Ad Code

សង្ស័យ​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​ បើកភ្លើង​ខៀវ​ឲ្យ​បទល្មើស​កើតឡើង​

សៀមរាប ៖ សេចក្ដីរាយការណ៍​ពី​តំបន់​មាត់ទឹក​បឹង​ទន្លេសាប​ នៃ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា សកម្ម​ភាព បទល្មើស​នេសាទ​មាន​ដូចជា អ៊ុយ ប័​រ អូស​អ៊ួ​ន​រុញ​ស៊ីប​ជាដើម កំពុង​ឆ្មក់​ធ្វើ​នេសាទ​ល្មើស​ច្បាប់ ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប ហើយ​ករណីនេះ គេ​បាន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ជំនាញ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការ​បើក​ឲ្យ​មាន​បទល្មើស​ទាំងនេះ​កើត​ឡើងជា​ថ្នូរ​និង​លុយ​រាប់​លាន​រៀល​ក្នុង​មួយ​យប់ៗ។


សេចក្ដីរាយការណ៍​ដដែល​បាន​បន្ត​ថា រដូវ​បិទ​នេសាទ​ឈាន​ចូល​មកដល់​ហើយ តែ​គេ​ឃើញ​បទ​ល្មើស​នេសាទ​ជាច្រើន​ប្រភេទ​នៅតែ​បន្ត​កើតមាន​យ៉ាងច្រើន​កុះករ​ដដែល​ដោយ​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ជំនាញ​ណា​១​សោះឡើយ។ ទាក់ទិន​ទៅ​និង​ករណី​បទល្មើស​នេសាទ​ដែល​កើតមាន​ពេញ​បន្ទុក​ក្នុង​ខេត្ត​សៀមរាប​នេះ​ដែរ លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​មាន​ប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាល​ពីពេល​កន្លង​ទៅនេះ​ថា ករណីនេះ​លោក បាន និយាយប្រាប់​សមត្ថកិច្ច​ជំនាញ​ទាំងអស់​នៅក្នុង​អង្គប្រជុំ​រួចហើយ​បើ​មានរឿង​សមត្ថកិច្ច​ទៅ​ស៊ុំគ្រលំ​ជាមួយ​បទល្មើស​នេសាទ​ពិត​យ៉ាង​ដូច្នេះ​មែន​អាជ្ញាធរ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន​។​លោក​បន្តថា​ចំពោះ​ករណី​នេសាទ​ខុសច្បាប់​នេះ​ផង​ដែរ​លោក​បាន​ឲ្យ​ខាង​សង្កាត់​ចុះ​ផ្ទាល់​ទៅ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ទៅតាម​ការដែល​យើង​អាច​ធ្វើ​ទៅ​បាន។ លោក​បន្ថែម​ថា លោក​នឹង​បន្ត​ចុះ​ផ្ទាល់​ទៅដល់​មាត់ទឹក​បឹង​ទន្លេសាប​តែម្តង​ដើម្បី​ឲ្យ​ឃើញ​ជាក់​ស្តែង ព្រោះ​ជួនកាល​មាន​មន្ត្រី​មួយ​ចំនួន​រាយការណ៍​កុហក​ថ្នាក់លើ​ក៏​អាច​ថា បាន​ដែរ។ ចំណែក​លោកស្រី​កែវ​សុភ​ក្តិ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ចុង​ឃ្នៀ​ស មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក​បានទេ​នៅ​ថ្ងៃទី​០១​តុលា​នេះ។


ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ​លោក ព្រិន្ទ​សា​វិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​បានទេ​នៅ​រសៀល​ថ្ងៃទី​០១​ខែ តុលា​នេះ​ដោយសារ​ហៅ​ទូរស័ព្ទ​ទៅ​លោក​ចូល​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល។ ដោយឡែក លោក សួស ណារិន មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ ប្រាប់​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​ផង​ដែរ​ពី​ខាង​សមត្ថកិច្ច​មួយ​រូប​នៅ​សង្កាត់​ចុង​ឃ្នៀ​ស​ថា បាន​យក​លុយ​ពីបទ​ល្មើស​ជា​ថ្នូរ​និង​ការ​មិន​ចុះ​បង្ក្រាប​។ លោក​បន្ត​ថា ​ករណីនេះ​រាជរដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​និង​បង្កើន​ការ​ត្រួតពិនិត្យ​ទៅលើ​ករណីនេះ​ចេះតែ​កើតមាន​បន្ត​ទៅទៀត​។ លោក​បន្ថែម​ថា​ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ផ្លូវច្បាប់​ឡើងវិញ​ដើម្បី​កុំ​ឲ្យ​មាន​ជនខិលខូច​ប្រព្រឹត្ត​ខុសច្បាប់​តទៅទៀត​ហើយ​បើ​មិន​ដូច្នោះ​ទេ​មច្ឆា​ជាតិ​និង​រលាយ​សាបសូន្យ​នៅពេល​ខាងមុខនេះ​។


សូម​រំលឹក​ផង​ដែរ​ថា បទល្មើស​នេសាទ​កើតមាន​ច្រើន​ជាងគេ​បំផុត​នៅក្នុង​ខេត្តសៀមរាប​នោះ​គឺ​បន្ទាប់​ពី​មានការ​គ្រប់គ្រង​ផ្ទាល់​របស់​លោក​ព្រិន្ទ សា​វិន បាន​ឡើងជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​កន្លង​មក​នេះ ដែល​បណ្តែតបណ្តោយ​ឲ្យ​កូន​ចៅ​ក្រោម​ឱវាទ​មួយចំនួន​ទៅ​ឃុបឃិត​ជាមួយ​បទ​ល្មើ​ស ជា​ថ្នូរ​និង​ការ​មិន​ចុះ​បង្ក្រាប។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​គេ​សង្ឃឹមថា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​លោក​អភិបាលខេត្ត​សៀមរាប មេត្តា​ចុះ​ត្រួត​ពិនិត្យមើល​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ភារកិច្ច​ការពារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប​ផង​ ដើម្បី​ឲ្យ​ផល​ត្រី​កើនឡើង​សមស្រប​ទៅ នឹង​តម្រូវការ​ហូបចុក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ដុះ ក្អែល​កូនចៅ​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​ផង ព្រោះ​ទំនងជា​កំពុង​ក្រាប​ពង​ហើយ៕


Nita-1-A-33-Full Nita-1-A-34-Full


 



សង្ស័យ​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀស​ បើកភ្លើង​ខៀវ​ឲ្យ​បទល្មើស​កើតឡើង​

Post a Comment

0 Comments

Close Menu