បន្ទាយមានជ័យ ៖ គ្រឿងញៀនជាង២០០គ្រាប់ និងមនុស្ស២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកមេបញ្ជាការរង ស ប៊ុនសឿង ឃាត់ និងដកហូតបានកាលពីយប់ម៉ោង១១និង១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ លើ២គោលដៅផ្សេងគ្នា ក្នុងសង្កាត់កំពង់ស្វាយនិងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តក្នុងការដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាចែកចាយគ្រឿង ជាលទ្ធផលបានតាមដេញប្រផាប់ចាប់ប្រភីងពីកន្លែងមួយទៅកន្លែងមួយរហូតបានជនសង្ស័យម្នាក់ឈ្មោះ ប៊ុន សីណាត ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល (ធ្លាប់ជាប់គុក៣ដងមកហើយ)បានគ្រឿងញៀន១កញ្ចប់មាន២៥២គ្រាប់ និងគ្រឿងញៀនប្រភេទទឹកកក១ថង់ស្មើ១,៥១ក្រាម ដែលជនសង្ស័យបានចោលក្បែរខ្លួន។ បន្ទាប់មកភ្លាមៗនោះដែរ បានចាប់ជនសង្ស័យម្នាក់ទៀតឈ្មោះ រិន តៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរអំបិល ដែលបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនមួយថង់តូចពីរ៉ារថភ្លើងរហូតដល់ចំណុចផ្លូវសៀមរាប។
លោកបានបន្តទៀតថា ក្រោយការឃាត់ខ្លួនដែលរួមទាំងម៉ូតូមួយគ្រឿងផង យកមកសួរនាំនៅទីបញ្ជាការ ដោយជនសង្ស័យមិនឆ្លើយសារភាពយ៉ាងណាក៏ដោយ គ្រាន់តែសារភាពថាពួកគេគ្រាន់តែជាអ្នកប្រើប្រាស់ តែមិនសារភាពថាគ្រឿងញៀនទាំងនោះជារបស់ខ្លួនទេ។ ហើយការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥៕
អាវុធហត្ថបន្ទាយមានជ័យបង្ហាញមុខសញ្ញាចែកចាយគ្រឿងញៀនជាង២០០គ្រាប់
0 Comments