រតនគិរី ៖ អភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី មកទល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ហើយដែលបានទទួល និងចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង១១ម៉ឺននាក់ ដែលគ្រប់អាយុត្រូវទទួលអត្តសញ្ញាណប័ណ្ណនៅទូទាំងខេត្ត។
ដោយឡែកប្រជាពលរដ្ឋប្រមាណជាង៥០%ទៀតដែលមិនទាន់បានមកទទួល និងចុះឈ្មោះភាគច្រើនជាប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ក្រីក្រ ពិសេសបងប្អូនជនជាតិដើមភាគតិចដែលនៅមិនទាន់មានការយល់ដឹងពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណនេះ។
លោក លួ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានស្នើឲ្យគណៈកម្មការផ្ដល់អត្តសញ្ញាណប័ណ្ណថ្នាក់ខេត្តប្រើប្រាស់នូវយន្តការសរុបក្នុងការជួយឲ្យដំណើរការនេះបានបញ្ចប់រួចរាល់កាលកំណត់។ ជាមួយគ្នានេះថ្នាក់ដឹកនាំ នគរបាល មន្ត្រីរាជការ គ្រប់ស្ថាប័ន ត្រូវធ្វើចលនាប្រមូល ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ឲ្យមកទទួលយកអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះទាំងអស់គ្នាឲ្យបានមុនបំណាច់ខែមីនា ឆ្នាំ២០១៦ ។
សូមរំលឹកថា យោងតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬក៏ខូចខាត អត្តសញ្ញាណប័ណ្ណចាស់ទាំងអស់ត្រូវមកទទួលថ្មី ដើម្បីប្រើប្រាស់ជាឯកសារគតិយុត្តិស្របច្បាប់នានានូវក្នុងកាតព្វកិច្ចសង្គមជារូបវន្តបុគ្គល ហើយយុទ្ធនាការនេះនឹងត្រូវបញ្ចប់នៅបំណាច់ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ៕
ផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការផ្ដល់អត្តសញ្ញាណសញ្ជាតិខ្មែរនៅខេត្តរតនគិរី
0 Comments