រតនគិរី ៖ បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅក្បែរទ្រុងជ្រូកចាស់ក្រោយផ្ទះរបស់ខ្លួនគ្មានមូលហេតុសង្ស័យខ្យល់គ ព្រោះជាមនុស្សចូលចិត្តផឹកស្រាស្រវឹងខួបជាច្រើនឆ្នាំមកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលប្រកាច់ស្លាប់នោះមានឈ្មោះអិត ម៉ាកហៅភ័ក្រអាយុ៤២ឆ្នាំ។ មានប្រពន្ធឈ្មោះស៊ីម វិបុល អាយុ៤៣ឆ្នាំ មានកូន៤នាក់ប្រុសម្នាក់ក្នុងបន្ទុករស់នៅភូមិកើតហេតុខាងលើ។
តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះនោះបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនកើតហេតុប្តីរបស់គាត់ចេះតែភ្ញាក់ផ្អើល ហើយតែងតែរត់គេចពីហ្វូងមនុស្សច្រើនៗទៅពួនសំងំទីកន្លែងស្ងាត់រហូតមកដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែក្រោកពីព្រលឹមមិនមានស្លៀកពាក់ខោអាវទេមានតែខោលីអូរចេញបាត់ពីផ្ទះ។
ពេលនោះគាត់ជាប្រពន្ធបាត់ប្ដីទាំងព្រលឹម ដូចច្នេះក៏ដើររកតាមផ្ទះអ្នកជិតខាងក្រែងប្ដីរបស់គាត់ទៅរក(ដកមេ)ផឹកស្រាតែរកមិនឃើញក៏ដើររកជុំវិញផ្ទះ ស្រាប់តែឃើញប្ដីដេកស្ដូកក្បែរទ្រុងជ្រូកចាស់ក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះ ក៏ស្រែកឆោឡោឡើងរកអ្នកភូមិឲ្យជួយប្ដីគាត់តែអកុសលប្ដីគាត់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបច្ចេកទេសនៃស្នងការខេត្តបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុមិនឃើញមានស្លាកស្នាមអ្វីនៅលើដងខ្លួនសាកសពឡើយគឺជុំវិញនោះមានស្នាមស្មៅបាក់រាបប្រហែលជាបុរសនោះប្រកាច់មុនពេលស្លាប់ ហើយសមត្ថកិច្ចសន្និដ្ឋានថា ប្រហែលជាគាត់ខ្យល់គព្រោះផឹកស្រាមិនចេះក្លែម ឬហូបបាយ ហើយស្រវឹងរាល់ថ្ងៃធ្វើឲ្យខួរក្បាលវង្វេងវង្វាន់រវើរវាយរហូតភ័យខ្លាចចេះតែរត់គេចពីហ្វូងមនុស្សទៅសំងំលាក់ខ្លួនរហូតប្រកាច់ស្លាប់បែបនេះតែម្ដង។ សាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ៕
បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅក្បែរទ្រុងជ្រូក
0 Comments