រណ្ដៅស្រុតដ៏ធំមួយបានលេបត្របាក់រថយន្តមួយគ្រឿង រថយន្តសម្រាប់ការរស់នៅមួយគ្រឿង និងកន្ទុយសណ្ដោងសម្រាប់ការបោះជំរំមួយ នៅឯតំបន់បោះជំរំមួយដ៏មានប្រជាប្រិយក្នុងប្រទេសអូស្ត្រាលីដែលជំរុញឲ្យមានការជម្លៀសមនុស្សប្រមាណ១៤០នាក់ កាលពីយប់ថ្ងៃសៅរ៍។ អ្នកបោះជំរំម្នាក់បាននិយាយថា រណ្ដៅនេះមានទំហំធំជាងទីលានបាល់ទាត់ទៅទៀត។
នាង Melanie Wotherspoon បានរៀបរាប់ថា នាងមានការភ័យខ្លាចនៅពេលរណ្ដៅបណ្តោយ១៥០ម៉ែត្រ ទទឹង៥០ម៉ែត្របានលេចឡើងតំបន់បោះជំរំ MV Beagle ភាគខាងជើងឆ្នេរសមុទ្រ Rainbow ក្នុងរដ្ឋ Queensland នៅចំណុច Inskip។
អ្នកនាំពាក្យប៉ូលិសម្នាក់បានប្រាប់ AAP នៅថ្ងៃអាទិត្យថា មិនមានរបាយការណ៍ស្ដីពីអ្នករបួសនោះទេហើយគ្រប់គ្នាត្រូវបានគេបង្ហាញ។
សារព័ត៌មាន 7 News របស់អូស្ត្រាលីបានរាយការណ៍ថា អាជ្ញាធរបាននិយាយថា រណ្ដៅដ៏ធំសម្បើមនេះមានជម្រៅបីម៉ែត្រ ហើយមានផ្នែកដ៏ធំក្នុងតំបន់បោះជំរំMV Beagle។
មេព្រៃជាន់ខ្ពស់លោក Dan Clifton ប្រាប់សារព័ត៌មាន Courier-Mail ថា មានលទ្ធភាពពិតប្រាកដថារណ្ដៅនេះអាចពង្រីកដោយមានចរន្តទឹកសមុទ្រ ដូច្នេះមនុស្សត្រូវបានជំរុញឲ្យចៀសវាងពីតំបន់នេះ ។
លោកបានបន្តថា ខណៈពេលដែលយើងបន្ត ដើម្បីវាយតម្លៃពីស្ថានភាពនេះ អាទិភាពរបស់យើងគឺសុវត្ថិភាពសាធារណៈ។ តំបន់បោះជំរំ MV Beagle ត្រូវបានបិទចំពោះអ្នកបោះជំរំថ្មី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទីតាំងបោះជំរំចំនួនប្រាំមួយនៅ Inskip នៅតែបើក។
វាត្រូវបានគេជឿថា រណ្ដៅយ៉ាងធំមួយនេះអាចនឹងត្រូវបានភ្ជាប់ទៅនឹងការរញ្ជួយដីតូចៗមួយចំនួននៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១១រណ្ដៅស្រដៀងគ្នានេះបានផុសចេញនៅតំបន់លំហែកាយដូចគ្នានេះដែរ ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕
RT
រណ្ដៅដ៏ធំសម្បើមបានលេបត្របាក់រថយន្តនិងវត្ថុផ្សេងទៀតនៅឆ្នេរសមុទ្រ Queensland
0 Comments