ប្រភពព័ត៌មានមួយពីរដ្ឋក្នុងប្រទេសអាល្លឺម៉ង់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់ពួកគេបានព្រមព្រៀងចំណាយថវិកា៤.៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ ដើម្បីជួយរដ្ឋក្នុងតំបន់របស់ខ្លួនទប់ទល់នឹងលំហូរចូលនៃជនភៀសខ្លួន។
គួរឲ្យដឹងថា ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ គឺលោកស្រីអង់ហ្គេឡា មឺកែល បានជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋអាល្លឺម៉ង់ទាំងអស់នៅឯកិច្ចប្រជុំកំពូលមួយស្តីវិបត្តិជនភៀសខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរកវិធីសាស្ត្រ ក៏ដូចជាជួយដល់រដ្ឋទាំងអស់ កំពុងប្រឈមនឹងបញ្ហាជនភៀសខ្លួនចំនួន៨សែននាក់ ដែលគេរំពឹងថានឹងមកដល់ក្នុងឆ្នាំនេះ។
លោកស្រីមឺកែលបាននិយាយថា កិច្ចប្រជុំកំពូលអាល្លឺម៉ង់ គឺវាជាចាំបាច់ខ្លាំងណាស់ ដោយសារតែការលំហូរចូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ជនភៀសខ្លួន។
លោកស្រីបាននិយាយនៅក្នុងទីក្រុងប៊ែរឡាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានជំនួបពិភាក្សាការងារអស់រយៈពេលជាង៥ម៉ោងថា ការមកដល់ដ៏ច្រើនលើសលប់នៃចំនួនជនភៀសខ្លួន គឺមានន័យថា គេត្រូវតែប្រកាសស្វែងរកជំនួយសម្បុរធម៌ ក៏ដូចជាពន្លឿនដំណើរការជួយសង្គ្រោះជនភៀសខ្លួនទាំងអស់នេះ។ លោកស្រីបន្តទៀតថា វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការចែករំលែកធនធានផ្ទាល់ខ្លួន ដូច្នេះហើយរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែទទួលស្គាល់ការពិត ដែលថាការងារលំបាកជាច្រើនដែលរដ្ឋនីមួយៗត្រូវប្រឈម។
សូមបញ្ជាក់ថា លោកស្រីមឺកែល បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជួយបញ្ឈប់លំហូរចូលនៃជនភៀសខ្លួនដែលប៉ុនប៉ងចូលមកកាន់តំបន់ប្លុកប្រទេសមួយនេះ៕
រដ្ឋាភិបាលអាល្លឺម៉ង់ព្រមព្រៀងផ្តល់មូលនិធិ៤.៦ពាន់លានដុល្លារអាមេរិក សម្រាប់ដោះស្រាយវិបត្តិជនភៀសខ្លួន
0 Comments