ភ្នំពេញ ៖ មកដល់ម៉ោង១១ និង៤៥ នារី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នេះ ការផ្ទៀងផ្ទាត់ផែនទីចំនួន២៦ ផ្ទាំង ដែលរដ្ឋាភិបាលបារាំងគល់ឲ្យ តាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រាស់សំរាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនោះ បានបញ្ជាប់ហើយ ដោយមានអ្វីខុសគ្នាទេ។
លោក Alain Phopin ភារៈធារីស្ថានទូតបារាំងប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា លោកប្រធានាធិបតីបារាំង បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបានលើការងារព្រំដែន ដោយគោរពតាមច្បាប់អន្តរជាតិ និងប្រកបដោយតម្លាភាព ស្របតាមគោលដៅដ៏ពិសេសពិសាលនេះ ហើយឆ្លើយតបទៅ និងសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលិខិតផ្ញើជូនលោកប្រធានាធិបតីបារាំង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរបារាំងបានសម្រេចប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នូវច្បាប់ថតចម្លងនៃផែនទីចំនួន២៦ ផ្ទាំងខ្នាត១លើ១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ហើយដែលរក្សាទុកនៅវិទ្យាស្ថានភូមិសាស្ត្របារាំង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ផែនទី២៦ ផ្ទាំង ផលិតដោយវិទ្យាសាស្ត្រភូមិសាស្ត្រឥណ្ឌូចិន បានទទួលមកគ្រប់ចំនួន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ហើយលោកថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រធានាធិបតីបារាំង ដែលបានផ្តល់ផែនទីតាមការស្នើរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលផ្ទៀងផ្ទាត់ផែនទីនេះ ជាមួយផែនទីដែលរដ្ឋាភិបាលកម្ពុជា កំពុងតែប្រើក្នុងការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម។
សូមបញ្ជាក់ថា ពិធីទទួលផែនទីពីបារាំងនេះបានរៀបចំឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត រួមមានតំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា តំណាងព្រឹទ្ធសភា និងតំណាងរាជបណ្ឌិតសភាកម្ពុជាជាដើម៕
ការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយរដ្ឋាភិបាលបារាំង បានបញ្ចប់ហើយដោយមិនមានអ្វីខុសគ្នាទេ
0 Comments