិល្បៈ
0 Comments