Ad Code

បឺត ខាំ ,ពេជ្រ សីហា​ និង​ផល​ សោ​ភ័​ណ្ឌ​ ឈ្នះ ខណៈ​ឡៅ​ ចន្ទ្រា​ ចាញ់​ថៃ​

ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា បឺត ខាំ ក្លិប​សាល​វ័​ន្ត​កីឡា និង​ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ទាំងពីរ​នាក់​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ​វគ្គ​II ទម្ងន់​៦៩​គីឡូក្រាម​ជុំ​ចុងក្រោយ កាលពី​យប់​ថ្ងៃអាទិត្យ ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

បឺត ខាំ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់ ​Watcharalek OR. Kwanmueng ​ដោយ​ពិន្ទុ​ទាំង​ប្រផឹត​ប្រផើយ​ក្នុង​ការ​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ជ័យជំនះ​របស់ បឺត ខាំ​ នេះ បាន​ធ្វើ​ឲ្យ​គេ​រក្សា​ភាព​ឈ្នះ​មិនដែល​ចាញ់​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​II​នេះ ដោយ​៤​ប្រកួត​ ឈ្នះ​ទាំង​៤​ប្រកួត បាន​១២​ពិន្ទុ។​ ចំណែក Watcharalek ដែល​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​កន្លងមក ពេលនេះ​គេ​ស្គាល់​ការ​ចាញ់​ម្តង​ហើយ ក្នុង​៤​ប្រកួត​ដោយ​បាន​១០​ពិន្ទុ។ ទោះជា​យ៉ាងណា Watcharalek ក៏​នៅតែ​បាន​ឡើង​ទៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ព្រោះ​ក្នុង​អ្នក​ប្រដាល់​ថៃ​៤​រូប គឺ​មាន​តែ Watcharalek ដែល​មាន​ពិន្ទុ​លើ​គេ។​


ពេជ្រ សីហា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ក៏​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Jongangfight Luk. Champachai ដោយ​ពិន្ទុ​ដែរ ក្រោយពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។

Jongangfight នេះ​មិន​ដឹង​ថា​បាន​ឡើង​ឬ​អត់​នោះ​ទេ​? ព្រោះ​៤​ប្រកួត ឈ្នះ​១ ចាញ់​២​ប្រកួត បាន​៥​ពិន្ទុ ​គឺ​រង់ចាំ​អ៊ុត​មើល​គ្នា​គេ​ពីរ​នាក់​ទៀត​ដែល​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​ជាមួយ ​ឡៅ ស៊ី​ណាត និង​វង្ស ណ​យ​នោះ។


ចំពោះ ​ពេជ្រ សីហា ​វិញ ទោះបីជា​ឈ្នះ ​Jongangfight នេះ​ក្តី ក៏​មិនបាន​ឡើង​ដែរ ព្រោះ​គេ​ចាញ់​ពិន្ទុ​ ឡៅ ស៊ី​ណាត ក្នុងពេលដែល​ ស៊ី​ណាត​ ប្រកួត​លើក​ក្រោយ​នោះ គេ​ដឹង​ថា​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​បាត់​ទៅ​ហើយ ព្រោះ​ដៃគូ​របស់​បោះបង់​ការប្រកួត​ទៅ​ហើយ​នោះ។ នេះ​តាម​លោក ​ឯម ចាន់​សុផល អ្នក​ផ្គូផ្គង​កីឡាករ​ឲ្យ​ដឹង។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា​ ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឡើង​ប្រកួត​លើក​នេះ ជួប​សំណាងអាក្រក់​មិន​ធ្លាប់​ដែល​មាន​កន្លងមក ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ Kaophong Chaiphum​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ នេះ​ជា​ការ​បរាជ័យ​លើក​ទី​៣​របស់ ​ឡៅ ចន្ទ្រា​ហើយ ក្នុង​ប្រវត្តិ​ប្រកួត​របស់​គេ​ជាង​៥០​លើក ​កន្លង​មក​នេះ។​

ចំពោះ​អ្នក​ប្រដាល់ ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Khun Phen Keajpetch Noy ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​វិញ។​


*ជម្រុះ​ខ្សែក្រវាត់​LEO​ជុំ​ទី​៦

ប្រដាល់ ៖ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៦ ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​Leo​ ទម្ងន់​៦៧​គីឡូក្រាម នៅ​លើ សង្វៀន​បាយ័ន​បឹង​ស្នោ​នេះ​ដែរ វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​បំបាក់ ​សល់ ​ប៊ុន​ហ៊ូ​វ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡាឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២។ ជាមួយ​ជ័យជំនះ​នេះ ធ្វើ​ឲ្យ​៦​ប្រកួត​របស់​ សេរី ​ចាន់​ឌី​ន​ ឈ្នះ​៣ ចាញ់​៣​ប្រកួត មាន​១២​ពិន្ទុ។ ឯ សល់ ប៊ុន​ហ៊ូ​វ ៦​ប្រកួត​ដូចគ្នា ចាញ់​ទាំង​៦​ប្រកួត​មាន​៦​ពិន្ទុ ត្រូវ​ជ្រុះ​ធ្លាក់ ហើយ​ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក្តី។​

ចំពោះ​ការប្រកួត​ជម្រុះ​មួយ​គូ​ទៀត​នោះ អ្នក​ប្រដាល់​ ពុទ្ធ ផន​កុសល ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ​ធា នុ​រាជ ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ។

ពុទ្ធ ផន​កុសល ប្រកួត​ឈ្នះ​ ធា នុ​រាជ​ នេះ បាន​ធ្វើ​ឲ្យ​៦​ប្រកួត​របស់​គេ​ឈ្នះ​៤ ចាញ់​២​ប្រកួត មាន​១៤​ពិន្ទុ ហើយ ធា នុ​រាជ ៦​ប្រកួត ឈ្នះ​២ ចាញ់​៤​ប្រកួត មាន​១០​ពិន្ទុ។


*ឡេះ តើក ​ផ្តួល ឯម ខ្លឹម​ខ្មៅ​ទឹក​២

ប្រដាល់ ៖ ឡេះ តើក អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ធ្លាប់​ចាញ់​ក្រោម​កណ្ដាប់ដៃ​របស់ ​ឯម ខ្លឹម​ខ្មៅ ចំនួន​៣​លើក​កន្លងមក​នោះ លើក​នេះ​គេ​បាន​ទូទាត់​បំណុល​ជ្រះស្រឡះ​ហើយ​ដោយ​គេ​បាន​ផ្ដួល​ខ្លឹម​ខ្មៅ​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ក្នុង​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២៧​ ខែ​កញ្ញា ឆ្នាំ​២០១៥។

អាច​ថា ​ឡេះ តើក គេ​ដឹង​ពី​ចំណុចខ្សោយ​របស់ ​ឯម ខ្លឹម​ខ្មៅ ​ដែល​មាន​បញ្ហា​សន្លាក់​ជង្គង់​ខាង​ស្តាំ​នោះ ទើប​គេ​ព្យាយាម​ទាត់​ជើង​របស់​ខ្លឹម​ខ្មៅ រហូត​ទាល់តែ​ខ្លឹម​ខ្មៅ​ដួល​ក្រោក​លែង​រួច។​

តាំង​មុន​ការប្រកួត​ម្ល៉េះ ដែល​គ្មាន​អ្នកណា​មាន​ជំនឿ​ទុកចិត្ត​ថា ឯម ខ្លឹម​ខ្មៅ ឈ្នះ ​ឡេះ តើក នោះ​ទេ ព្រោះ​មួយ​ខ្លឹម​ខ្មៅ​ឈឺ​សន្លាក់​ជើង​ស្តាំ​នោះ ឲ្យ​តែ​គេ​ទាត់​ត្រូវ​ចំ​កន្លែង​ហ្នឹង គឺ​ដឹង​តែ​ខ្លឹម​ខ្មៅ​ចាញ់​បាត់​ទៅ​ហើយ។


ខឹ​ក សុខឿន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ វាយ​កែង​ត្រូវ​ពីក្រោយ​ក្បាល ធ្វើ​ឲ្យ​គេ​សន្លប់​ក្នុង​ទឹក​ទី​១។​ ប៉ុន្តែ គេ​(​សុខឿន​) ជា​អ្នក​ទទួល​ជ័យជំនះ ដោយ ​ចំរើន ​វាយ​ខុស​លក្ខន្តិកៈ​ប្រកួត តម្រូវ​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ។


ឌឹ​ម សារិទ្ធ អ្នក​ប្រដាល់​វាយ​ដាក់​ទ្រុង​នៃ​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម បាន​វាយ​ឈ្នះ ជួប ជាង ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ​ប្រកួត​គ្នា​ជា​លក្ខណៈ​ក្បាច់គុន​ចម្រុះ។


ក្នុង​ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ (​ប្រដាល់សេរី​) សារិទ្ធ​ វាយ​ចាញ់ ​ជួប ជាង ដោយ​ពិន្ទុ​កាលពីពេល​កន្លងមក តែ​លើក​នេះ​ប្រកួត​ក្បាច់គុន​ចម្រុះ ដែល​អាច​បោក និង​ក្លេរ​បាន​នោះ សារិទ្ធ​ឈ្នះ​ជួប ជាង ដាច់​តែម្តង ដោយ​ចាប់​បោក ​ជួប ជាង ឡើង​ ចង់​ទក់សាច់​ទៅហើយ។ ហើយ​បើ​ក្រៅពី​ជួប ជាង​នោះ ក៏​ប្រហែលជា​មិន​អាច​ទប់​ សារិទ្ធ​ បាន​ប្រាំ​ទឹក​នោះ​ដែរ។​ ចំណែក យ៉ុ​ន ដា​រ័ត្ន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ សង់ គង់ ក្លិប​អេ​ភូ​ថង​កីឡា វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។


*យុគ យក្ស​ផ្លែ​ ចាញ់​ ម៉ន លី​ហួរ ខណៈ ​គួ​ន ប៊ុន​ហ៊ីម ​សងសឹក​ ជុន ​សាវុធ​ អត់​បានសម្រេច​

ប្រដាល់ ៖ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្ត​បាត់ដំបង​ប្រកួត​ចាញ់ ​ម៉ន លី​ហួរ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​


អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ ប៉ុន្តែ​ ម៉ន លី​ហួរ គេ​មានប្រៀប​លើ​យក្ស​ផ្លែ​ត្រង់​គេ​វាយ​ចំ​គោលដៅ​ច្រើនជាង។​

គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ដែល​ឡើង​ជម្រះ​បញ្ជី ​ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​នោះ ក្រោយ​បញ្ចប់​ការប្រកួត​នៅតែ​ចាញ់​សាវុធ ដោយ​ពិន្ទុ​ដដែល។​


យ៉ា​ម ឡយ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា​ប្រកួត​ឈ្នះ បូរី កល្យាណ អ្នក​ប្រដាល់​ក្លិប​បូរី​គុន​ខ្មែរ​ក្នុង​ទឹក​ទី​៣ ខណៈ​ដែល ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ប្រកួត​ឈ្នះ លី សារ៉ន អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ៕
Pisey-2015-09-28-full-B50Pisey-2015-09-28-full-B51 Pisey-2015-09-28-full-B54 Pisey-2015-09-28-full-B55 Pisey-2015-09-28-full-B56



បឺត ខាំ ,ពេជ្រ សីហា​ និង​ផល​ សោ​ភ័​ណ្ឌ​ ឈ្នះ ខណៈ​ឡៅ​ ចន្ទ្រា​ ចាញ់​ថៃ​

Post a Comment

0 Comments

Close Menu