ភ្នំពេញ ៖ នាវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយអភិបាលរងខណ្ឌចំនួន២រូប គឺលោក តិមា សោភា និងលោក ប្រាជ្ញ សីហា សហការជាមួយកម្លាំងនគរបាលខណ្ឌ និងអាវុធហត្ថខណ្ឌឆ្មក់ចូលបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែធំៗ២កន្លែង នៅផ្សារចម្ការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានស្ត្រី២នាក់ រួមជាមួយវត្ថុតាងសម្រាប់កត់ជាច្រើនផងដែរ។
មន្ត្រីអាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា មុនពេលចុះបង្ក្រាបទីតាំងកត់កន្ទុយលេខទាំង២កន្លែងខាងលើនេះ ដោយសារមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលនៅផ្សារចម្ការដូងថា រាល់ថ្ងៃនេះមានទីតាំងកត់កន្ទុយលេខ២កន្លែងកំពុងបើកអាជីវកម្មយ៉ាងចំហ ដោយមិនខ្លាចញញើត អាជ្ញាធរ និងសមត្ថកិច្ចបន្តិចណាឡើយ។ ដោយមួយថ្ងៃៗមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករផ្សារចម្ការដូងសម្រុកចូលចាក់ដង្ហែគ្នា ដូចជាឈរដំរង់ចាំទទួលអំណោយអញ្ចឹង ដោយក្នុងមួយថ្ងៃៗ អាចកត់បានលុយមិនក្រោមពី២ ទៅ៣លានរៀលនោះទេ។
មន្ត្រីអាជ្ញាធរខណ្ឌដង្កោប្រាប់បន្តឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍បែបនេះ ភ្លាមៗនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានបញ្ជាឲ្យអភិបាលរងខណ្ឌចំនួនពីររូប ចុះបង្ក្រាបទីតាំងខាងលើនេះតែម្ដង ក្នុងនោះឃាត់បានស្ត្រីចំនួន២នាក់ ដែលទី១-ឈ្មោះ ឌឿក រត្ន័ អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នកកត់កន្ទុយលេខនៅផ្សារចម្ការដូង រស់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២-ឈ្មោះ សម្ភស្ស អាយុ១៥ឆ្នាំ មានមុខរបរជាអ្នកកត់កន្ទុយលេខ ស្នាក់នៅជាមួយគ្នា និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នស្ត្រីទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែ២កន្លែងក្នុងផ្សារចម្ការដូង
0 Comments