ថុល មករា ជួប សល់ រីប៊ែល
អ្នកប្រដាល់ថៃOrono Tor. Tawthai នឹងឡើងមកសងសឹកជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា កែវ រំចង់ ក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យនៅល្ងាចថ្ងៃសុក្រ ទី០២ ខែតុលា ខាងមុខនេះ លើសង្វៀនបាយ័នស្ទឹងមានជ័យ។
នេះជាការជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។ Orono Tor.Taw នេះធ្លាប់មកប្រកួតជាមួយកែវ រំចង់ម្ដងហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ កន្លងមកដោយត្រូវកែវ រំចង់បានវាយឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៤។
គេនៅចាំបានថា Orono Tor.Tawthaiនេះត្រូវកែវ រំចង់វាយដួលលើរេញ ហើយត្រូវអាជ្ញាកណ្ដាលរាប់ជាច្រើនដង។ ដោយសារតែមើលឃើញមិនអាចទៅរួចជាមួយកែវ រំចង់នោះអាជ្ញាកណ្ដាលក៏បញ្ឈប់លែងឲ្យប្រកួតបន្តក្នុងទឹកទី៤តែម្ដងទៅ។
អ្នកប្រដាល់ថៃរូបនេះ ប្រកួតក្នុងទឹកទី១ និងទឹកទី២ហាក់ដូចជាគ្រាន់បើដែរ ដែលគេមើលឃើញថា អាចស៊ូជាមួយកែវ រំចង់បាន។ ប៉ុន្តែចូលដល់ទឹកទី៣ និងទឹកទី៤ Orono Tor.Tawthai ក៏ត្រូវកែវ រំចង់វាយដួលជាញឹកញាប់ និងត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត។
Orono Tor.Tawthai មកសងសឹកកែវ រំចង់លើកនេះមិនដឹងថា គេអាចសងសឹកបានសម្រេច ឬអត់នោះទេ ? ព្រោះលើកមុនវាយចាញ់រំចង់ដាច់ពេក ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួត៩៦ដង ឈ្នះ៨៧ដង ចាញ់០៩ដង ។
ទោះជាយ៉ាងណា Orono Tor.Tawthai មកជួបប្រកួតសងសឹកជាមួយកែវ រំចង់ ដែលមានប្រវត្តិប្រកួតចំនួន១២៨ដង ឈ្នះ១១១ដង ចាញ់១១ដង និងស្មើ ៤ដង ហើយរំចង់ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន៥៣ដងនោះ Orono Tor.Tawthai ប្រហែលជាមានសង្ឃឹមតិចតួចណាស់ក្នុងការឈ្នះរំចង់នោះ ។
ថុល មករាអ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងជួបសាកកណ្ដាប់ដៃជាមួយសល់ រីប៊ែលអ្នកប្រដាល់ជើងចាស់ក្លិបកុសលកីឡា។ ពីរនាក់នេះប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
មករានេះជាអ្នកប្រដាល់ចាស់វស្សាហើយ ប៉ុន្តែកម្រិតសមត្ថភាព និងបច្ចេកទេសប្រដាល់របស់គេ ហាក់ដូចជា មិនសូវច្បាស់ណាស់ណាទេ តែលទ្ធផលប្រកួតរបស់គេកន្លងមកគឺគ្រាន់បើដែរ។ យ៉ាងណាមួយរយៈចុងក្រោយនេះថុល មករាដូចជាជួបសំណាងអាក្រក់ដោយវាយចាញ់រហូត។ ការប្រកួតចុងក្រោយនេះ(២៧កញ្ញា២០១៥) គេវាយវាយចាញ់ប៊ិត ប៊ុនធឿនអ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។
សល់ រីប៊ែលគេក៏មានសមត្ថភាពប្រហាក់ប្រហែលមករាដែរទេ គ្រាន់តែរាងខ្ពស់ជាងបន្តិចប៉ុណ្ណោះ។ អ្នកប្រដាល់រូបនេះ ស្នៀតប្រដាល់មិនជាប៉ុន្មានដែរទេ តែគេមានចិត្តប្រដាល់ធំស៊ូនឹងការប្រកួត។ ដូច្នេះជួបប្រកួតជាមួយថុល មករាលើកនេះមិនដឹងថា យ៉ាងណានោះដែរ។ ការប្រកួតចុងក្រោយ រីប៊ែលវាយចាញ់ វី សេរីចាន់ឌីនអ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធិដោយពិន្ទុ។ ចាំមើលការប្រកួតលើកនេះសល់ រីប៊ែលអាចយកឈ្នះថុល មករាបានឬអត់ ?។
សំណាង ឌីណាអ្នកប្រដាល់ក្លិបដួងសែនសុខគុនខ្មែរត្រូវគេផ្គូឲ្យជួបប្រកួតជាមួយឯម ខ្លឹមសរអ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ។ ពីរនាក់នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ អ្នកទាំងពីរនេះពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។
ឯម ខ្លឹមសរជាអ្នកប្រដាល់ស្រករក្រោយតែគេមានថ្វីដៃល្អ និងខ្លាំងហើយជង្គង់ កែង ក៏មិនធម្មតាដែរ ។ គេប្រកួតចុងក្រោយនេះឈ្នះចៅ ចេកខ្ចីក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ។
ឯការប្រកួតចុងក្រោយរបស់សំណាង ឌីណាវិញគេវាយចាញ់គឿម សុវណ្ណឌឿតអ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ។ ចាំមើលរវាងឯម ខ្លឹមសរ និងសំណាង ឌីណានេះ តើនរណាជាអ្នកឈ្នះ ? ។
គួន សុវណ្ណអ្នកប្រដាល់ក្លិបសុភានូមានជ័យនឹងឡើងប្រកួតសងសឹកចាន់ សាន់អ្នកប្រដាល់ក្លិបនិរោធមានជ័យ។ ជួបគ្នាលើកមុនសុវណ្ណវាយចាញ់ចាន់ សាន់ត្រឹមពិន្ទុប៉ុណ្ណោះ។
អ្នកប្រដាល់ទាំងពីរនាក់នេះមានស្នៀតប្រដាល់ និងល្បិចកលប្រកួតប្រហាក់ប្រហែលគ្នាទេ ហើយកម្លាំងកាយសម្បទា ក៏មិនជាជាងគ្នាដែរ។ ដូច្នេះចាំមើល តើគួន សុវណ្ណអាចសងសឹកយកឈ្នះចាន់ សាន់បានវិញឬអត់ ? ៕
Orono Tor.Tawthaiមកសងសឹកកែវ រំចង់ថ្ងៃសុក្រនេះ
0 Comments