ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅក្នុងសំណុំរឿងក្លែងឯកសារសាធារណៈ ទាក់ទងក្នុងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម នេះបើយោងតាមដីកា។
យោងតាមដីកាកោះអញ្ជើញ ដែលការិយាល័យរបស់យើងទើបទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ របស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា បានអញ្ជើញលោក ជូង ជូងី មេធាវីការពារក្តីឲ្យជនជាប់ចោទ លោក ហុង សុខហួរ ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៨ និង៣០ នាទីព្រឹក ដើម្បីចូលរួមក្នុងសវនាការ ពីដំណើររឿងក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តុលាការបានសម្រេចឃុំខ្លួនលោក ហុង សុខហួរ ដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់លោក ហុង សុខហួរ ចំនួន៣ បទល្មើស គឺទី១. បទក្លែងឯកសារសាធារណៈ ទី២. បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងទី៣. បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើសំណុំរឿងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នាថ្ងៃសុក្រខាងមុខ
0 Comments