កែប ៖ បុរសជនបរទេសម្នាក់ ត្រូវបានឃាតកសម្លាប់យកសពច្រកក្នុងវ៉ាលិស និងរុំស្គុតពីក្រៅ រួចយកទៅបោះចោល ក្នុងព្រៃកោងកាង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ជាប់ផ្លូវទៅព្រំដែនព្រែកចាក នៅចំណុចព្រែកអន្លង់ឆ្លក ភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សមត្ថកិច្ចនគរបាលស្រុកដំណាក់ចង្អើរបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាម កម្លាំងរបស់លោកបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះទៅកន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយយកសពទៅធ្វើកោសល្យវិច័យ ខណៈដែលអត្តសញ្ញាណ នៃជនរងគ្រោះមិនទាន់ដឹងនៅឡើយ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះជាជនបរទេស មានសប្បុរស អាយុប្រហែលពី៤០ទៅ៤៥ ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ ស្លៀកខោខ្លី ពណ៌ខៀវមានហោប៉ៅ ខោលីអូ ពណ៌ឈាមជ្រូក អាវយឺតដៃខ្លី ពណ៌ខៀវក្រមៅ ដោយមានស្លាកស្នាមវៃបាក់ថ្គាមខាងឆ្វេង និងកាប់មួយកាំបិតចំថ្ងាសរយះប្រវែង៨០,៩០សង់ទីម៉ែត្រ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ សពត្រូវយកទៅបញ្ចុះទុកនៅវាលវង់ខាងក្រោយអធិការនគរបាលស្រុកដំណាក់ដើម្បីរង់ចាំបងប្អូន ដែលស្គាល់យកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍អ៊ី សំអុល ស្នងការនគរបាលខេត្តបានអះអាងថា នៅពេលនេះកម្លាំងជំនាញរបស់លោកបាននិងកំពុងសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពត បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់ នៃអំពើឃាតកម្មមួយនេះ៕
ជនបរទេសម្នាក់ត្រូវឃាតកសម្លាប់ច្រកក្នុងវ៉ាលិស បោះចូលក្នុងព្រែកព្រៃកោងកាង
0 Comments