សៀមរាប ៖ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពេលដែលភ្នាក់ងារសារព័ត៌មានយើងបានចុះទៅថតផ្តឹកយក រូបភាពនៅរមណីយដ្ឋានប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិខ្មែរ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានក្រុមឆ្មាំប្រាសាទបានធ្វើការរារាំង សួរនាំនូវលិខិតអនុញ្ញាតពីអ្នកសារព័ត៌មានយើង តែក្នុងនោះយើងបានឆ្លើយទៅរាល់ការសួរនាំផងដែរ ។
តែក្នុងសកម្មភាពនេះអ្នកសារព័ត៌មានយើង មិនចង្អៀតចង្អល់នូវរាល់ទង្វើរបស់ឆ្មាំប្រាសាទប្រុសស្រីនោះឡើយ។ ក៏ប៉ុន្តែតាមការលើកឡើងរបស់អាជ្ញាធរជាតិអប្សរាក្នុងពេលកន្លងមកបានធ្វើការដាក់នូវកម្លាំងឆ្មាំប្រាសាទ ជាច្រើននៅតាមប្រាសាទនៅក្នុងតំបន់អង្គរក្នុងការយាមឃ្លាំមើលចំពោះជនខិលខូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិដែលតែងលួចថតសកម្មភាពអាក្រាតនៅតាមប្រាសាទក្នុងការបន្ទាបបន្ថោកពីវប្បធម៌ជាតិយើង ដែលជាភារកិច្ចរបស់អស់លោក លោកស្រីជាឆ្មាំប្រាសាទទាំងនោះ ។
តែគួរឲ្យសង្វេគចំពោះប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរត្រូវបានគេកំពុងមាក់ងាយយ៉ាងខ្លាំងដែលជាទង្វើរបស់មគ្គុទ្ទេសក៍ទេសចរ និងអ្នកថតរូបនៅក្នុងតំបន់អង្គរមួយចំនួន បាននាំភ្ញៀវទៅថតនៅមាត់ស្រះខាងជើង ដោយបានធ្វើកាយវិការយកម្រាមដៃចាប់នៅលើកកំពូលប្រាសាទ ហើយកន្លងមកក៏មានមួយចំនួនកែច្នៃជារូបភាពផ្សេងៗផងដែរ។ ទង្វើដែលមគ្គុទ្ទេសក៍ទេសចរនិងជាងថតរូបបានកំពុងធ្វើទាំងនេះ ពួកឆ្មាំប្រាសាទទាំងនោះតើបានសង្កេតឃើញទេ?ហើយដឹងភារកិច្ចរបស់ខ្លួនធ្វើអ្វីខ្លះឬមួយក៏ធ្វើតែអ្នកសារព័ត៌មានក្នុងក្របខណ្ឌរបស់រដ្ឋ ដែលមិនបានផ្តល់នូវផលប្រយោជន៍ដល់ពួកអំបូរថ្នាក់ល្មូនទាំងនេះ ហើយក៏គេតាមថតរូបភាពអ្នកសារព័ត៌មានយើង តើបានប្រព្រឹត្តអ្វីខុសទៅឬក៏អ្នកសារព័ត៌មានយើងទៅបំបែកឆ្នាំងបាយរបស់ពួកគេ ដែលគេតែងទទួលនូវលាបសក្ការៈនោះ គ្រាន់តែថតយកព័ត៌មានបានជាយើងខុស។
ក្នុងនាមអ្នកសារព័ត៌មាន សុំសំណូមពរផងដែរចំពោះឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលទើបបាន ចូលកាន់តំណែងក្តៅៗនេះ សូមជួយមើលនូវរាល់ទង្វើរបស់ក្រុមឆ្មាំប្រាសាទ នៅតាមប្រាសាទក្នុងតំបន់អង្គរផង តើអ្នកសារព័ត៌មានយើងទៅយកព័ត៌មាននៅក្នុងតំបន់អង្គរ តើយកទៅបម្រើផលប្រយោជន៍របស់បុគ្គល ឬក៏ដើម្បីសេដ្ឋកិច្ចជាតិដល់សង្គមជាតិ។
ក្នុងនាមសារព័ត៌មានក៏សំណូមពរដល់អគ្គនាយកអាជ្ញាធរជាតិអប្សរាមន្ទីរទេសចរណ៍ខេត្ត កម្លាំងសមត្ថកិច្ចប្រចាំតំបន់អង្គរសូមធ្វើការពិនិត្យនូវរាល់ទង្វើដែលតែងកើតឡើងនៅក្នុងតំបន់អង្គរ ដើម្បីធ្វើការលុបបំបាត់នូវបញ្ហាការមើលងាយមើលថោកដល់វប្បធម៌ជាតិពីសំណាក់ជនមួយក្តាប់តូច ដែលគិតពីផលប្រយោជន៍ផ្ទាលខ្លួន មិនគិតពីដួងព្រលឹងជាតិខ្លួន ឲ្យបរទេសគេមើលងាយយ៉ាងហ្នឹង៕
តើមរតកវប្បធម៌ជាតិខ្មែរត្រូវបានគេមាក់ងាយយ៉ាងនេះមែនទេ?
0 Comments