បន្ទាយមានជ័យ ៖ ថ្មីៗនេះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យក្នុងការចែកអំណោយជូនដល់ប្រជាក្រីក្រនៅក្នុងឃុំអូរបីជាន់ចំនួន៤១៣គ្រួសារលោកបានធ្វើការព្រមានដល់មន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញស៊ីវិល និងកងកម្លាំងទាំងអស់ ឲ្យចេះទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើស រត់ពន្ធ និងបាតុភាពនានាតាមព្រំដែន។
ក្នុងនោះលោកបានព្រមានខ្លាំង ដល់កម្លាំងវរសេនាតូចលេខ៥១៥ នៃកងពលលេខ៥១ ករណីឃុបឃិតឲ្យជ្រូកក្រហម មាន់ទា ពីថៃចូលខុសច្បាប់ តាមច្រករបៀង នៃព្រំដែន ដែលខ្លួនឈរជើង។
លោកកែ គឹមយ៉ាន បាននិយាយថា តាមពិតកងកម្លាំងគ្រប់ប្រភេទ រួមទាំងកម្លាំងវរ:៥១៥ កងពលតូចថ្មើរជើងលេខ៥១ ត្រូវជួយអន្តរាគមន៍ ដល់មន្ត្រីជំនាញ និងអាជ្ញាធរ ចូលរួមក្នុងការបង្ក្រាបបទល្មើសនានា ទាំងក្នុងភូមិសាស្ត្រ ពិសេសបណ្តោយព្រំដែន ពុំមែនប្រព្រឹត្តិខ្លួនឯង ឬឃុបឃិតធ្វើបទល្មើសនោះទេនេះបែរជាកងវរសេនាតូចលេខ៥១៥ នៃកងពលតូចថ្មើរជើងលេខ៥១បានឃុបឃិតប្រព្រឹត្តិបទល្មើសឲ្យនាំមាន់ ទា និងជ្រូករស់ ចូលតាមច្រករបៀងខុសច្បាប់ តាមភូមិសាស្ត្រឈរជើងរបស់ខ្លួន នៅឃុំអូរបីជាន់បន្តទៀតទៅវិញ។លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ក្នុង១ខែៗ ចំណូលពន្ធគយ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានស្មើប្រមាណ ១៤ លានដុល្លារ។ តែបើមន្ត្រីស៊ីវិល កងកម្លាំងគ្រប់គ្នាខិតខំទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធ ឆ្លងកាត់ព្រំដែនឲ្យអស់ ចំណូលពន្ធគយ អាចកើនទៀត។
ដូច្នេះចំណូលពន្ធថយចុះគឺ អ្នកប្រព្រឹត្ត ឃុបឃិតឲ្យឈ្មួញរត់ពន្ធដឹកទំនិញគេចពន្ធតាមច្រករបៀងមួយថ្ងៃៗច្រើនសន្ធឹកសន្ធាប់ដឹកចូលមកលក់ក្នុងស្រុកខ្មែរដោយធ្វើការបង់ពន្ធតិចតួចទើបការប្រមូលពន្ធគយមានការថយចុះយ៉ាងខ្លាំងយ៉ាងដូច្នេះ៕
លោកកែគឹមយ៉ានព្រមានដល់សមត្ថកិច្ចឃុបឃិតឲ្យជ្រូកមាន់ទាពីថៃចូលខុសច្បាប់
0 Comments