ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានស្វាគមន៍ម្នាក់១ដៃ១ជើង ទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចនាថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវ២៨៩ កែងនឹងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះណាំ សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំផ្សារ៧មករា ផ្លូវ៦១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះទីង ស្រីធាន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះដើរពីកន្លែងធ្វើការគោលបំណងត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ១CV-១៣២៥ មកអែបក្បែរឆក់កាបូបបានសម្រេច ហើយក៏បត់ម៉ូតូបំណងត្រឡប់ក្រោយក៏ដួលម៉ូតូ។ ពេលនោះជនសង្ស័យទាំងពីរបានរត់គេចមកដល់ចំណុចផ្លូវ២៩១ ក្រោយសាលាបឋមសិក្សាទួលគោក ទើបប្រជាពលរដ្ឋចាប់បានវាយមួយដៃមួយជើងចាប់បញ្ជូនឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់១តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
ឆក់កាបូបមិនបានសម្រេច ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ជូនប៉ូលិស
0 Comments