Ad Code

លោក សួន សេរី​រដ្ឋា ប្រកាស​ចូល​មក​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​០១​ខែតុលា​ខាងមុខ​

ភ្នំពេញ ៖ ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ព្រមទាំង​លោកស្រី លី​ណា តាន់ អនុប្រធាន និង​លោក​បណ្ឌិត Preston C. Oppenheimer ទីប្រឹក្សានយោបាយ នឹង​ដឹកនាំ​សមាជិក​ប្រតិភូ​គណបក្ស​ចំនួន​១៧ រូប មកពី​សហរដ្ឋអាមេរិក កាណាដា និង​សហគមន៍ អឺរ៉ុប នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ជា​លើកដំបូង បន្ទាប់ពី​ចាកចេញ​អស់​រយៈពេល​៨ ឆ្នាំ និង​៩ ខែ។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​អំណាច​ខ្មែរ​ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​កាល​ពី​វេលា​ម៉ោង​៦និង​១០ នាទី​ល្ងាច​ថា  ប្រតិភូ​ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ នឹង​មកដល់​ប្រទេស​ខ្មែរ តាម​ជើង​យន្តហោះ​បាងកក​អ៊ែរ​វ៉េ លេខ PG 931 ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥។


តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលានយន្តហោះ​នា​ពេល​នោះ​រួមមាន ព្រះសង្ឃ​ចំនួន​៣០ អង្គ សូត្រ​ជយន្តោ​ជូន​ប្រតិភូ​ថ្នាក់ដឹកនាំ​ហើយ​មាន​មន្ត្រី តំណាង​ខេត្ត រដ្ឋធានី និង​សមាជិក​អ្នកគាំទ្រ​គណបក្ស​ចំនួន​១០០០ នាក់​រង់ចាំ​ទទួល​។ លោក សួន សេរី​រដ្ឋា នឹង​ផ្តល់​បទសម្ភាសន៍​ខ្លី​ជូន​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ រួច​បន្តដំណើរ​ទៅកាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស ដើម្បី​បើក​សម្ពោធ​ស្នាក់​ការ​បក្ស​ជា​ផ្លូវការ និង​ថ្លែងការណ៍​នយោបាយ​លើកដំបូង​ទៅកាន់​ក្រុម​អ្នកគាំទ្រ។


ដោយឡែក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥  ពេលព្រឹក​ម៉ោង​៩ ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ក្រោម​ប្រធានបទ “​ទិសដៅ​នៃ​ការបង្កើត​សម្ព័ន្ធ​គណបក្ស​នយោបាយ​ដែល​គ្មាន​សំឡេង​ក្នុង​សភា​ដើម្បី​ធ្វើការ​តស៊ូ​នយោបាយ​រួម និង​យុទ្ធសាស្ត្រ​នយោបាយ​គោលនយោបាយ​ទាំង​៣​ជំហាន​” របស់​គណបក្ស​អំណាច​ខ្មែរ ហើយ​ពេល​រសៀល​ចេញដំណើរ​ទៅ​ជួបជុំ​អ្នកគាំទ្រ និង​ធ្វើបុណ្យ​នៅ​ស្រុក​គី​រី​វង្ស ខេត្តតាកែវ ដែល​ជា​ស្រុកកំណើត​របស់​លោក​ស្រី អនុប្រធាន លី​ណា តាន់។


នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៧ ព្រឹក​រហូតដល់​ម៉ោង​៥ លោក សួន សេរី​រដ្ឋា និង​លោក​បណ្ឌិត Dr. Preston C. Oppenheimer ជួប​ជាមួយនឹង​ព្រះសង្ឃ យុវជន សិស្ស និង​និស្សិត​នៅ​សណ្ឋាគារ​សាន់វ៉េ ក្រុងភ្នំពេញ ដើម្បី​បើក “​វេទិកា​បណ្តុះបណ្តាល ភាពជា​អ្នកនយោបាយ​” ដែល​វេទិកា​នោះ នឹង​ផ្តល់​ឲ្យ​អ្នកចូលរួម​ទាំងអស់​អា​ច​ចោទសួរ​នូវ​សំណួរ​នយោបាយ​ទូទៅ​ដោយ​សេរី​និង​ចំហ។


នៅ​ថ្ងៃ​ទី​០៤​និង​ទី​០៥ ខែតុលា ឆ្នាំ​២០១៥ លោក​សួន សេរី​រដ្ឋា ថ្នាក់ដឹកនាំ​និង​មន្ត្រី​អមដំណើរ​ធ្វើ​បិណ្ឌ កាន់​បុណ្យ​ភ្ជុំ​វេន​ទី​៧ នៅ​វត្ត​ខ្នាចរមាស ឃុំ​ខ្នា​សរ​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​ជា​ស្រុកកំណើត​របស់​លោក​ប្រធាន សួន សេរី​រដ្ឋា​៕



លោក សួន សេរី​រដ្ឋា ប្រកាស​ចូល​មក​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​០១​ខែតុលា​ខាងមុខ​

Post a Comment

0 Comments

Close Menu