Ad Code

កម្ពុជា ប្រារព្ធ​ទិវា​មនុស្ស​ចាស់​ក្រោម​ប្រធានបទ “​សមាគម​មនុស្ស​ចាស់​បង្កើន​សាមគ្គី ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​”

ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៥ នេះ ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់ អន្តរជាតិ ថ្ងៃទី​១ តុលា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​សមាគម​មនុស្ស​ចាស់​បង្កើន​សាមគ្គី ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​”​។ នេះ​បើ​យោ​តាម​ការផ្សាយ​របស់​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​កម្ពុជា។


ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ បាន​គូស​បញ្ជាក់​ថា ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ដល់​ជីវភាព និង​សុខុមាលភាព របស់​មនុស្ស​ចាស់​នៅ​ទូទាំង​ប្រទេស សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ក្រសួង​សង្គម កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រ​ប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការ​យក​ចិត្តទុកដាក់ និង​គាំទ្រ​តាម​គ្រប់​មធ្យោបាយ ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​ចាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។


លើសពី​នេះ​ទៀត គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គ្រប់​អង្គការ​នានា ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាគម​មនុស្ស​ចាស់ សមាគម​អតីត មន្ត្រី​រាជា​ការ​ស៊ីវិល និង​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​មាន​ស្រាប់ និង​ជួយ​គាំទ្រ​ដល់​ការបង្កើត​សមាគម​ចាស់​នៅតាម​សហគមន៍​មូលដ្ឋាន ឲ្យ​មាន​គ្រប់​ឃុំ សង្កាត់ ដើម្បី​បង្កើន​ស្មារតី សាមគ្គី ជួយ​គ្នា​ទៅវិញទៅមក​រវាង​មនុស្ស​ចាស់​ទូទៅ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​មនុស្ស ចាស់ជរា ជន​ពិការ និង​ទុរគត​ជន​គ្មាន​ទីពឹង​។ ដោយឡែក កាកបាទក្រហមកម្ពុជា ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នានា​បន្ត​បង្កើន​សកម្មភាព​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌ ទាំង​ស្បៀង សម្ភារ ថវិកា និង​បច្ចេកទេស​សម្រាប់​ផ្តល់​សេវា​សុខុមាលភាព​របស់​មនុស្ស​ចាស់ ដែល​បាន និង​កំពុង​ជួបប្រទះ ការ​លំបាក​ទាំង​ផ្នែក​ជីវភាព និង​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។


សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ​នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សាលា​ចំណេះដឹង​ទូទៅ​ទាំង អស់ បន្ត​យកចិត្តទុកដាក់​ផ្តល់​ការអប់រំ​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ប្រពៃណី​ទំនៀម ទម្លាប់​ល្អៗ ដល់​និស្សិត និង​សិស្សានុសិស្ស​គ្រប់រូប ឱ្យ​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ និង​ការថែទាំ មនុស្ស​ចាស់​ដែល​ជា​ប្រពៃណី​ដ៏​ល្អ​របស់​យើង​។ ជាង​នេះ​ទៀត​គ្រប់​គ្រួសារ​នៅ​តាម សហគមន៍ នីមួយៗ​បន្ត​ពង្រឹង​ប្រកាន់​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​យើង ជាពិសេស​ត្រូវ​អប់រំ​កូន និង​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ចេះ​គោរព​ដំបូន្មាន​របស់​មាតា បិតា ជីដូន ជីតា និង​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ។


សារលិខិត​ដដែល​ក៏បាន​គូសបញ្ជាក់​ឲ្យ ជនរួមជាតិ​ទាំងអស់​រួមគ្នា​ជួយ​បីបាច់​ថែរក្សា មនុស្ស​ចាស់ជរា ជនពិការ ទុរគត​ជន និង​ជន​គ្មាន​ទីពឹង ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​បាន​សមរម្យ តាម​សហគមន៍​នីមួយៗ ដោយ​កសាង​ជា​មណ្ឌល​មនុស្ស​ចាស់​ជាពិសេស​នៅ​តាម​ទីវ​ត្ត​អារាម និង​វិហារ​សាសនា​ដែល​អាច​ជួយ​ផ្តល់​ជាទី​ជម្រក ឬ​អាហារ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។ ម្យ៉ាងទៀត​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ របស់​រដ្ឋ និង​ឯកជន ព្រម​ទាំងគ្រប់​ទីភ្នាក់ងារ​ព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ស្នាដៃ និង​សមិទ្ធផល​នានា​ដែល​មនុស្ស​ចាស់​បាន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ក៏ដូចជា​សង្គមជាតិ​ទាំងមូល និង​ផ្សព្វផ្សាយ​សកម្មភាព​នានា​ដែល​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់​នៅក្នុង​សង្គម​កម្ពុជា​យើង។


ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ ស្តី​ពី​សុវត្ថិភាព​សង្គម​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ត្រៀម​ចូលនិវត្តន៍ តាមរយៈ​ការ​ផ្តល់​ដី​សម្បទាន សង្គមកិច្ច និង​បាន និង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។


រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ដែល​ជា​យន្តការ​សម្រាប់​អនុវត្ត​គោលនយោបាយ​សម្រាប់​មនុ​ស្ស​ចាស់ និង​គម្រោង​កម្មវិធី​គាំទ្រ​ផ្សេងៗ សម្រាប់​ជួយ​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់​នៅ​ទូទាំង​ប្រទេស៕


T-09-29-15-zc-full



កម្ពុជា ប្រារព្ធ​ទិវា​មនុស្ស​ចាស់​ក្រោម​ប្រធានបទ “​សមាគម​មនុស្ស​ចាស់​បង្កើន​សាមគ្គី ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​”

Post a Comment

0 Comments

Close Menu