Ad Code

ផ្ដន្ទាទោស​អតីត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដាក់គុក​១០​ឆ្នាំ ​រឿង​បាញ់​សម្លាប់​មនុស្ស

ភ្នំពេញ ​៖​ ចៅក្រម​សាលាឧទ្ធរណ៍​លោក​ប៉ាក ច័ន្ទ​សំបូរ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បានការ​ដដែល​ពោល​គឺ​ផ្ដន្ទាទោស​បុរស​ម្នាក់​ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ដាក់គុក​១០​ឆ្នាំ​ ពី​បទ​បាញ់សម្លាប់​មនុស្ស និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។


ជនជាប់ចោទ​ឈ្មោះ​ជុំ វណ្ណា អាយុ​២៨​ឆ្នាំ មាន​មុខរបរ​បន្ថែម​ជា​សន្តិសុខ​ក្លឹប​រាត្រី​ឌី​ជេ​ស្តេ​សិន ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។


តាម​អង្គហេតុ​គឺ​កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ក្លឹប​រាត្រី​ឌី​ជេ​ស្តេ​សិន ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មាន​ករណី​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ បង្កឡើង​ដោយ​ឈ្មោះ​ជុំ វណ្ណា។ ជុំ វណ្ណា បាន​បាញ់​លើ​ជនរងគ្រោះ​ដើម្បី​រារាំង​កុំ​ឲ្យ​វាយតប់​គ្នា​ក្នុង​ហាង។ ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ជុំ វណ្ណា។


ដោយឡែក​ក្នុង​សវនាការ ជនជាប់ចោទ​បដិសេធ​ថា​ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ និង​សូម​ឲ្យ​សាលាឧទ្ធរណ៍​រក​យុត្តិធម៌។ ប៉ុន្តែ​តំណាង​មហា​អយ្យការ​បាន​សន្និដ្ឋាន​ឲ្យ​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជាបានការ​ដដែល៕





ផ្ដន្ទាទោស​អតីត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដាក់គុក​១០​ឆ្នាំ ​រឿង​បាញ់​សម្លាប់​មនុស្ស

Post a Comment

0 Comments

Close Menu