ប្រដាល់ ៖ ការប្រកួតជម្រុះប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯកTIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ផា សុផាតនិល អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង និងញ៉េ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡា បានឆ្លងផុតដំណាក់កាលទី២ហើយ។ ផា សុផាតនិល គេបានយកឈ្នះ ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងដែលមកពីខេត្តបាត់ដំបងដូចគ្នា ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាបីទឹកនោះ។ គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងដំណាក់ទី២នេះ ក៏ប្រកួតបីទឹក ក្នុងមួយទឹកមាន៣នាទីដូចក្នុងដំណាក់កាលទី១ដែរ។ ដូច្នេះ ផា សុផាតនិល គេត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី៣ទៀត ឯ ស៊ឹម ប៊ុនឆៃ ត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកTIFFY SUPER FIGHTត្រឹមនេះ។
ចំណែក ញ៉េ សិទ្ធ គេបានប្រកួតឈ្នះ យ៉ន វិចិត្រ អ្នកប្រដាល់ក្លិបកងពលតូចឆ័ត្រយោង៩១១ ក្នុងទឹកទី២ ក្នុងការប្រកួតជម្រុះដំណាក់កាលទី២នេះ។ ដូច្នេះ ញ៉េ សិទ្ធ គេនៅបន្តការប្រកួតទៀតនៅក្នុងដំណាក់កាលទី៣ ឯយ៉ន វិចិត្រ ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតដំណាក់កាលទី២នេះ ក៏ជាការប្រកួតចាញ់ធ្លាក់ដែរ។ អ្នកប្រដាល់ទាំង១៦នាក់ ដែលចម្រាញ់បានក្នុងដំណាក់កាលទី១នោះ នឹងត្រូវជួបប្រកួតគ្នាជម្រុះចោល៨នាក់ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត់ជើងឯក។
ចំពោះការប្រកួតគូឯកវិញនោះ គង់ សំបូរ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ បានផ្ដួលជ័យស៊ីនេត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាឲ្យសន្លប់ធំក្នុងទឹកទី៤។
ជ័យ ស៊ីនេត ត្រូវគង់ សំបូរទាត់ត្រូវក្បាលមួយស្មងជើង ធ្វើឲ្យដួលសន្លប់ធំ ក្នុងខណៈដែលរូបគេក៏បានទាត់ប្តូរជាមួយសំបូរដែរនោះ។ សំបូរ ត្រូវបានរង្វាន់១លានរៀលពី TIFFYដោយសារគេប្រើស្នៀតពិសេស ទាត់ផ្កាប់ចាននេះ។ ចំណែក កុយ ចាន់តូ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ បានផ្តួលឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លិបពន្លឺវិបុលរិទ្ធីឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។
*ថៃ ប៊ុន ,ហាន ហេង បានឈ្នះថៃ ខណៈអៀង ច័ន្ទល័ក្ខ ,ស៊យ ជួប សន្លប់
ប្រដាល់ ៖ អ្នកប្រដាល់ ថៃប៊ុនហាន ក្លិបឫទ្ធីពោធិសែនជ័យ ដែល ហេង បានឈ្នះអ្នកប្រដាល់ថៃនោះ ដោយសារតែត្រូវអ្នកប្រដាល់ថៃWeerachai Menayuthin វាយកែងពីក្រោយក្បាលនៅក្នុងទឹកទី៣ ដែលខុសនឹងបទបញ្ជាប្រកួត ធ្វើឲ្យ ប៊ុន ហាន មិនបន្តការប្រកួតទៀត ដើម្បីបានឈ្នះថៃនោះ ដោយសារគណៈកម្មការសម្រេចឲ្យថៃនោះចាញ់តែម្តង ព្រោះល្មើសនឹងបទបញ្ជា។
នេះជាការហេងរបស់ថៃ ប៊ុនហានហើយ បើសិនជាមិនជួបបញ្ហាដូចនេះទេ គេគ្មានផ្លូវឈ្នះអ្នកប្រដាល់ថៃរូបនោះឡើយ នៅក្នុងការប្រកួតជម្រុះលើកទី២ ពូលA ខ្សែក្រវាត់ស៊ីម៉ង់អូដ្ឋទម្ងន់៦៣,៥០០គីឡូក្រាម នៅថ្ងៃទី២៧ ខែកញ្ញា លើសង្វៀនTIFFY TV5 ARENAនោះ។
Weerachai Menayuthin អ្នកប្រដាល់ថៃនេះ គេល្អ និងខ្លាំង ដែលលើកទី១គេបានយកឈ្នះ ធី តុងហ៊ីក្នុងទឹកទី៣នោះ។ តែយ៉ាងណា អ្នកប្រដាល់ថៃនេះមិនទាន់អស់សង្ឃឹមនៅឡើយទេ ព្រោះគេនៅសល់មួយប្រកួតទៀត។
ថៃ ប៊ុនហាន ទោះបីជាឈ្នះបាន២ប្រកួតហើយក្តី ប៉ុន្តែមិនទាន់ប្រាកដបានឡើងទៅ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ព្រោះថាអ្នកដែលមានពិន្ទុស្មើគេ អាចនឹងមានពីរនាក់ទៀត គឺ ធី តុងហ៊ីនិងWeerachai Menayuthin ដែលត្រូវពិចារណា និងពិនិត្យលើលទ្ធផលរបស់ពួកគេទាំងបី ថាតើម្នាក់ណាដែលគេត្រូវជ្រុះចេញពីការប្រកួតនេះ។
ចំពោះការប្រកួតជម្រុះមួយគូទៀតនោះ ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា គេបានវាយឈ្នះ អៀង ច័ន្ទល័ក្ខ ក្លិបម្កុដរាជសីហ៍ក្នុងទឹកទី៣។
ធី តុងហ៊ី នេះ ពីរប្រកួតឈ្នះ១ចាញ់១ប្រកួត ដូចអ្នកប្រដាល់ថៃWeerachai Menayuthinដែរ។ រីឯអៀង ច័ន្ទល័ក្ខ ចាញ់ពីរប្រកួតទៅហើយនោះ គឺត្រៀមវេចបង្វេចដើរចេញពីការប្រកួតនេះឲ្យហើយទៅ ទើបជាសល់មួយប្រកួតទៀតក្តី។
បញ្ជាក់ឲ្យដឹងដែរថា ក្នុងពូលBនេះ មានអ្នកប្រដាល់៤រូប ខ្មែរ៣រូប ថៃ១រូប ហើយត្រូវប្រកួតបីប្រកួតម្នាក់។ ពេលនេះពួកគេទាំង៤ប្រកួតបានពីរប្រកួតម្នាក់ហើយ ដែលអ្នកឆ្លងផុត និងកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ នៅពុំទាន់ច្បាស់ថា ជាពីរអ្នកណានោះ។
*សង្វៀនអប្សរា
ប្រដាល់ ៖ អ្នកប្រដាល់ សែន រ៉ាដេត ក្លិបអប្សរាគុនខ្មែរ បានប្រើពេលតែកន្លះទឹកប៉ុណ្ណោះ ក្នុងការផ្ដួលអ្នកប្រដាល់ថៃPhay Sithang ឲ្យសន្លប់ក្នុងទឹកទី១ លើសង្វៀនអប្សរាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥នេះ។
ចំពោះការប្រកួតដណ្ដើមខ្សែក្រវាត់Naga World ទម្ងន់៥៧គីឡូក្រាម រវាងបាងកាយ៉ាក អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរ និងអ្នកប្រដាល់ថៃ Wan Sungkran វិញនោះ បាង កាយ៉ាក ជាអ្នកទទួលបានជ័យជំនះ ដោយវាយឈ្នះថៃដោយពិន្ទុ។
ម៉ន សាម៉េត អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃRung Senchhai ក្រោយពីវាយគ្នាយ៉ាងតឹងតែងរៀងៗខ្លួននោះ៕
ផា សុផាតនិល និងញ៉េ សិទ្ធ ឆ្លងផុតដំណាក់កាលទី២
0 Comments