បាត់ដំបង ៖ជនរងគ្រោះម្នាក់ ដែលជាភាគីបើកបរម៉ូតូបានរងរបួសបាក់ជើងឆ្វេងម្ខាង ខណៈដែលកំពុងជិះម៉ូតូដល់ចំនុចផ្លូវបំបែកជា៣ ស្ថិតក្នុងភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង វេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿងបានជ្រុលចង្កូតមកខាងឆ្វេង ដោយបំពានលើផ្លូវច្បាប់ទាំងស្រុង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានបញ្ជាក់ថា នៅមុនពេលកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿងដែលបើកបរដោយឈ្មោះ ម៉ាប់ បឹបភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលច្រនៀង ឃុំបាយដំរុំា ស្រុកបាណន់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៧១A ក្នុងទិសដៅពីលិចទៅកើត។
របាយការណ៍បានបន្តថា នៅពេលដែលគោយន្តកន្ត្រៃនោះមកដល់ត្រង់ផ្លូវបែកជា៣ គេក៏បានបត់ទៅត្បូង តែត្រូវជ្រុលចង្កូតហួសទៅខាងឆ្វេងចំពេលដែលមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមកំពុងធ្វើដំណើរច្រាសទិសគ្នា ក៏បានបុកទៅលើគោយន្តនោះតែម្តងបណ្តាលឲ្យជើងឆ្វេងម្ខាងរបស់ជនរងគ្រោះត្រូវបានបាក់ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដែលជនរងគ្រោះមានឈ្មោះ ឃុន ឃឿប ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលច្រនៀងដូចគ្នា។
បន្ទាប់ពីបានធ្វើការវាស់វែងរួចមក សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការដោះស្រាយ ហើយនៅព្រឹកថ្ងៃទី១ ខែតុលានេះដែរកម្លាំងផ្នែកសណ្ដាប់ធ្នាប់ស្រុកបាណន់បាននាំគ្នាទៅកាប់ឆ្ការព្រៃ ដែលនៅត្រង់ចំនុចផ្លូវកោងដែលជាផ្លូវបំបែកជា៣ ហើយក៏ជាចំនុចគ្រោះថ្នាក់ញឹកញាប់ផងដែរ ដើម្បីឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទមើលឃើញគ្នាទៅវិញទៅមក ជៀសវាងគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕
បាក់ជើងឆ្វេងម្នាក់ដោយសារគោយន្តកន្ត្រៃបំពានចំណែកផ្លូវខាងស្តាំ
0 Comments